ថ្ងៃអង្គារ៍ ទី០១ ខែមេសា ឆ្នាំ២០២៥

ឆ្នាំ២០២៥នេះ ប្រាក់រៀលខ្មែរមានសន្ទុះងើបឡើងវិញ បើធៀបទៅនឹងប្រាក់ដុល្លារ

២៨ មីនា ២០២៥ | សេដ្ឋកិច្ច

 

 

ក្នុងកិច្ចពិភាក្សាជាមួយអ្នកសារព័ត៌មាន និងអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុស្តីអំពី «ការចូលរួមផ្សព្វផ្សាយចំណេះដឹង ហិរញ្ញវត្ថុ និងប្រើប្រាស់ឥណទានប្រកបដោយការទទួលខុសត្រូវ» ដែលរៀបចំដោយ CBC និងក្លឹបអ្នកកាសែតកម្ពុជា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ លោក រ័ត្ន សោភ័ណ ប្រធានក្រុមប្រឹក្សាភិបាលសមាគមធនាគារនៅកម្ពុជា បានលើកឡើងថា ការហក់ឡើងតម្លៃប្រាក់រៀលខ្មែរ ដោយសារតែមានតម្រូវការច្រើន ខណៈក្រុមហ៊ុនជាច្រើនត្រូវការប្រាក់រៀលដើម្បីបង់ពន្ធលើប្រាក់ចំណេញ និងកត្តាមួយទៀត ជិតចូលឆ្នាំថ្មី តម្រូវការប្រើប្រាស់ប្រាក់រៀលមានការកើនខ្ពស់ និងការមកដល់នូវរដូវការប្រមូលផល កសិកម្មរបស់កសិករផងដែរ។

 


បន្ថែមពីនេះ លោក រ័ត្ន សោភ័ណ បានលើឡើងថា អត្រាប្តូរប្រាក់រៀលនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺមានស្ថិរភាពក្នុងអត្រាត្រឹម ៤០០០រៀល បើធៀបទៅនឹងប្រាក់ដុល្លារ ហើយការប្រែប្រួលអត្រាប្រាក់រៀលនៅពេលនេះ មិនបានបង្កជាផលប៉ះពាល់អ្វីឡើយ តែផ្ទុយទៅវិញបើប្រាក់ដុល្លារឡើងថ្លៃប្រាកដណាស់ និងមានផលវិជ្ជមាន ក៏ដោយសារតែជិត ៩០% នៃការចរាចរណ៍សេដ្ឋកិច្ច ប្រទេសកម្ពុជាប្រើប្រាស់លុយដុល្លារ។ លើសពីនេះ នៅពេលលុយដុល្លារកើនតម្លៃ និងរុញឲ្យទំនិញនាំចេញឡើងថ្លៃ ហើយ ទេសចរមកលេងក៏រងនូវផលប៉ះពាល់ ដោយសារការចំណាយច្រើនជាងមុនផងដែរ។ 

 


ទន្ទឹមនឹងនេះ ការវិលត្រឡប់ទៅរកអត្រាប្តូរប្រាក់មុនជំងឺកូវីដ-១៩ គឺជាសូចនាករវិជ្ជមានសម្រាប់សេដ្ឋកិច្ចកម្ពុជា ដោយសារប្រាក់រៀលកាន់តែរឹងមាំជួយកាត់បន្ថយថ្លៃដើមនៃការនាំចូល និងធ្វើឱ្យអតិផរណាមានស្ថិរភាព។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុននាំចេញមួយចំនួន និងអាជីវកម្មដែលពឹងផ្អែកលើប្រាក់ដុល្លារ អាចប្រឈមមុខ នឹងបញ្ហាបន្តិចបន្តួចដោយសារតែការឡើងថ្លៃរបស់រូបិយប័ណ្ណរៀលនេះ។

 


ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា បាននិងកំពុងជំរុញយ៉ាងសកម្មលើការប្រើប្រាស់ប្រាក់រៀល ដើម្បីបង្កើនស្ថិរភាពហិរញ្ញវត្ថុ និងកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក។ និន្នាការអត្រាប្តូរប្រាក់នេះ បានបង្ហាញថា កិច្ចខិតខំប្រឹងប្រែងរួមជាមួយ នឹងការស្តារសេដ្ឋកិច្ចកាន់តែល្អប្រសើរ កំពុងរួមចំណែកដល់រូបិយប័ណ្ណក្នុងស្រុកកាន់តែរឹងមាំ។

 


សូមជម្រាបថា ការរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិក ជាចម្បងអាស្រ័យ ដោយការអនុវត្តនយោបាយរូបិយវត្ថុប្រកបដោយភាពប្រុងប្រយ័ត្ន តាមរយៈការគ្រប់គ្រង ចរាចរណ៍ប្រាក់រៀលសមស្រប និងការធ្វើអន្តរាគមន៍លក់ប្រាក់ដុល្លារអាមេរិកនៅលើទីផ្សារ ប្តូរប្រាក់តាមការចាំបាច់៕
 

 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ អុិន អាត

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025