ថ្ងៃពុធ ទី០២ ខែមេសា ឆ្នាំ២០២៥

អ្នកជំនាញជឿជាក់ថា វិស័យភស្តុភារកម្ម និងដឹកជញ្ជូននៅកម្ពុជា មិនរងផលប៉ះពាល់ធ្ងន់ធ្ងរពីគោលនយោបាយពន្ធរបស់អាមេរិក

២៨ មីនា ២០២៥ | សេដ្ឋកិច្ច

 

អ្នកជំនាញនៅក្នុងវិស័យភស្តុភារកម្ម និងដឹកជញ្ជូន ជឿជាក់ថា វិស័យមួយនេះ មិនទាន់រងផលប៉ះពាល់ធ្ងន់ធ្ងរណាមួយពី គោលនយោបាយដំឡើងពន្ធរបស់សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ នៅឡើយទេ។

 

 

លោកឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន ឡាញហល អេចប្រេស ខេមបូឌា បានបញ្ជាក់ប្រាប់ ក្រុមការងារសេដ្ឋកិច្ចភីអិនអិន ឱ្យបានដឹងថា គិតមកទល់ពេលនេះ គោលនយោបាយដំឡើងពន្ធរបស់សហរដ្ឋអាមេរិក មិនទាន់មានផលប៉ះពាល់ធ្ងន់ធ្ងរណាមួយ មកដល់កម្ពុជានោះឡើយ ខណៈ រយៈពេល ២ខែដើមឆ្នាំនេះ ការដឹកជញ្ជូនទំនិញទៅកាន់ អាមេរិក មានការកើនឡើងប្រមាណ ២៥%។

 

 

ទន្ទឹមគ្នានេះ លោកឧកញ៉ាបណ្ឌិត បន្ថែមថា ទាក់ទងនឹង សកម្មភាពនៅក្នុង វិស័យភស្តុភារកម្ម និងដឹកជញ្ជូន សម្រាប់ឆ្នាំ ២០២៥នេះ គឺពុំមានសញ្ញាបង្ហាញពីការធ្លាក់ចុះសោះឡើយ ដោយសារតែពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា នៅតែបន្តកើនឡើង ហើយអ្នកទិញទំនិញ ក៏បានបញ្ជាទិញទំនិញតាំងពីឆ្នាំមុនមកម្ល៉េះ សម្រាប់ប្រើប្រាស់ជាវត្ថុធាតុដើម នៅក្នុងឆ្នាំ ២០២៥នេះ។

 

 

សូមជម្រាបថា ក្នុងរយៈពេល ២ខែ ដើមឆ្នាំ ២០២៥នេះ ប្រទេសកម្ពុជា សម្រេចបាននូវទំហំពាណិជ្ជកម្មជិត ១០ពាន់លានដុល្លារអាមេរិក មានការកើនឡើង ១៦% បើប្រៀបធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានគូសបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេល ២ខែ កម្ពុជា សម្រេចបានការនាំចេញជាង ៤ពាន់ ៤រយលានដុល្លារអាមេរិក ដែលកើនឡើង ១២% ខណៈនៅពេលដូចគ្នា ឆ្នាំ ២០២៤ កម្ពុជា នាំចេញទៅកាន់ទីផ្សារអន្តរជាតិជិត ៤ពាន់លានដុល្លារអាមេរិក៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025