ថ្ងៃអង្គារ៍ ទី០១ ខែមេសា ឆ្នាំ២០២៥

ចិន ជាអ្នកវិនិយោគធំជាងគេនៅកម្ពុជា ក្នុងរយៈពេល ២ខែដំបូង

២៦ មីនា ២០២៥ | សេដ្ឋកិច្ច

 

ក្នុងរយៈពេល ២ខែ ដើមឆ្នាំ ២០២៥នេះ កម្ពុជា ទាក់ទាញរំហូរទុនវិនិយោគប្រមាណ ១ពាន់លានដុល្លារអាមេរិក ដោយចិន កាន់កាប់ចំណែកវិនិយោគប្រមាណ ៨០% នៃទុនវិនិយោគសរុប។

 

 

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានគូសរំលេចថា ស្ថានភាពវិនិយោគនៅកម្ពុជា ដែលមានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសប្រភពទុនវិនិយោគមកពី ប្រទេសចិន បានឈរនៅលំដាប់លេខរៀងទី១ ឬទី២ ជាបន្តបន្ទាប់ក្នុងរយៈពេលជាង១ទសវត្សរ៍ចុងក្រោយ។

 


ជាក់ស្តែង ក្នុងរយៈពេល ២ខែ ដើមឆ្នាំ ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ១១២ ក្នុងទុនវិនិយោគប្រមាណជាង ១ពាន់លានដុល្លារអាម៉េរិក ហើយការវិនិយោគមកពីប្រទេសចិនបានរួមចំណែកដល់ទៅប្រមាណជិត ៨០% នៃទុនវិនិយោគសរុប។

 


ឯកឧត្តម ជា វុទ្ធី ក៏បានលើកឡើងពី ចំណងមិត្តភាពដ៏ជិតស្និទ្ធ និងយូរអង្វែងរវាងកម្ពុជា និងចិន ដោយរដ្ឋាភិបាលចិន តែងតែជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេស ឯកឧត្តមអគ្គលេខាធិការ បានថ្លែងអំណរគុណដល់ ខេត្តជាំងស៊ូ ដែលតែងតែជំរុញវិនិយោគិននៅក្នុងខេត្ត មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

 


ពិតណាស់ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាសក្ខីភាពមួយ ដែលបច្ចុប្បន្នមានក្រុមហ៊ុនវិនិយោគរហូតដល់ទៅប្រមាណជិត ២០០ ហើយក៏មានការបណ្តាក់ទុនវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយទៀត ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដែលជាប្រភពទុនវិនិយោគមកពី ខេត្តជាំងស៊ូ ផងដែរ។គួររម្លឹកថា ក្នុងឆ្នាំ ២០២៤កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទាក់ទាញគម្រោងវិនិយោគសរុបប្រមាណ ៤១៤គម្រោង គិតជាទឹកប្រាក់ជាង ៦,៩ពាន់លានដុល្លារអាមេរិក ដោយវិស័យឧស្សាហកម្ម ជាវិស័យលេចធ្លោជាងគេក្នុងការស្រូបទាញវិនិយោគក្នុងឆ្នាំ ២០២៤៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025