ថ្ងៃអង្គារ៍ ទី០១ ខែមេសា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី០១ ខែមេសា ឆ្នាំ២០២៥
ក្រុមហ៊ុន Hyundai Motor Group របស់កូរ៉េខាងត្បូង នឹងបង្កើនការវិនិយោគប្រមាណ ២១ពាន់លានដុល្លារអាម៉េរិក នៅសហរដ្ឋអាមេរិក ដោយរួមមានការបង្កើតរោងចក្រផលិតដែក និងបន្ថែមការវិនិយោគលើរោងចក្រផលិតរថយន្តដែលមានស្រាប់។
ការវិនិយោគរបស់ក្រុមហ៊ុន Hyundai រួមមានរោងចក្រផលិតដែក Hyundai Steel ថ្មីតម្លៃ ៥ពាន់ ៨រយលានដុល្លារអាម៉េរិក នៅរដ្ឋ Louisiana ដែលនឹងផលិតដែកថែបបានជាង ២លាន ៧សែនតោនក្នុងមួយឆ្នាំ បង្កើតការងារជាង ១៤០០កន្លែង។រោងចក្រដែកថែបនេះ ត្រូវបានគេរំពឹងថា នឹងផ្គត់ផ្គង់ដែក ដល់រោងចក្រផលិតរថយន្ត នៅរដ្ឋអាឡាបាម៉ា និងហ្សកហ្ស៊ី។
ក្នុងចំណោមទឹកប្រាក់វិនិយោគសរុប ក្រុមហ៊ុន Hyundai ក៏មានគម្រោងវិនិយោគ ៩ពាន់លានដុល្លារនៅឆ្នាំ ២០២៨ ដើម្បីបង្កើនសមត្ថភាពផលិតកម្មរថយន្ត របស់សហរដ្ឋអាមេរិកដល់ ១លាន ២សែនគ្រឿងនៅក្នុងសហរដ្ឋអាមេរិក និងវិនិយោគ ៦ពាន់លានដុល្លារ ដើម្បីពង្រីកភាពជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុនអាមេរិក ក្នុងការបើកបរដោយស្វ័យប្រវត្តិ វិនិយោគលើមនុស្សយន្ត បញ្ញាសិប្បនិម្មិត និងយាន្តហោះហើរតាមអាកាសកម្រិតខ្ពស់។
លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានបញ្ជាក់ថា ការវិនិយោគនេះ គឺជាការបង្ហាញយ៉ាងច្បាស់ថា គំនាបពន្ធគយ គឺដំណើរការយ៉ាងខ្លាំង ដោយបន្ថែមថាពន្ធបន្ថែមលើរថយន្ត ទំនងជាត្រូវបានប្រកាសនៅសប្តាហ៍នេះ។សូមជម្រាបថា ក្រុមហ៊ុនផលិតរថយន្តជាច្រើន បាននិងកំពុងបញ្ចុះបញ្ចូលយ៉ាងខ្លាំងដល់សេតវិមានអាមេរិក មិនឱ្យដាក់ពន្ធថ្មីដ៏ធំលើរថយន្ត និងគ្រឿងបន្លាស់ដែលនាំចូល៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ