ថ្ងៃអង្គារ៍ ទី០១ ខែមេសា ឆ្នាំ២០២៥

ក្រសួងពាណិជ្ជកម្មចិន ទាក់ទាញក្រុមហ៊ុន Apple ឱ្យចូលមកវិនិយោគបន្ថេម

២៦ មីនា ២០២៥ | សេដ្ឋកិច្ច

 

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បានប្រាប់ដល់ នាយកប្រតិបត្តិក្រុមហ៊ុន Apple ថាចិន ស្វាគមន៍ក្រុមហ៊ុន Apple ជានិច្ច ក្នុងការពង្រីកការវិនិយោគនៅក្នុងប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗ នៅថ្ងៃនេះ។ លោក Wang Wentao រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់ប្រទេសចិន បានប្រកាសស្វាគមន៍ក្រុមហ៊ុន Apple ក្នុងការពង្រីកការវិនិយោគនៅក្នុងប្រទេសចិន។

 


ជាក់ស្តែង រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន និងលោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple បានផ្លាស់ប្តូរទស្សនៈលើប្រធានបទដូចជា ការអភិវឌ្ឍន៍អាជីវកម្មរបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិន និងទំនាក់ទំនងប្រទេសចិន-សហរដ្ឋអាមេរិកជាដើម។លើសពីនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន ក៏បានបើកកិច្ចប្រជុំដាច់ដោយឡែក ជាមួយនាយកប្រតិបត្តិនៃក្រុមហ៊ុនអន្តរជាតិធំៗចំនួន ៣ នៅទីក្រុងប៉េកាំង ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការអាជីវកម្មនៅក្នុងឧស្សាហកម្មសំខាន់ៗ។

 


លោក Wang បានជួបជាមួយនាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុនផ្នែកឱសថ Eli Lilly, ក្រុមហ៊ុនគ្រឿងអេឡិចត្រូនិក Broadcom និងក្រុមហ៊ុនរថយន្ត Mercedes-Benz របស់អាល្លឺម៉ង់ ដែលតំណាងឱ្យវិស័យយុទ្ធសាស្ត្រចំនួន ៣ ដែលប្រទេសចិនបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីឈានទៅមុខ ពោលគឺ ឱសថ គ្រឿងអេឡិចត្រូនិក និងរថយន្ត។

 


លោក Wang បាននិយាយថា ប្រទេសចិនកំពុងពន្លឿនការអភិវឌ្ឍន៍នៃកម្លាំងផលិតភាព ប្រកបដោយគុណភាពថ្មី ជំរុញយ៉ាងសកម្មការរួមបញ្ចូលយ៉ាងស៊ីជម្រៅនៃអ៊ីនធឺណិត ទិន្នន័យធំ បញ្ញាសិប្បនិម្មិត និងសេដ្ឋកិច្ចពិតប្រាកដ ជំរុញគំនិតផ្តួចផ្តើម "AI Plus" និងជំរុញកំណើននៃឧស្សាហកម្មឆ្លាតវៃ។គួរជម្រាបថា នៅចំពោះមុខទិដ្ឋភាពអន្តរជាតិដ៏ស្មុគស្មាញ និងប្រឈមមុខ ប្រទេសចិន នៅតែប្រកាន់ខ្ជាប់នូវ ការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការពង្រីកការបើកចំហររបស់ខ្លួនទៅកាន់ពិភពលោក៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025