ថ្ងៃអង្គារ៍ ទី០១ ខែមេសា ឆ្នាំ២០២៥

សមាគមធនាគារ បញ្ជាក់ពីស្ថានភាពបំណុលនៅកម្ពុជា គិតត្រឹមដំណាច់ឆ្នាំ ២០២៤

២៥ មីនា ២០២៥ | សេដ្ឋកិច្ច

 

អ្នកនាំពាក្យសមាគមធនាគារនៅកម្ពុជា បានចេញមកពន្យល់ជុំវិញ ស្ថានភាពបំណុលក្នុងប្រព័ន្ធធនាគារនៅកម្ពុជានេះ បន្ទាប់ពីមានការចាប់អារម្មណ៍ខ្លាំងលើ របាយការណ៍របស់ការិយាល័យព័ត៌មានឥណទាន (CBC)។ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីការិយាល័យព័ត៌មានឥណទាន (CBC) ចេញផ្សាយរបាយការណ៍របស់ខ្លួន ជុំវិញទំហំឥណទានក្នុងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានជិត ៦០ពាន់លានដុល្លារ បង្កើតឱ្យមានការចាប់អារម្មណ៍ ដែលមតិខ្លះថាទំហំឥណទាននេះ ឡើងហួសទំហំសេដ្ឋកិច្ចកម្ពុជា ដែលអាចបង្កើតនូវ ហានិភ័យជាយថាហេតុ។

 


លោក សុខ ចាន់ អ្នកនាំពាក្យសមាគមធនាគារនៅកម្ពុជា បានពន្យល់ថា ជាការពិតណាស់ ដូចទិន្នន័យដែលបានលើកឡើងទំហំឥណទាន ឬកម្ចីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលទទួលអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា មានប្រមាណជិត ៦០ពាន់លានដុល្លារ គិតត្រឹមដំណាច់ឆ្នាំ២០២៤កន្លងទៅនេះ។

 


បើតាមទិន្នន័យពីធនាគារជាតិនៃកម្ពុជា យើងកត់សម្គាល់ឃើញថា ឥណទានក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ កើនឡើងក្នុងល្បឿនយឺតប្រមាណជា ៣%ប៉ុណ្ណោះ ធៀបនឹងឆ្នាំ ២០២៣ កំណើនមានប្រមាណ ៥% ក្នុងនោះអតិថិជនប្រើប្រាស់សេវាឥណទាននេះ មានប្រមាណជាង ៤លានគណនី ឬប្រមាណជា ៥លាននាក់។

 


លោកបន្តថា ការថមថយនេះ គឺដោយសារកត្តាតម្រូវការ និងផ្គត់ផ្គង់។ ចំពោះកត្តាតម្រូវការ គឺដោយសារការងើបឡើងយឺតនៃ វិស័យមួយចំនួនដូចជា វិស័យសំណង់និងអចលនទ្រព្យ ទេសចរណ៍ និងលក់ដុំនិងរាយ ដែលនាំឱ្យអតិថិជនកាត់បន្ថយការខ្ចី ហើយចំពោះកត្តាផ្គត់ផ្គង់ គឺដោយសារគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បង្កើនការប្រុងប្រយ័ត្នក្នុងការផ្តល់ឥណទាន ក្នុងស្ថានភាពដែលសេដ្ឋកិច្ចតំបន់ និងពិភពលោកមានភាពមិនប្រាកដប្រជាខ្ពស់។

 


យ៉ាងណាមិញ បើយើងក្រឡេកមើលមួយជ្រុងទៀត ប្រាក់បញ្ញើបានបន្តកើនឡើងល្អ ដោយមានអត្រាកំណើន ១៦% ជាមួយនឹងស្ថានភាពរឹងមាំនៃដើមទុន និងលទ្ធភាពបញ្ចេញសាច់ប្រាក់មានកម្រិតខ្ពស់ ដែលបង្ហាញថា ប្រព័ន្ធធនាគារមានភាពធន់ ជាមួយនឹងជំនឿទុកចិត្តរឹងមាំ។ក្នុងគិតត្រឹមដំណាច់ឆ្នាំ២០២៤ បញ្ញើអតិថិជនក្នុងប្រព័ន្ធធនាគារ មានរហូតដល់ ៥៧ពាន់លានដុល្លារ ។

 


ជាចុងក្រោយ សមាគមធនាគារនៅកម្ពុជា ក៏បានបញ្ជាក់ដែរថា បំណុល ឬឥណទាន មិនមែនសុទ្ធតែអាក្រក់នោះទេ ហើយឥណទាននៅកម្ពុជាត្រូវបានបញ្ចេញជូនអតិថិជនក្នុងវិស័យផ្សេងៗគ្នា (ពិពិធកម្ម) ដូចជា ការជួញដូររាយ ទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន ការជួញដូរអចលនទ្រព ការខ្ចីជាបុគ្គល សំណង់ កសិកកម្មរុក្ខាប្រមាញ់និងនេសាទ ការជូញដូរដុំ កម្មន្តសាល សណ្ឋាគារនិងភោជនីយដ្ឋាន និងផ្សេងៗ៕


 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025