ថ្ងៃអង្គារ៍ ទី០១ ខែមេសា ឆ្នាំ២០២៥

ផែនការប្រតិបត្តិស្តីពី យន្តការជំរុញការចុះបញ្ជីក្នុងប្រព័ន្ធសន្តិសុខសង្គម ប្រកាសដាក់ឱ្យដំណើការដើម្បីគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅថ្ងៃនេះ 

២៥ មីនា ២០២៥ | សេដ្ឋកិច្ច

 

ក្រុមប្រឹក្សាជាតិគាំពារសង្គម ប្រកាសដាក់ឱ្យប្រើប្រាស់ផែនការប្រតិបត្តិ ស្តីពីយន្តការជំរុញការចុះបញ្ជីក្នុងប្រព័ន្ធសន្តិសុខសង្គម ដើម្បីគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ 

 

 

ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផែនការប្រតិបត្តិស្តីពីយន្តការជំរុញការចុះបញ្ជី ក្នុងប្រព័ន្ធសន្តិសុខសង្គម ឆ្នាំ២០២៤-២០២៦ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួល ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានមានប្រសាសន៍ថា ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រព័ន្ធគាំពារសង្គម គឺជាមូលដ្ឋាន គ្រឹះដ៏រឹងមាំដែលមានភាពប្រទាក់ក្រឡា និងបំពេញគ្នាទៅវិញទៅមកក្នុងការចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ និងសុខុមាលភាពពលរដ្ឋគ្រប់រូប។

 


ក្នុងឱកាសនោះ ឯកឧត្តម ហែម វណ្ណឌី បានបន្ថែមថាការចុះបញ្ជីក្នុងប្រព័ន្ធសន្ដិសុខសង្គម គឺជាយន្តការដ៏សំខាន់ ក្នុងការគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសការគិតគូរអំពីលទ្ធភាព របស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលបានចុះឈ្មោះ លើថ្នាលឌីជីថល ក្នុងការចុះបញ្ជី និងបង់ភាគទានឱ្យបេឡាជាតិសន្ដិសុខសង្គម។

 


បន្ថែមពីលើនេះ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើនការយកចិត្តទុកដាក់លើការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីពង្រឹងសមត្ថភាព ភាពធន់ និងការប្រកួតប្រជែងលើទីផ្សារ ជាពិសេសចំពោះសុខុមាលភាព ភាពធន់នឹងវិបត្តិ និងយន្តការគាំទ្រដល់បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

 


ទន្ទឹមនឹងនេះ ផែនការប្រតិបត្តិស្តីពី យន្តការជំរុញការចុះបញ្ជីក្នុងប្រព័ន្ធសន្តិសុខសង្គមនេះ ត្រូវបានរំពឹងថា នឹងក្លាយជាកាតាលីករចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញកម្មករ-និយោជិត និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យចុះបញ្ជីក្នុងប្រព័ន្ធសន្ដិសុខសង្គមឱ្យបានជាអតិបរមា ដើម្បីទទួលបានអត្ថប្រយោជន៍ពីរបបសន្ដិសុខសង្គម ជាពិសេសរបបថែទាំ សុខភាព ស្របតាមស្មារតី មិនបោះបង់ពលរដ្ឋណាម្នាក់ឡើយ។ 

 


សូមជម្រាបថា គិតត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥នេះ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទទួលបានសំណើចំនួន ៣ម៉ឺន ៦ពាន់ ក្នុងនោះ សំណើចុះឈ្មោះជាកម្មករ-និយោជិតមានចំនួនជិត ២ពាន់ សហគ្រាសធុនមីក្រូចំនួន ១ពាន់ ២រយ និងបុគ្គលស្វ័យនិយោជន៍មានចំនួន ៣ម៉ឺន ៣ពាន់ សំណើ៕

 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025