ថ្ងៃអង្គារ៍ ទី០១ ខែមេសា ឆ្នាំ២០២៥

ក្នុងខែកុម្ភៈ ថៃ សម្រេចការនាំចេញប្រមាណ ២៦ពាន់លានដុល្លារ 

២៥ មីនា ២០២៥ | សេដ្ឋកិច្ច

 

ប្រទេសថៃ បានសម្រេចការនាំចេញប្រមាណ ២៦ពាន់លានដុល្លារអាម៉េរិក ក្នុងខែកុម្ភៈ ឆ្នាំ ២០២៥នេះ កើនឡើង ១៤% រុញច្រានដោយតម្រូវការពីដៃគូពាណិជ្ជកម្ម និងការកើនឡើងវិញនៃ សកម្មភាពឧស្សាហកម្ម។ នេះបើយោងតាម សារព័ត៌មានក្នុងស្រុកថៃ ចេញផ្សាយនៅថ្ងៃនេះ។

 

 

ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា ការនាំចេញរបស់ថៃ បានកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេល ៨ខែចុងក្រោយ ខណៈការនាំចេញឈានដល់ ២៦ពាន់លានដុល្លារ ក្នុងខែកុម្ភៈ ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។អំឡុងពេលនេះ ការនាំចូលក៏កើនឡើង ៤% ដល់ ២៤ពាន់លានដុល្លារ ដែលបណ្តាលឱ្យមានអតិរេកពាណិជ្ជកម្មចំនួន ២ពាន់លានដុល្លារ។

 


ការនាំចេញ បានកើនឡើង ១៤% ក្នុងរយៈពេល ២ខែដំបូងនៃឆ្នាំនេះ ហើយទស្សនវិស័យសម្រាប់ខែមីនា នៅតែមានភាពវិជ្ជមាន ដែលជំរុញដោយការបង្កើនការវិនិយោគ និងការនាំចូលវត្ថុធាតុដើមសម្រាប់ផលិតកម្មនាំចេញ។

 


អគ្គនាយកនៃការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្ម បាននិយាយថា កំណើនការនាំចេញក្នុងខែកុម្ភៈ ត្រូវបានជំរុញដោយវិស័យកសិកម្ម និងកសិឧស្សាហកម្ម ដែលបានកើនឡើង ៤% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។

 


ទន្ទឹមនឹងនេះដែរ ការនាំចេញឧស្សាហកម្មបានកើនឡើង ១៧% ក្នុងខែកុម្ភៈ ដោយរួមមានរថយន្ត និងគ្រឿងបន្លាស់រថយន្ត កុំព្យូទ័រ ត្បូងនិងគ្រឿងអលង្ការ (មិនរាប់បញ្ចូលមាស) ផលិតផលកៅស៊ូជាដើម។

 


គួរជម្រាបថា ក្រសួងពាណិជ្ជកម្មថៃ បានព្យាករកំណើននៃការនាំចេញ យ៉ាងហោចណាស់ ១០% នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥នេះ ដែលត្រូវបានជំរុញដោយ ផលិតកម្មដ៏រឹងមាំ ការកើនឡើងនៃតម្រូវការអេឡិចត្រូនិក និងការបន្ធូរបន្ថយភាពតានតឹងភូមិសាស្ត្រនយោបាយ៕

 

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025