ថ្ងៃអង្គារ៍ ទី០១ ខែមេសា ឆ្នាំ២០២៥

ការនាំចេញបន្លែ ផ្លែឈើវៀតណាមទៅកាន់ចិន ធ្លាក់ចុះដល់ទៅ ៣៩% នៅ ២ខែដើមឆ្នាំនេះ

២៥ មីនា ២០២៥ | សេដ្ឋកិច្ច

 

វៀតណាម បាននាំចេញបន្លែ និងផ្លែឈើ ក្នុងទំហំទឹកប្រាក់សរុបប្រមាណ ៣០៦លានដុល្លារ ទៅកាន់ប្រទេសចិន ក្នុងរយៈពេល ២ខែដើមឆ្នាំ ២០២៥នេះ ដែលធ្លាក់ចុះដល់ទៅ ៣៩% ដោយសារប្រទេសចិន បានរឹតបន្តឹង លក្ខខណ្ឌសុវត្ថិភាព។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។

 

 

សមាគមផ្លែឈើ និងបន្លែវៀតណាម បានលើកឡើងថា នាឥឡូវនេះ ចិន ទាមទារឱ្យមានការធ្វើតេស្តរកសារធាតុគីមីដែលអាចបង្កមហារីក ដែលបណ្តាលឱ្យការដឹកជញ្ជូនទុរេនជាច្រើន ជាប់គាំងនៅត្រឹមគយចិន។

 


យ៉ាងណាមិញ ការនាំចេញទៅកាន់សហរដ្ឋអាមេរិក បានកើនឡើង ៦៦% ដល់ ៦៥លានដុល្លារ និងនាំចេញទៅកាន់ជប៉ុន កើន ២៣% ដល់ ៣៣លានដុល្លារ។
ទន្ទឹមគ្នានេះ វៀតណាម បាននាំចេញបន្លែ និងផ្លែឈើ ក្នុងទំហំទឹកប្រាក់សរុបប្រមាណ ៦៨៧លានដុល្លារ ក្នុងរយៈពេល ២ខែ ធ្លាក់ចុះ ១៥% ដោយសារការនាំចេញទុរេន ដែលជាផលិតផលសំខាន់ ធ្លាក់ចុះខ្លាំង នាពេលនេះ។

 


ដើម្បីស្តារការនាំចេញ ក្រសួងកសិកម្ម និងបរិស្ថានវៀតណាម កំពុងរឹតបន្តឹងការត្រួតពិនិត្យគុណភាព ដើម្បីធានាបាននូវ ការអនុលោមតាមតម្រូវការនាំចូលក្នុងទីផ្សារមួយចំនួន។


អាជ្ញាធរពាក់ព័ន្ធ កំពុងត្រួតពិនិត្យយ៉ាងតឹងរ៉ឹង ចេញការព្រមាន និងបង្ក្រាបបទល្មើសនានា ដើម្បីការពារកេរ្តិ៍ឈ្មោះផលិតផលកសិកម្មវៀតណាម។សូមជម្រាបថា ការនាំចេញផ្លែឈើ និងបន្លែរបស់វៀតណាម បានកើនឡើងដល់កំណត់ត្រា ៧ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ កើនឡើង ២៧% ធៀបនឹងឆ្នាំមុន៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025