ថ្ងៃអង្គារ៍ ទី០១ ខែមេសា ឆ្នាំ២០២៥

កម្ពុជា-ចិន និងយូនីសេហ្វ ដាក់ឱ្យអនុវត្តគម្រោងទឹកស្អាតនៅកម្ពុជា 

១៩ មីនា ២០២៥ | សេដ្ឋកិច្ច

 

គម្រោងសហប្រតិបត្តិការ ចិន-កម្ពុជា-យូនីសេហ្វ ត្រូវបានប្រកាសដាក់ឱ្យអនុវត្ត គម្រោងទឹកស្អាត ដើម្បីពង្រីកសេវាទឹកស្អាត និងអនាម័យនៅកម្ពុជា។  ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមជាមួយក្រសួងធនធានទឹក នៃសាធារណៈរដ្ឋប្រជាមានិតចិន និងអង្គការយូនីសេហ្វ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ បានប្រកាសដាក់ឱ្យអនុវត្ត គម្រោងទឹកស្អាត និងអនាម័យដែលមានភាពធន់ នឹងអាកាសធាតុនៅកម្ពុជា។

 


ក្នុងឱកាសនោះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ប្រទេសកម្ពុជាបានបោះជំហានទៅមុខ គួរឱ្យកត់សម្គាល់ ក្នុងការពង្រីកលទ្ធភាពទទួលបានសេវាទឹកស្អាត និងអនាម័យ ឆ្ពោះទៅការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ៦.១ និង ៦.២។

 

 

គោលដៅនេះត្រូវធានាថា មានទឹកបរិភោគដែលមានសុវត្ថិភាព និងតម្លៃសមរម្យ និងមានសេវាអនាម័យសម្រាប់ប្រជាជន ទាំងអស់ត្រឹមឆ្នាំ២០៣០ ដោយផ្តល់អាទិភាពដល់ស្ត្រី ក្មេងស្រី និងប្រជាពលរដ្ឋងាយរងគ្រោះ ខណៈគំនិតផ្តួចផ្តើមនេះ គឺជាការប្តេជ្ញាចិត្តរួមគ្នា ក្នុងការធានាថាសហគមន៍ដែលងាយរងគ្រោះបំផុត មានលទ្ធភាពទទួលបានសេវាទឹកស្អាត និងអនាម័យដែលមានសុវត្ថិភាព និងមានភាពធន់ នឹងអាកាសធាតុដោយកាត់បន្ថយការគំរាមកំហែងដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ។

 


ជាមួយគ្នានេះ ឯកឧត្តម Li Guoying រដ្ឋមន្ត្រីក្រសួងធនធានទឹក នៃសាធារណៈរដ្ឋប្រជាមានិតចិន បានលើកឡើងថា ប្រទេសចិន បានត្រៀមខ្លួនជាស្រេច ក្នុងការសហការជាមួយកម្ពុជា អង្គការយូនីសេហ្វ ប្រទេសផ្សេងៗ និងអង្គការអន្តរជាតិនានា ដើម្បីពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ក្នុងគោលនយោបាយអភិបាលកិច្ច ការចែករំលែកបទពិសោធន៍ និងបច្ចេកវិទ្យាគ្រប់គ្រងទឹក ប្រកបដោយចីរភាពនៅឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ និងកសាងសហគមន៍ ចិន-កម្ពុជា ជាមួយនឹងអនាគតរួមគ្នាក្នុងយុគសម័យថ្មី។ 

 


សូមជម្រាបថា ចិន-កម្ពុជា គម្រោងសហប្រតិបត្តិការនេះ មានគោលដៅនាំយកបច្ចេកវិទ្យាទំនើបថ្មីៗ គំរូអាជីវកម្មនិរន្តរភាព និងដំណោះស្រាយដែលមានប្រសិទ្ធភាពខ្ពស់ ដើម្បីពង្រឹងភាពធន់នៃសេវាទឹកស្អាត និងអនាម័យ ដោយលើកកម្ពស់សុខមាលភាពរបស់សហគមន៍ សាលារៀន និងមូលដ្ឋានសុខភិបាល នៅក្នុងតំបន់គោលដៅ ព្រមទាំងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន៕

 


 

 

 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025