ថ្ងៃអង្គារ៍ ទី០១ ខែមេសា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី០១ ខែមេសា ឆ្នាំ២០២៥
ប្រទេសចិន និងអាស៊ាន រក្សាបាននូវ ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ពួកគេកាន់តែរីកចម្រើនខ្លាំងឡើង ដោយអាស៊ាន នៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសចិន សម្រាប់រយៈពេល ៥ឆ្នាំជាប់ៗគ្នា។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានអន្តរជាតិ CCTV នៅថ្ងៃនេះ។
ទិន្នន័យផ្លូវការពី អគ្គនាយកដ្ឋានគយចិន បានបង្ហាញថា តម្លៃពាណិជ្ជកម្មរបស់ចិន ជាមួយបណ្តាប្រទេសអាស៊ានឈានដល់ ១៤៣ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល ២ខែដំបូងនៃឆ្នាំ ២០២៥ ដែលជាការកើនឡើង ៤% ហើយតួលេខនេះ ស្មើនឹង ១៥% នៃបរិមាណនាំចូល-នាំចេញសរុបរបស់ប្រទេសចិន ក្នុងអំឡុងពេលនោះ។ក្នុងរយៈពេល ២ខែដំបូង អត្រាកំណើននៃការនាំចូល និងនាំចេញរបស់ចិន ជាមួយបណ្តាប្រទេសអាស៊ានគឺ ៥% ខ្ពស់ជាងមធ្យមភាគ ហើយបានកើនឡើង ១២ខែជាប់ៗគ្នា។
ចំណុចសំខាន់នៃពាណិជ្ជកម្មចិន-អាស៊ាន គឺការអនុវត្តន៍ដ៏រឹងមាំនៃតំបន់ក្វាងស៊ី នៅភាគខាងត្បូងប្រទេសចិន ដែលជាព្រំដែននៃការបើកទ្វាររបស់ប្រទេសចិន ទៅកាន់បណ្តាប្រទេសអាស៊ាន។
ចាប់ពីខែមករាដល់ខែកុម្ភៈ ខេត្តក្វាងស៊ី បានឃើញតម្លៃពាណិជ្ជកម្មទ្វេភាគីខ្ពស់ ដោយការនាំចូល និងការនាំចេញឈានដល់ ៨,៧ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៤%។
សូមរម្លឹកថា ការិយាល័យស្ថិតិជាតិចិន បានបង្ហាញថា ផលិតផលក្នុងស្រុកសរុបរបស់មហាអំណាចសេដ្ឋកិច្ច បានកើនឡើង ៥% ក្នុងឆ្នាំ ២០២៤ ខណៈពាណិជ្ជកម្មក្រៅប្រទេស បន្តគាំទ្រដល់កំណើនសេដ្ឋកិច្ចចិន ដោយការនាំចូល និងនាំចេញទំនិញសរុបបានកើនឡើង ៥% ក្នុងឆ្នាំ ២០២៤កន្លងទៅនេះ៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ