ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥
កាន់តែពិសេសជាងរាល់ឆ្នាំ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី ១៤ បានត្រឡប់ជាថ្មីម្តងទៀតនៅសប្តាហ៍ក្រោយ ដោយបាននាំយកភាពយន្តល្បីៗចំនួន១៥១រឿងមក ដាក់បញ្ចាំងជូនទស្សនិកជនទស្សនាកម្សាន្តដោយឥតគិតថ្លៃ ។ឆ្នាំនេះមហោស្រពភាពយន្តអន្តរជាតិ កម្ពុជា លើកទី ១៤ នឹងមានភាពយន្តមកពី ៤១ ប្រទេស ចំនួន ១៥១ រឿង ដែលក្នុងនោះមានភាពយន្ត ខ្មែរ ចំនួន ៦០ រឿង ទាំងភាពយន្តខ្នាតខ្លី និង ខ្នាតវែង ភាពយន្តឯកសារ និង គំនូរជីវចល ដើម្បីដាក់បញ្ចាំងឱ្យមហាជនចូលរួមទស្សនាដោយឲតគិតថ្លៃនៅគ្រប់រោងភាពយន្តធំៗ ចាប់ពីសប្តាហ៍ក្រោយទៅ ។
នៅក្នុងសន្នីសីទសារព័ត៌មាននៃមហោស្រពភាពយន្តអន្តរជាតិ កម្ពុជា លើកទី ១៤ នៅព្រឹកថ្ងៃទី ១២ ខែ មីនា ឆ្នាំ២០២៥នេះ ក៏មានវត្តមានលោក លោក Cedric Eloy ប្រធានមហោស្រពភាពយន្តអន្តរជាតិ កម្ពុជា អ្នកនាង ថន ថាណែត ដែលជាតារាសម្តែងល្បីឈ្មោះមួយរូប និងថ្នាក់ដឹកនាំផ្សេងៗជាច្រើនរូបទៀត ។
លោក Cedric Eloy ប្រធានមហោស្រពភាពយន្តអន្តរជាតិ កម្ពុជា បានមានប្រសាសន៍ថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ១៤ នេះ នឹងនាំមកជូននូវទស្សនីយភាពដ៏អស្ចារ្យខុសប្លែកពីឆ្នាំមុនៗមកបង្ហាញមហាជន ។ ទាំងភាពយន្តខ្នាតធំ ខ្លាតខ្លី ខ្នាតវែង ភាពយន្តឯកសារ និងភាពយន្តគំនូរជីវចល ដែលមកពីតំបន់ជាច្រើនជុំវិញពិភពលោក ត្រូវបានសម្រិតសម្រាំងយ៉ាងពិសេសសម្រាប់ទស្សនិកជនគ្រប់ៗគ្នាទស្សនាដោយឥតគិតថ្លៃ ។
អ្នកនាង ថន ថាណែត ដែលជាតារាសម្តែងល្បីឈ្មោះមួយរូប និងធ្លាប់ទទួលបានពានរង្វាន់ជាច្រើនកន្លងមកនោះក៏នឹងមានវត្តមាននៅក្នុងព្រឹត្តិការណ៍មហោស្រពអន្តរជាតិកម្ពុជាលើ់កទី ១៤ នេះផងដែរ ។ បើតាមគម្រោង មហោស្រពភាពយន្តអន្តរជាតិកម្ពុជា (CIFF) លើកទី ១៤ នឹងចាក់បញ្ចាំងខ្សែភាពយន្តមកពី ៤១ ប្រទេស ដែលមានភាពយន្តចំនួន ១៥១រឿង ដែលក្នុងនោះមានភាពយន្តខ្មែរចំនួន ៦០ រឿង ទាំងភាពយន្តខ្នាតខ្លី និងខ្នាតែវែង ភាពយន្តឯកសារ និងគំនូរជីវចល ។
ភាពយន្តទាំងនោះចាប់ផ្តើមបញ្ចាំងពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៩ ខែមិនា ដោយឥតគិតថ្លៃនៅគ្រប់រោងភាពយន្តធំៗ និងទីតាំងជាច្រើនទៀតក្នុងរាជធានីភ្នំពេញ ដូចជារោងភាពយន្ត Legend Olympia និង Exchange Square រោងភាពយន្ត Major Cineplex Aeon 1 និង Mean Chey វិទ្យាស្ថានបារាំង មជ្ឈមណ្ឌលបុប្ផាណា សណ្ឋាគារ Rosewood ភ្នំពេញ និងរោងភាពយន្ត Fableជាដើម ។
គួរបញ្ជាក់ផងដែរថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ១៤ នឹងបើកសម្ពោធនៅថ្ងៃទី ២១ ខែ មីនា នៅមហោស្រពចតុម្មុខ ក្នុងនោះក៏មានរៀបចំកម្មវិធីកម្រាលព្រំក្រហម អញ្ជើញភ្ញៀវជាតិ និងអន្តរ ចូលរួមអបអរសាទរផងដែរ ។
មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ១៤ អាចដំណើរការទៅបានដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបាន និងកំពុងខិតខំប្រឹងប្រែងយ៉ាងស្វិតស្វាញ ដើម្បីស្តារសុវត្ថិភាព និងទីកន្លែងសិល្បៈឡើងវិញ ។ កុំភ្លេចចូលរួមមហោស្រពភាពយន្តជាតិអន្តរជាតិកម្ពុជាឱ្យបានច្រើននៅក្នុងឆ្នាំនេះ ពីព្រោះព្រឹត្តិការណ៍ឆ្នាំនេះមានអ្វីប្លែកៗជាច្រើនសម្រាប់បង្ហាញមហាជន ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច