ថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥

មិនបោះបង់ក្ដីស្រមៃ ចំណាយពេល៥ឆ្នាំទើបវិចិត្រករស្រីខាងគំនូរ  ឡាច សុភ័ក្រ្ត មានឱកាសបង្ហាញស្នាដៃតម្លៃរាប់ម៉ឺនដុល្លារ! 

១២ កុម្ភៈ ២០២៥ | កម្សាន្ដ

 

 

ក្រោយការតាំងចិត្ត និងតស៊ូដោយភាពអំណត់ទីបំផុត កញ្ញា ឡាច សុភ័ក្រ្ត ដែលបានចំណាយពេលវេលាត្រឹមតែ៥ឆ្នាំ ក្លាយទៅជាវិចិត្រករស្រីខាងគំនូរ « រូបដូច » អាចរកប្រាក់ចំណូលបានខ្ពស់មិនចាញ់វិចិត្រករបុរសៗ ។ 

 

 

ថ្វីដ្បិតតែជាស្នាដៃដំបូងប៉ុន្តែគំនូរ « រូបដូច » របស់វិចិត្រករស្រី ឡាច សុភ័ក្រ ពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន បន្ទាប់ពីបានដាក់ឱ្យទស្សនាកាលពីពេលថ្មីៗនេះ ជាពិសេសគំនូររបស់នាងមានតម្លៃខ្ពស់មិនចាញ់ស្នាដៃវិចិត្រករអាជីពឡើយ ។ 

 

 

គំនូរ « រូបដូច » ទាំង ២០ផ្ទាំងនេះគឺជាស្នាដៃដំបូងរបស់ វិចិត្រកររូបនេះ ដែលបានដាក់តាំងបង្ហាញមហាជននៅក្នុងកម្មវិធីចុះអនុស្សរណៈយោគយល់គ្នាជាមួយនិងវិចិត្រសាលសិល្បៈអង្គរ ក្នុងគោលបំណងរូមគ្នាធ្វើការផ្សព្វផ្សាយ អភិវឌ្ឍន៍ និងអភិរក្សសិល្បៈវប្បធម៌កម្ពុជា កាលពីពេលថ្មីៗនេះ ។

 

 

គំនូរទាំងនោះគឺកញ្ញាគូអំពីបុគ្គលដែលមានស្នាដៃនិងតារាសម្តែងជើងចាស់ដែលបានបាត់បង់ជីវិតដូចជាលោក គង់ សំអឿន ជាដើម...។ កញ្ញា ឡាច សុភ័ក្រ្ត បានប្រាប់ប្រាប់ថា ដោយសារមានទេពកោសល្យខាងគំនូរ« រូបដូច » នេះតាំងពីក្មេងមក នាងក៏ចាប់ផ្តើមរៀនពីក្រុមគ្រួសារ រហូតក្លាយទៅជាវិចិត្រកដូចសព្វថ្ងៃនេះ ។ 

 


កញ្ញា បានចំណាយពេលវេលា ៩ ខែ ដើម្បីគូគំនូរទាំង២០ផ្ទាំងនេះ ដោយគំនូរទាំងនោះលក្ខណៈពិសេសខុសប្លែកពីគំនូរវិចិត្រករមួយចំនួន ដោយនាងបានផ្តោតទៅលើសាច់រឿងបុគ្គលនៅ សម័យឆ្នាំ ១៩៥០ ឬ ៦០ ។ 

 


រយៈពេល៥ឆ្នាំហើយដែលខាងលើ បានចំណាយពេលវេលារៀនខាងផ្នែកគំនូរ « រូបដូច » នេះពីក្រុមគ្រួសារ ក្នុងគំនូរ១ផ្ទាំងៗគឺនាងអាចលក់បានក្នុងតម្លៃចាប់ពីខ្ទង់៣០០០ដុល្លារ (បីពាន់ដុល្លារ)ទៅដល់រាប់ម៉ឺនដុល្លារ ។ ទៅថ្ងៃអនាគតនាងមានគម្រោងនឹងបង្ហាញស្នាដៃថ្មីរបស់ខ្លួននៅក្នុងកម្មវិធីធំៗផ្សេងៗទៀតទាំងក្នុងនិងក្រៅប្រទេស ។

 

 

 កញ្ញា ឡាច សុភ័ក្រ្ត បានបញ្ជាក់បន្ថែមថា ថ្វីដ្បិតតែនាងជាវិចិត្រកថ្មីមិនសូវមានបទពិសោធប៉ុន្តែនាងនឹងខិតខំប្រឹងប្រែងពង្រឹងស្នាដៃខ្លួនឱ្យកាន់តែល្អប្រសើរឡើង ដើម្បីស្វែងរកក្តីស្រមៃធំរបស់ខ្លួន ៕ 

 

 

 

អត្ថបទ ៖ ម៉ា រីសា  រូបភាព ៖  អ៊ិន អាត

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025