ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥

បំពេញចិត្តអ្នកគាំទ្រ ព្រីន ងាកមកចាប់ដៃ ស៊ូ ស៊ីរីកា ធ្វើទីផ្សារចម្រៀងថ្មី

១១ កុម្ភៈ ២០២៥ | កម្សាន្ដ

 

ក្រោយផ្ទុះការគាំទ្រយ៉ាងខ្លាំងក្លាលើស្នាដៃបទចម្រៀង «ពេលណាបងមករកអូន» ដែលជាការ Collaborate ជាមួយរៀមច្បងរាជនីសម្លេងផ្អែម ម៉េង កែវពេជ្ជតា ពេលនេះកំលោះសង្ហា ព្រីន បានស្វែងរកឃើញដៃគូចម្រៀងថ្មីម្នាក់ទៀតហើយ គឺ កញ្ញា ស៊ូ ស៊ីរីកា ដោយថ្មីៗនេះអ្នកទាំងពិរ ទើបតែទម្លាក់ស្នាដៃបទចម្រៀងថ្មីមួយលើទីផ្សារ ចំណងជើង «ផ្អែម» (SWEET)។

 

 

«ផ្អែម» ជាស្នាដៃចម្រៀងដំបូងដែលកំលោះសង្ហា ព្រីន  ជាមួយស្រីស្អាត ស៊ូ ស៊ីរីកា ហើយទើបទម្លាក់លើទីផ្សារ កាលពីថ្ងៃទី៥ ខែកុម្ភៈ កន្លងទៅ លើឆានែលយូធូប Prince - ព្រីន Official និង Sou Siryka - ស៊ូ សុីរីកា។ ស័ក្កសមនឹងចំណងជើងដែលបានដាក់ បទនេះស្តាប់ទៅពិតជាផ្អែមមុតដូចស្ករគ្រាប់ ទាំងចង្វាក់ភ្លេង ស្ទីល៍ការតុបតែង និងការប្រើប្រាស់សម្លេងច្រៀងយ៉ាងល្អឥតខ្ចោះ ផ្តល់នូវរសជាតិថ្មីប្លែកសម្រាប់សោតវិញ្ញាណរបស់អ្នកស្តាប់។ 

 

 

តារាទាំងពីរដួង ត្រូវបានអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ ពិសេសពេលបានច្រៀងជាមួយគ្នាបែបនេះ សម្លេងរបស់ពួកគេស្តាប់ទៅស៊ីម៉េទ្រីគ្នាខ្លាំងមែនទែន។ រឹតតែស្តាប់ រឹតតែផ្អែម រឹតតែអន្លង់អន្លោច ត្រូវទៅនឹងបរិយាកាសខែកុម្ភៈ ដែលគេចាត់ទុកជាខែនៃក្តីស្រលាញ់តែម្តង។

 

 

ពេលនេះបទចម្រៀង «ផ្អែម» កំពុងទទួលការចាប់អារម្មណ៍ខ្លាំងពីប្រិយមិត្តទស្សនិកជន ហើយក៏កំពុងផុសផុលខ្លាំងលើកម្មវិធី Tik Tok ផងដែរ ដោយគេឃើញអ្នកប្រើប្រាស់ជាច្រើនបានយកបទចម្រៀងនេះទៅលេងត្រាប់តាមយ៉ាងព្រោងព្រាត ថែមទាំងមានអ្នកយកបទនេះទៅធ្វើ video reaction ថែមទៀតផង។

 

 

គួរបញ្ជាក់ផងដែរថា នេះជាលើកដំបូងដែលគេឃើញតារាចម្រៀង ព្រីន ចាប់ដៃ កញ្ញា ស៊ូ ស៊ីរីកា ផលិតបទចម្រៀងថ្មី ។ តាមដែល ព្រីន ធ្លាប់បង្ហើបកន្លងមក លោក និងធ្វើការ Collaborate ជាមួយរៀមច្បងម្នាក់ ស្រាប់តែពេលនេះគេឃើញបទ «ផ្អែម» ទម្លាក់លើទីផ្សារ ដូច្នេះគេសន្និដ្ឋានបានថា រៀមច្បងដែល ព្រីន លើកឡើងជា កញ្ញា ស៊ូ ស៊ីរីកា ដោយសារតែ ស៊ីរីកា ប្រឡូកចម្រៀងមុន ព្រីន ដូច្នេះអាចចាត់ទុកជារៀមច្បងម្នាក់ក្នុងវិស័យតន្ត្រីនៅកម្ពុជា។

 

 

 កំលោះសង្ហាមានមន្តស្នេហ៍ ព្រីន ក៏ត្រៀមបញ្ចេញស្នាដៃចម្រៀងថ្មីជាមួយរាជនីសម្លេងផ្អែម ម៉េង កែវពេជ្ជតា ផងដែរ ប៉ុន្តែជាបទ Original ថ្មី មិនមែនជាបទ Remake ដូចបទ «ពេលណាបងមករកអូន» ដែលផ្ទុះការគាំទ្រខ្លាំងនោះឡើយ។ ព្រីន ហ៊ានធានាអះអាងថា ស្នាដៃបទថ្មីរបស់លោក និងអ្នកនាង ម៉េង កែវពេជ្ជតា ពិតជាប្លែក ដោយលោកនឹងនាំអ្នកគ្រប់គ្នាត្រឡប់ទៅកាន់ជំនាន់ដើមឆ្នាំ២០០០វិញ ដូចនេះកុំភ្លេចរង់ចាំអ៊ុតមើលទាំងអស់គ្នា៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ភីអិនអិន និងហ្វេសប៊ុក

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025