ថ្ងៃអង្គារ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥
តារារ៉េប Kendrick Lamar បានផ្ដល់ការសម្ដែងដ៏ពិសេសសម្រាប់ទស្សនិកជនជុំវិញពិភពលោកដែលទស្សនាកម្មវិធីប្រកួតបាល់ឱបអាមេរិក Super Bowl បន្ទាប់ពីចម្រៀង “Not Like Us” របស់លោកបានទទួលពានរង្វាន់រហូតដល់ ៥ ពី Grammy។
នៅពហុកីឡដ្ឋាន Superdome ទីក្រុង New Orleans តារារ៉េបកំពុងឡើងកូដ Kendrick Lamar បានឡើងសម្ដែងអមដោយអ្នករាំស្លៀកពាក់ពណ៌ក្រហម និងពណ៌ខៀវ បន្ទាប់ពីត្រូវបានឧទ្ទេសនាមដោយតារាសម្តែង Samuel L. Jackson។
ជាតារាចម្រៀងហ៊ីបហប់ដំបូងបំផុតក្នុងប្រវត្តិសាស្ត្រដែលបានក្លាយជាអ្នកសម្ដែងឯកក្នុងកំលុងពាក់កណ្ដាលការប្រកួតកីឡាបាល់ឱប Super Bowl តារារ៉េបវ័យ ៣៧ ឆ្នាំរូបនេះបានសម្ដែងនូវបទចម្រៀងជាច្រើនបទរបស់ខ្លួនដូចជា "Squabble Up" "DNA" និងបទផ្សេងៗទៀត ខណៈមានវត្តមានតារាចម្រៀង R&B ស្រី SZA ចូលរួមសម្ដែងជាមួយផងដែរក្នុងបទ “Luther”។
អ្វីដែលធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលនោះគឺខណៈដែលគេគិតថា Kendrick Lamar ប្រហែលមិនសម្ដែងបទ “Not Like Us” លើឆាក Super Bowl នោះទេ ដោយសារបទនេះពាក់ព័ន្ធជម្លោះយូរអង្វែងរបស់លោកជាមួយតារារ៉េប Drake ប៉ុន្តែចុងក្រោយ Kendrick Lamar បានយកបទនេះមកសម្ដែងទាល់តែបាន ដោយគ្រាន់តែដកពាក្យពេចន៍ដែលនាំឱ្យមានបញ្ហាចេញ។
គួរបញ្ជាក់ថា បទ "Not Like Us" បានធ្វើឱ្យ Kendrick Lamar ឈ្នះពានរង្វាន់ Grammy ចំនួនប្រាំកាលពីមួយសប្តាហ៍មុន ធ្វើអោយតារារ៉េបរូបនេះក្លាយជាម្ចាស់ពានរង្វាន់ Grammy សរុប ២២ គិតទាំងឆ្នាំមុនៗ។
ការសម្ដែងនៅ Super Bowl ត្រូវបានគេចាត់ទុកថាជាកម្មវិធីទូរទស្សន៍ដែលមានអ្នកទស្សនាពេលផ្សាយផ្ទាល់ច្រើនបំផុតនៅអាមេរិក ពោលគឺច្រើនជាង ១០០ លាននាក់ជារៀងរាល់ឆ្នាំ ដោយសិល្បករដែលធ្លាប់ឡើងសម្ដែងកម្មវិធីនេះនៅឆ្នាំមុនៗមានដូចជា Rihanna, Beyonce, Madonna, Lady Gaga និង Rolling Stones ជាដើម ៕
ប្រែសម្រួល៖ វ៉ាន់ថន