ថ្ងៃអង្គារ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥

ផ្ទាំងថ្មដ៏ប្រណិតអាយុជាង១ពាន់លានឆ្នាំបានរំលេចរូបមួយរាងដូចពស់ថ្លាន់នៅខេត្តហេប៉ី ប្រទេសចិន

១០ កុម្ភៈ ២០២៥ | កម្សាន្ដ

ផ្ទាំងថ្មដ៏ប្រណិតមួយដែលមានអាយុកាល១.៤ពាន់លានឆ្នាំមកហើយបានរំលេចនូវរូបភាពដ៏ចម្លែកអស្ចារ្យមួយដែលមានរូបរាងដូចពស់ថ្លាន់នៅក្នុងខេត្តហេប៉ី (Hebei) ប្រទេសចិន។

 


នៅមុនពេលឆ្នាំរោង (ពស់) បានចូលមកដល់នៅក្នុងប្រទេសចិនថ្មីៗនេះ គេក៏បានប្រទះឃើញផ្ទាំងថ្មដ៏ប្រណិតមួយដែលមានរូបភាពដ៏ចម្លែករាងដូចជា«ពស់ថ្លាន់»ជាប់នៅលើផ្ទាំងថ្មនោះនៅក្នុងខេត្តហេប៉ី (Hebei) ប្រទេសចិន។ 

 


រូបភាពវីដេអូបានបង្ហាញអំពីផ្ទាំងថ្មដ៏ធំមួយដែលរំលេចនូវរូបភាពច្បាស់ដ៏ចម្លែកមួយមានក្បាល មានដងខ្លួនមូលទ្រវែង មានភ្នែក មានឆ្អឹងខ្នង និងពោះពណ៌សដែលមើលទៅដូចជារាងពស់ថ្លាន់អីចឹង។

 


បើយោងតាមអ្នកជំនាញខាងភូគព្ភសាស្ត្រមកពីការិយាល័យភូគព្ភសាស្ត្រ និងការអភិវឌ្ឍរ៉ែខេត្តហសប៉ីបានឱ្យដឹងថា ផ្ទាំងថ្មដែលគេហៅថា«ថ្មពស់»នេះបានកើតឡើងតាំងពីអាយុកាល១.៤ពាន់លានឆ្នាំមុនមកម្ល៉េះ ហើយវាជាស្នាដៃនៃធម្មជាតិសុទ្ធសាធ។

 


មន្ត្រីជំនាញនេះបានឱ្យដឹងទៀតថា រូបសត្វពស់នេះបានកើតឡើងដោយសារតែការប្រមូលផ្ដុំស្រទាប់ថ្មកំបោរដែលបានហូរធ្លាក់ពីលើភ្នំស្ថិតនៅជុំវិញភូមិហ្វានសួយឈួន (Fanshuiquan) ក្នុងខេត្តហេប៉ី គឺមិនមែនជាឆ្អឹងហ្វូស៊ីលពស់អ្វីនោះទេ។

 


អ្នកជំនាញនេះបានពន្យល់ទៀតថា ដោយសារតែលក្ខខណ្ឌនៃការបង្កើតផ្សេងៗគ្នាទៅតាមសម័យកាលភូមិសាស្ត្រនោះដូច្នេះហើយសមាសភាពនៃស្រទាប់ថ្មនីមួយៗក៏មានការប្រែប្រួលទៅតាមស្ថានភាពនោះដែរ ហើយទីបំផុតវាក៏បង្កើតបានជាថ្មពស់បែបនេះដោយចៃដន្យតែម្ដងទៅ៕

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025