ថ្ងៃអង្គារ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥

ប្រជាជនតំបន់ហ្គាហ្សាដែលបាត់បង់ទីលំនៅបានត្រឡប់ទៅផ្ទះវិញក្រោយអ៊ីស្រាអ៊ែលដកទ័ព

១០ កុម្ភៈ ២០២៥ | ព័ត៌មានអន្តរជាតិ

 

 

ប្រជាជនតំបន់ហ្គាហ្សានៅថ្ងៃអាទិត្យ(៩កុម្ភៈ) ត្រូវបានគេមើលឃើញថា ពួកគេធ្វើដំណើរក្នុងចំនួនដ៏ច្រើនឆ្ពោះទៅភាគខាងជើង នៅតាមផ្លូវ Salah al-Din តំបន់ហ្គាហ្សា ក្រោយយោធាអ៊ីស្រាអ៊ែលដកចេញពីតំបន់នេះ។ 

 

យានយន្តជាច្រើនគ្រឿងធ្វើដំណើរទៅភាគខាងជើងតំបន់ហ្គាហ្សានៅតាមផ្លូវ Salah al-Din ចតបន្តគ្នា នៅពេលពួកគេរង់ចាំឆ្លងកាត់ការត្រួតពិនិត្យនៅប៉ុស្តិ៍យាម។ 

 

ប្រជាជនហ្គាហ្សាជាច្រើន រង់ចាំការធ្វើដំណើរវិលត្រលប់ទៅលំនៅដ្ឋានរបស់ពួកគេវិញនៅភាគខាងជើងតំបន់ហ្គាហ្សាដែលនៅសល់តែវាលសំណល់បាក់បែកក្រោយសង្គ្រាមរវាងអ៊ីស្រាអ៊ែល និងហាម៉ាស់។ 

 

ក្រោយដំណាក់កាលថ្មីចុងក្រោយបំផុតនៃការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអ៊ែលដែលក្រុមហាម៉ាស់ចាប់យកទៅនោះ ឃើញថា នៅថ្ងៃសៅរ៍(៨កុម្ភៈ) យោធាអ៊ីស្រាអ៊ែល រំពឹងនឹងដកទ័ពចេញពីច្រករបៀង Netzarim ដែលជាច្រកមួយបែងងចែកតំបន់ភាគខាងជើងហ្គាហ្សា និងភាគខាងត្បូងហ្គាហ្សា។ 
 

សង្គ្រាមនៅតំបន់ហ្គាហ្សាផ្ទុះឡើង ក្រោយក្រុមហាម៉ាស់បានឆ្លងព្រំដែនចូលវាយប្រហារប្រទេសអ៊ីស្រាអ៊ែលនៅថ្ងៃ៧តុលា សម្លាប់មនុស្ស១២០០នាក់ និងចាប់មនុស្សច្រើនជាង២០០នាក់ ជាចំណាប់ខ្មាំង ដែលមានខ្លះត្រូវបានដោះលែងអំឡុងពេលមានកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេលខ្លី។

 

សង្គ្រាម បានធ្វើឱ្យតំបន់ហ្គាហ្សាក្លាយជាវាលសំណល់បែកបាក់ ធ្វើឱ្យមនុស្សជាច្រើនជួបបញ្ហាអត់ឃ្លាន និងគ្មានទីជម្រក ហើយសម្លាប់ពលរដ្ឋនៅតំបន់ហ្គាហ្សារាប់ម៉ឺននាក់។ យោងក្រសួងសុខាភិបាលប៉ាលេស្ទីន។

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025