ថ្ងៃអង្គារ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥
ប្រទេសចំនួន៣នៅតំបន់ បាល់ទិក រួមមាន អេស្តូនី ឡាតវី និងលីទុយអានី បានប្រកាសកាលពីថ្ងៃអាទិត្យថា ពួកគេបានផ្ដាច់ប្រព័ន្ធផ្គត់ផ្គង់ថាមពលអគ្គិសនីពីប្រទេសរុស្ស៊ី និងបានតភ្ជាប់ទៅប្រព័ន្ធអគ្គិសនីនៅទ្វីបអឺរ៉ុបដោយជោគជ័យហើយ។
ការងាកទៅប្រើថាមពលរបស់អឺរ៉ុបនេះ បានធ្វើឡើងក្រោយពេលមួយថ្ងៃបន្ទាប់ពីពួកគេបានផ្តាច់ទំនាក់ទំនងថាមពលដែលបានធ្វើប្រតិបត្តិការជាមួយនឹងប្រទេសរុស្ស៊ី និងបេឡារុសជាច្រើនទសវត្សរ៍មកហើយ។ ប្រធានគណៈកម្មាការអឺរ៉ុបលោកស្រី អ៊ូស៊ូឡា វ៉ុនឌឺ ឡឺយែន (Ursula von der Leyen) បានថ្លែងនៅក្នុងសុន្ទរកថានៅឯពិធីមួយនៅរដ្ឋធានីវីលញៀស (Vilnius) ប្រទេស លីទុយអានី ជាមួយនឹងមេដឹកនាំនៃប្រទេសទាំងបីនេះថា លោកស្រីបានសាទរចំពោះការផ្លាស់ប្តូរដែលបានចំណាយពេលជាច្រើនឆ្នាំមកហើយនេះថាជាការបង្ហាញយុគសម័យថ្មីនៃសេរីភាពសម្រាប់តំបន់បាល់ទិក។
លោកស្រី ឡឺយែន បានបន្ថែមថា បណ្ដាញផ្គត់ផ្គង់ថាមពលដែលប្រទេសទាំងបីបានតភ្ជាប់នឹងប្រទេសរុស្ស៊ីកន្លងមកនេះនឹងក្លាយជារឿងនៃអតីតកាល ហើយនេះគឺជាសេរីភាព និងជាការរួចផុតពីការគំរាមកំហែងរបស់រុស្ស៊ី។ មូលហេតុចម្បងដែលប្រទេសទាំងបីនេះបានផ្ដាច់ការផ្គត់ផ្គង់ថាមពលពីរុស្ស៊ីនេះគឺដោយសារពួកគេព្រួយបារម្ភចំពោះសន្តិសុខ និងការគំរាមកំហែងពីប្រទេសរុស្ស៊ី។ ប្រធានាធិបតីលុយទីអានីលោក ហ្គីតាណាស ណូសេដា (Gitanas Nauseda) បាននិយាយថា ពេលវេលានៃសម្ពាធនយោបាយ និងការគំរាមកំហែងបានបញ្ចប់ហើយដោយលីទុយអានី ឡាតវី និងអេស្តូនីបានសម្រេចបានឯករាជ្យថាមពលពេញលេញ។ ហើយគោលដៅសំខាន់បន្ទាប់របស់ពួកគេគឺត្រូវសាងសង់ប្រព័ន្ធអគ្គិសនីដ៏សំខាន់ជាយុទ្ធសាស្រ្តរវាងប្រទេសលីទុយអានី និងប៉ូឡូញនៅត្រឹមឆ្នាំ២០៣០៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន