ថ្ងៃអង្គារ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥

កសិករចិញ្ចឹមមាន់យកស៊ុត៖ ស៊ុតមាន់ក្នុងស្រុក ប្រឈមកាន់តែស្រួចស្រាល់ ដោយសារស៊ុតនាំចូលពីវៀតណាម

១១ កុម្ភៈ ២០២៥ | ព័ត៌មានជាតិ

 

វិស័យចិញ្ចឹមមាន់យកស៊ុតក្នុងស្រុក កំពុងប្រឈមនឹងការដួលរលំឆាប់ៗ ឬក៏យ៉ាងហោចណាស់ ដល់កម្រិតងើបលែងរួចតែម្ដង ប្រសិនបើពុំមានការទប់ស្កាត់នូវការនាំចូលស៊ុតពីវៀតណាម ដោយគ្មានច្បាប់អនុញ្ញាតឱ្យបានទាន់ពេលវេលា។ នេះបើតាមលោក ជាម លុយ តំណាងកសិករចិញ្ចឹមមាន់យកស៊ុត នៅខេត្តកំពង់ស្ពឺ។កសិករចិញ្ចឹមមាន់យកស៊ុត មិនដឹងថាអាចតស៊ូបានប៉ុន្មានទៀតទេ ដ្បិតស៊ុតធ្លាក់ថ្លៃគ្មានទីបំផុត ដោយគិតជាម្យម ស៊ុតលេខ ១ ក្នុងមួយគ្រាប់តម្លៃប្រមាណជា ៣០០ រៀលប៉ុណ្ណោះ គឺជាតម្លៃដែលខាតដើមខាតចុងណាស់ទៅហើយ ហើយអាចនឹងចាំបាច់ត្រូវតែធ្លាក់ថែមទៀត ។

 

 

មូលហេតុគឺដោយសារស៊ុតនាំចូលវៀតណាម យ៉ាងច្រើនសម្បើមមកលក់ក្នុងតម្លៃទាបជាងស៊ុតក្នុងស្រុកជានិច្ច ។ ឧបមាថាថ្លៃដើមផលិតស៊ុតមួយគ្រាប់យើងត្រូវលក់តម្លៃ ៤០០ រៀល ស៊ុតនាំចូលពីវៀតណាម មកលក់ត្រឹមតែ ៣៦០ ទៅ ៣៧០ រៀល ។ ហេតុនេះ ឈ្មួញកណ្ដាលក៏នាំគ្នាទិញស៊ុតវៀតណាម ធ្វើឱ្យស៊ុតក្នុងស្រុកពិបាកលក់ ឬលក់មិនចេញតែម្ដង ។ នៅពេលយើងទម្លាក់តម្លៃមកកៀកនឹងស៊ុតនាំចូលពីវៀតណាម នោះ ស៊ុតពីវៀតណាម ក៏ទម្លាក់តម្លៃទៅទៀត គឺហាក់បីដូចជាមានគោលដៅបិទដង្ហើមស៊ុតក្នុងស្រុកតែម្ដង ។ នេះគឺជាការរៀបរាប់របស់លោក ជាម លុយ តំណាងកសិករចិញ្ចឹមមាន់យកស៊ុត ប្រាប់ PNN តាមតេឡេហ្ក្រាម ពីស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ។

 


នៅពេលសួរថា ហេតុអ្វីបានជាស៊ុតពីវៀតណាម ចេះតែអាចទម្លាក់តម្លៃបែបនោះ លោក ជាម លុយ មិនអាចផ្ដល់ភស្តុតាងជាក់លាក់ទេ ប៉ុន្តែលោកយល់ថា ដោយសារកត្តាយ៉ាងហោចណាស់ក៏ ៣ យ៉ាងសំខាន់ៗ ក្នុងនោះ កត្តាដ៏សំខាន់បំផុតមួយគឺស៊ុតទាំងនោះ ត្រូវបាននាំចូលដោយគ្មានច្បាប់ ដ្បិតថា ប្រសិនមានការត្រួតពិតនិត្យត្រឹមត្រូវពីស្ថាប័នមានសមត្ថកិច្ច ស៊ុតទាំងនោះមិនអាចអុកឡុកស៊ុតក្នុងស្រុកបានតាមតែទំនើងចិត្តបែបនេះបានទេ ។

 


ជាការកត់សម្គាល់ថ្វីដ្បិតតែលោក ជាម លុយ និងកសិករដទៃទៀតពុំមានលទ្ធភាពផ្ដល់ឱ្យយើងនូវភស្តុតាងជាក់លាក់ ក៏ប៉ុន្តែដាច់ខាតពុំមែនជាការលើកឡើងតាមតែនឹកឃើញឡើយ ដ្បិតនៅផ្នែកផ្សេងទៀត មន្ត្រីអគ្គនាយកដ្ឋានសុខភាពភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់បានស៊ុតនាំចូលដោយគ្មានច្បាប់ជារឿយៗ អាចនិយាយថា មួយឆ្នាំទល់មួយឆ្នាំ ។ ជាក់ស្ដែងកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះប្រតិបត្តិការចាប់បាន ស៊ុតចំនួន ៩៦ ០០០គ្រាប់ គឺជាស៊ុតដែលគ្មានការអនុញ្ញាត ហើយត្រូវបាននាំចូលពីប្រទេសវៀតណាម តាមច្រកភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ក្នុងគោលដៅយកទៅលក់ចែកចាយ នៅស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ។

 


ករណីមួយនេះជាដើម គឺជាការបញ្ជាក់ថា ស្ថាប័នផ្ទៃក្នុងធ្វើការហើយ ប៉ុន្តែមិនអាចទប់ស្កាត់បានទេ គឺបានត្រឹមតែតិចតួចប៉ុណ្ណោះ ទើបជាលទ្ធផល ស៊ុតនាំចូលពីវៀតណាម អុកឡុកពាសពេញផ្ទៃប្រទេសកម្ពុជា គ្របសង្កត់ស៊ុតក្នុងស្រុកឱ្យដុនដាបទៅៗជាលំដាប់។

 


គួរកត់សម្គាល់មួយទៀតនោះគឺថា រាល់ការបង្ក្រាបទាំងអស់ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សុទ្ធតែបានបញ្ជាក់ច្បាស់ៗចំៗថា ស៊ុតទាំងនោះ ត្រូវបាននាំចូលពីតាមច្រកណា ជាក់ស្ដែដូចករណីខាងលើនេះ គឺនាំចូលតាមច្រកភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ។ កសិករចិញ្ចឹមមាន់យកស៊ុត ក៏ដូជាសធារណជនរង្កៀសចិត្តយ៉ាងខ្លាំង ហើយរអ៊ូរទាំមិនដាច់ពីមាត់ថា បើគេមានឆន្ទៈចង់ដោះស្រាយរឿងនេះមែននោះ គេពិតជាអាចដោះស្រាយបានដោយងាយ ។

 


ដោយមិនហ៊ាន ទាំងមិនចង់ទម្លាក់កំហុសដាក់ខាងណា លោក ជាម លុយ តំណាងកសិករចិញ្ចឹមមាន់យកស៊ុតទូទាំងប្រទេស បានសំណូមពរយ៉ាងទទូចដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសស្ថាប័នគ្រប់គ្រងតាមច្រកព្រំដែននានា មេត្តធ្វើយ៉ាងណាទប់ស្កាត់ឱ្យខាងតែបាននូវការនាំចូលស៊ុតដោយខុសច្បាប់ ដើម្បីសង្គ្រោះដល់វិស័យចិញ្ចឹមមាន់យកស៊ុតនៅក្នុងប្រទេស៕
 

 

 

អត្ថបទ៖ ខឿន សាឃាង រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025