ថ្ងៃអង្គារ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥

កំពូលភាពយន្តល្បីៗបង្ហាញ Trailer វគ្គថ្មីនៅកម្មវិធី Super Bowl

១១ កុម្ភៈ ២០២៥ | កម្សាន្ដ

 

ស្ទូឌីយោភាពយន្តធំៗលើពិភពលោកបានបង្ហាញ Trailer ភាពយន្តថ្មីៗរបស់ខ្លួនក្នុងកម្មវិធីប្រកួតបាល់ឱបប្រចាំឆ្នាំ Super Bowl ដែលមានអ្នកទស្សនាពេលផ្សាយផ្ទាល់ខ្ទង់១០០លាននាក់។

 

 

 

អ្នកទស្សនាកម្មវិធី Super Bowl ដែលទើបតែកន្លងទៅថ្មីៗនេះពិតជាមានអារម្មណ៍រំភើបជាមួយការបញ្ចេញឈុតខ្លីៗសម្រាប់ភាពយន្តធំៗជាច្រើនរឿង រាប់ចាប់ពីការវិលត្រលប់មកវិញរបស់ Tom Cruise នៅក្នុងភាពយន្ត "Mission Impossible" រហូតដល់ភាពយន្ត "How To Train Your Dragon" Version មនុស្សសម្ដែង។

 

 


ជាក់ស្ដែងស្ទូឌីយោ Universal បានទម្លាក់ឈុតខ្លីៗសម្រាប់ភាពយន្ត "Jurassic World Rebirth" ជាវគ្គចុងក្រោយបង្អស់ក្នុងស៊េរីភាពយន្តដាយណូស័រដែលចូលរួមសម្តែងដោយ Scarlett Johansson និង Jonathan Bailey និងត្រៀមចេញបញ្ចាំងនៅដើមខែកក្កដា។

 

 


ស្ទូឌីយ៉ូហូលីវូដដដែលនេះក៏បានចេញផ្សាយឈុតខ្លីៗសម្រាប់ភាពយន្ត "How To Train Your Dragon" ដែលថតតាមភាពយន្តគំនូរជីវចល DreamWorks ឆ្នាំ ២០១០ ប៉ុន្តែជា Version មនុស្សសម្ដែង និងត្រៀមចេញបញ្ចាំងនៅពាក់កណ្ដាលខែមិថុនា។

 


ចំណែកកំពូលតារាហូលីវូដ Tom Cruise នឹងត្រលប់មកសម្តែងជាភ្នាក់ងារសម្ងាត់ម្ដងទៀតក្នុងវគ្គប្រាំបីនៃរឿង "Mission: Impossible" មានចំណងជើងថា “The Final Reckoning” ត្រៀមចេញបញ្ចាំងនៅចុងខែឧសភា។

 


រីឯស្ទូឌីយោ Walt Disney Pictures បានចេញផ្សាយឈុតខ្លីៗសម្រាប់រឿង "Thunderbolts*" ជាភាពយន្តបាញ់ប្រហារនិយាយអំពី Supervillain មួយក្រុមដែលត្រូវបានជ្រើសរើសសម្រាប់បេសកកម្មរដ្ឋាភិបាល។ ភាពយន្តនេះត្រៀមចេញបញ្ចាំងនៅដើមខែឧសភា។

 

 


សម្រាប់អ្នកគាំទ្រតារាសម្ដែង Rami Malek (រ៉ាមី ម៉ាឡេក) វិញ ក៏បានឃើញឈុតខ្លីៗដំបូងនៃរឿង "The Amateur" ជាភាពយន្តត្រៀមចេញបញ្ចាំងនៅពាក់កណ្ដាលខែមេសា ដែលនិយាយពីភ្នាក់ងារ CIA ម្នាក់ដែលជីវិតធ្លាក់ចុះនៅពេលប្រពន្ធរបស់ខ្លួនស្លាប់ក្នុងការវាយប្រហារភេរវកម្មនៅទីក្រុងឡុងដ៍។

 

 


គួរបញ្ជាក់ដែរថា កម្មវិធី Super Bowl ឆ្នាំនេះក៏មានការសម្តែងពីតារាចម្រៀងរ៉េប Kendrick Lamar និងការសម្ដែងភ្លេងជាតិដោយតារាចម្រៀង Jon Batiste (ចន បេតធីស)៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025