ថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៥

ស្វាមី Barbie Hsu ប្រកាសប្រគល់កេរ្តិ៍មរតករាប់សិបលានដុល្លារឱ្យម្ដាយក្មេក

០៧ កុម្ភៈ ២០២៥ | កម្សាន្ដ

 តារាចម្រៀងកូរ៉េ DJ Koo ស្វាមីរបស់តារាសម្ដែងតៃវ៉ាន់ Barbie Hsu ឬតួសាន់ឆាយបានបញ្ជាក់ច្បាស់ហើយ ថានឹងប្រគល់កេរ្តិ៍មរតកទាំងអស់របស់ភរិយាទៅឱ្យម្ដាយ និងកូនៗនាង។

 


តារាចម្រៀងដែលមានឈ្មោះដើមថា Koo Jun-yup បានចែករំលែកសារលើបណ្តាញសង្គមកាលពីថ្ងៃព្រហស្បតិ៍ដោយបង្ហាញពីទុក្ខសោកចំពោះការបាត់បង់ភរិយា និងបកស្រាយចំពោះការចុះផ្សាយរបស់សារព័ត៌មានមួយចំនួនពាក់ព័ន្ធការបែងចែកទ្រព្យសម្បត្តិរបស់ភរិយា។

 


អតីតអ្នកចម្រៀងខេប៉ុបរូបនេះបានរិះគន់បុគ្គលមួយចំនួនចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតនិងបញ្ជាក់ថា៖ "ទ្រព្យសម្បត្តិទាំងអស់របស់ Hsu គឺជាការខិតខំប្រឹងប្រែងរបស់នាងដើម្បីផ្គត់ផ្គង់គ្រួសារដែលនាងស្រឡាញ់ ដូច្នេះខ្ញុំបានសម្រេចចិត្តប្រគល់សិទ្ធិអំណាចពេញលេញលើទ្រព្យទាំងនេះទៅឱ្យម្តាយក្មេករបស់ខ្ញុំ។ ចំពោះចំណែករបស់កូនៗ ខ្ញុំនឹងចាត់វិធានការផ្លូវច្បាប់តាមរយៈមេធាវី ដើម្បីធានាថាមនុស្សអាក្រក់មិនអាចប៉ះពាល់បានឡើយ ហើយនឹងការពារទុកឱ្យពួកគេរហូតដល់ពួកគេធំពេញវ័យ”។

 


សូមរំឭកថា Barbie Hsu បានទទួលមរណភាពកាលពីថ្ងៃទី ២ ខែកុម្ភៈ ក្នុងអាយុ ៤៨ឆ្នាំ ខណៈពេលធ្វើដំណើរក្នុងប្រទេសជប៉ុន ដោយសារជំងឺរលាកសួតធ្ងន់ធ្ងរ។ នាងធ្លាប់បានរៀបការជាមួយមហាសេដ្ឋីចិន Wang Xiaofei ក្នុងឆ្នាំ ២០១១ និងមានកូនប្រុសម្នាក់ កូនស្រីម្នាក់ មុនពេលលែងលះគ្នានៅឆ្នាំ ២០២១។ ផ្អែកតាមសារព័ត៌មាន Mirror Media បានឱ្យដឹងថាបន្ទាប់ពីលែងលះ សាន់ឆាយទទួលបានចំណែកទ្រព្យសម្បត្តិ ១៩ លានដុល្លារ។

 

 

សារព័ត៌មានតៃវ៉ាន់ ETToday បានរាយការណ៍ថាបើទោះបីសម្រាកពីការងារសម្ដែងយូរហើយក្ដី ប៉ុន្តែពីចំណូលរបស់នាងពីការទទួលផ្សាយពាណិជ្ជកម្មនានាកន្លងមកគឺមិនតិចជាង ៤,៧ លានដុល្លារនោះឡើយ ហើយនាងក៏នៅមានវីឡាប្រណិតចំនួន ២ កន្លែងដែលមានតម្លៃសរុបចូលគ្នាប្រមាណ ១៨ លានដុល្លារ។

 


ក្នុងឆ្នាំ ២០២២ Barbie Hsu បានរៀបការម្ដងទៀតជាមួយ DJ Koo។ ខណៈគូស្នេហ៍មួយគូនេះធ្លាប់ស្រលាញ់គ្នាម្ដងហើយកាលពីឆ្នាំ ១៩៩៨ ការត្រលប់មកជួបគ្នាម្តងទៀតបន្ទាប់ពីបែកគ្នា ២៣ ឆ្នាំ ធ្វើឱ្យជីវិតគូរបស់ពួកគេទាក់ទាញចំណាប់អារម្មណ៍មហាជនកាន់តែខ្លាំង ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025