ថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៥
តារាហូលីវូដល្បីៗជាច្រើនរូបដូចជា Angelina Jolie និង Ariana Grande បានបង្ហាញវត្តមានយ៉ាងស្រស់ស្អាតក្នុងកម្មវិធី Critics Choice Awards ដែលជាកម្មវិធីពានរង្វាន់សំខាន់មួយទៀតសម្រាប់វិស័យភាពយន្តនៅអាមេរិក។
តារាសម្ដែងក្នុងភាពយន្ត "Wicked" គឺ Cynthia Erivo (ស៊ីនធីអា អ៊ីរីវ៉ូ) និង Ariana Grande (អារីអាណា ក្រេនដេ) បានបង្ហាញខ្លួនជាមួយគ្នាម្ដងទៀតលើកម្រាលព្រំក្រហមនៃកម្មវិធីពានរង្វាន់ Critics Choice ដែលបានរៀបចំឡើងនៅទីក្រុង Santa Monica រដ្ឋ California កាលពីចុងសប្ដាហ៍កន្លងទៅ។ តារាសម្ដែងល្បីៗជាច្រើនទៀតដែលបានចូលរួមក្នុងកម្មវិធីនេះដែររួមមាន Nicole Kidman (នីកូល ឃីតមេន), Angelina Jolie និង Orlando Bloom ជាដើម។
សម្រាប់ជយលាភីក្នុងកម្មវិធីនៅឆ្នាំនេះ ពានរង្វាន់ធំភាពយន្តល្អបំផុតបានទៅលើភាពយន្ត "Anora" ដែលជារឿងបែបកំប្លែងនិយាយពីទំនាក់ទំនងអ្នករាំវ័យក្មេងម្នាក់ជាមួយកូនប្រុសរបស់មហាសេដ្ឋីរុស្ស៊ី។
ជយលាភីលេចធ្លោផ្សេងទៀតរួមមានភាពយន្តអំពីស្ដេចគ្រឿងញៀនកែភេទ "Emilia Perez", ភាពយន្តល្ខោនតន្ត្រី "Wicked" និងភាពយន្តរន្ធត់បែបវិទ្យាសាស្ត្រ "The Substance" ដែលរឿងនីមួយៗបានទទួលបានពានរង្វាន់ចំនួនបី។
ក្នុងនោះ ភាពយន្តនិយាយភាសាអេស្ប៉ាញ "Emilia Perez" បានឈ្នះពានរង្វាន់សម្រាប់ខ្សែភាពយន្តភាសាបរទេសល្អបំផុត ពានរង្វាន់បទចម្រៀងល្អបំផុត និងពានរង្វាន់តួរងស្រីសម្រាប់ Zoe Saldana (ហ្សូអ៊ី សាលដាណា)។
តារាសម្ដែងស្រីជើងចាស់ Demi Moore (ដេមី ម័រ) បានឈ្នះពានរង្វាន់តួឯកស្រីឆ្នើមសម្រាប់រឿង "The Substance" ខណៈអ្នកដឹកនាំភាពយន្ត "Wicked" Jon M. Chu បានឈ្នះពានរង្វាន់អ្នកដឹកនាំឆ្នើម ៕
ប្រែសម្រួល៖ វ៉ាន់ថន