ថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៥

BLACKPINK ប្រកាសផ្លូវការពីប្រគំតន្ត្រីទេសចរណ៍ពិភពលោកឆ្នាំ២០២៥

០៦ កុម្ភៈ ២០២៥ | កម្សាន្ដ

 

ក្រោយសម្រាកការងារក្រុមជាងមួយឆ្នាំកន្លះ នៅពេលនេះ BLACKPINK បានប្រកាសផ្លូវការសម្រាប់ការប្រគំតន្ត្រីទេសចរណ៍ World Tour សម្រាប់ឆ្នាំ២០២៥។នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈនេះ ផលិតកម្ម YG Entertainment បានប្រកាសថាក្រុមចម្រៀងនារី K-pop ដ៏ពេញនិយម BLACKPINK នឹងចាប់ផ្តើមដំណើរប្រគំទេសចរណ៍ពិភពលោកថ្មីនៅឆ្នាំនេះ ប៉ុន្តែមិនទាន់បានផ្ដល់ព័ត៌មានលម្អិតផ្សេងៗដូចជាកាលបរិច្ឆេទ និងទីតាំងសម្រាប់ការសម្ដែងនោះទេ។

 


ទោះយ៉ាងណាការប្រគំតន្ត្រីនេះមិនត្រូវបានគេរំពឹងថាអាចកើតឡើងក្នុងឆមាសដំបូងនៃឆ្នាំនេះនោះទេ ខណៈប៉ុន្មានខែខាងមុខនេះសមាជិកក្រុមម្នាក់ៗសុទ្ធតែមានកាលវិភាគមមាញឹកសម្រាប់គម្រោង Solo Album រៀងៗខ្លួន។ 

 


ជាក់ស្ដែង មុននេះមួយថ្ងៃគឺកាលពីថ្ងៃទី៥ ខែកុម្ភៈ សមាជិក Jisoo ទើបតែប្រកាសអំពីគម្រោង Fan Meeting ទូទាំងអាស៊ីជាលើកដំបូងរបស់ខ្លួនសម្រាប់អាល់ប៊ុមទោល “Amortage” ដែលត្រៀមចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ដោយបន្ទាប់ពីរៀបចំកម្មវិធីពិសេសនៅទីក្រុងក្នុងថ្ងៃចេញអាល់ប៊ុមនេះ Jisoo នឹងចាប់ផ្ដើមការប្រគំតន្ត្រីសម្រាប់អ្នកគាំទ្រអាស៊ីមានឈ្មោះថា “Lights, Love, Action!” នៅទីក្រុងចំនួនប្រាំពីររួមមានគឺ ម៉ានីល បាងកក តូក្យូ ម៉ាកាវ តៃប៉ិ តៃវ៉ាន់ ហុងកុង និងហាណូយ។

 


ចំណែកសមាជិក Jennie ក៏កំពុងត្រៀមចេញអាល់ប៊ុមទោលថ្មីមានចំណងជើងថា “Ruby” នៅថ្ងៃទី៧ ខែមីនាខាងមុខនេះ និងមានគម្រោងធ្វើ Solo Tour មួយចំនួនដើម្បីផ្សព្វផ្សាយអាល់ប៊ុមថ្មីនេះដែរ។

 

 

តាមរយៈការប្រកាសលើ Instagram Jennie បានបញ្ជាក់ថា នាងនឹងរៀបចំការសម្ដែងទោលចំនួន ៤ នៅទីក្រុង Los Angeles ទីក្រុង New York និងទីក្រុងសេអ៊ូលពីថ្ងៃទី៦ ដល់ថ្ងៃទី១៥ ខែមីនា។ 

 


គួរបញ្ជាក់ថា ការប្រគំតន្ត្រីទេសចរណ៍របស់ BLACKPINK ក្នុងឆ្នាំ២០២៥នេះនឹងក្លាយជា World Tour ជុំគ្នាលើកដំបូងរបស់ពួកគេក្នុងរយៈពេលមួយឆ្នាំប្រាំខែចាប់តាំងពីការប្រគំតន្ត្រីទេសចរណ៍ "Born Pink" បានរៀបចំពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ ដោយកាលនោះបានទាក់ទាញអ្នកគាំទ្រចូលទស្សនាប្រហែល ១,៨ លាននាក់នៅ ៣៤ ទីក្រុងទូទាំងពិភពលោក និងក្លាយជាការប្រគំតន្ត្រីទេសចរណ៍ពិភពលោកខ្នាតធំបំផុតពីក្រុមនារី K-pop ៕

 


 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025