ថ្ងៃអង្គារ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥
ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសឡាវ។ ដំណើរបំពេញទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន រយៈពេល ២ថ្ងៃ នៅប្រទេសឡាវ ជាប់ព្រំដែនប្រទេសកម្ពុជា នាពេលនេះ នឹងផ្តល់សម្ទុះថ្មី ក្នុងការពង្រឹង និងលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងកម្ពុជា និងឡាវ ឱ្យកាន់តែរឹងមាំស៊ីជម្រៅ និងប្រកបដោយផ្លែផ្កាបន្ថែមទៀត។
នៅព្រឹកព្រលឹម ថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចាកចេញពីរាជធានីភ្នំពេញ តាមយន្តហោះពិសេស ទៅបំពេញទស្សនកិច្ចផ្លូវការរយៈពេល ២ថ្ងៃ នៅប្រទេសឡាវ ចាប់ពីថ្ងៃទី៦-៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។នៅពេលអញ្ជើញដល់ប្រទេសឡាវ សម្ដេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រូវបានទទួលការធ្វើគារវកិច្ចស្វាគមន៍រាក់ទាក់ និងកក់ក្តៅជាទីបំផុត ពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសឡាវ និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត។
សមាសភាពគណៈប្រតិភូអមដំណើរសម្តេចតេជោ ហ៊ុន សែន ក្នុងទស្សនកិច្ចទៅកាន់ប្រទេសឡាវ នាព្រឹកមិញនេះ រួមមាន សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា, ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈទាក់ទងបរទេសនៃគណបក្សប្រជាជនកម្ពុជា ព្រមទាំងសមាជិកព្រឹទ្ធសភា-រដ្ឋសភា និងថ្នាក់ដឹកនាំសំខាន់ៗនៃស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា និងគណបក្សប្រជាជនកម្ពុជា។
នៅពេលផ្តើមដំណើរទស្សនកិច្ចនៅប្រទេសឡាវ នាថ្ងៃទី៦ ខែកុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម សាយសំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ។ក្រៅពីនេះ សម្តេចតេជោ ក៏ត្រូវជួបពិភាក្សាការងារជាមួយឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ និងធ្វើជាសហប្រធានជាមួយឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ និងជាអគ្គលេខាធិការគណបក្សប្រជាជនបដិវត្តន៍ឡាវ ដឹកនាំកិច្ចប្រជុំកំពូល លើកទី១៥ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាជនបដិវត្តន៍ឡាវ។
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានបញ្ជាក់ក្នុងសេចក្តីប្រកាសថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែនទៅកាន់ប្រទេសឡាវ ២ថ្ងៃនេះ នឹងផ្តល់សម្ទុះថ្មី ក្នុងការពង្រឹង និងលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឱ្យកាន់តែរឹងមាំ ស៊ីជម្រៅ និងប្រកបដោយផ្លែផ្កាបន្ថែមទៀត៕
អត្ថបទ៖ ទេព សុរ៉ាវី រូបភាព៖ សុខ ពិសិដ្ឋ