ថ្ងៃអង្គារ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥

នាវាទេសចរណ៍បរទេស ២គ្រឿង ចូលចតនៅខេត្តព្រះសីហនុ នាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ ជាង ២ ០០០នាក់ មកទស្សនាប្រទេសកម្ពុជា

០៧ កុម្ភៈ ២០២៥ | ព័ត៌មានជាតិ

 

មន្ត្រីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឲ្យដឹងថា មាននាវាទេសចរណ៍បរទេសចំនួន ២គ្រឿង ចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងថ្ងៃតែមួយ នាំភ្ញៀវទេសចរ ចម្រុះជាតិសាសន៍ជាង ២ ០០០នាក់ មកទស្សនាប្រទេសកម្ពុជា។

 

 


របាយការណ៍ពីសមត្ថកិច្ច នៅកំពង់ផែ បញ្ជាក់ថា នៅវេលាម៉ោង ០៧ និង៣០នាទី ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នាវាទេសចរណ៍អន្តរជាតិទី១ បានចូលចតនៅកំពង់ផែស្វយ័តអន្តរជាតិខេត្តព្រះសីហនុ ដឹកភ្ញៀវទេសចរចំនួន១ ៩០៩នាក់ ស្រីចំនួន ៩៨៣នាក់ និងមាននាវឹក ៧៨៥នាក់ ស្រី ១៣៩នាក់ មកទស្សនាប្រទេសកម្ពុជា រយៈពេលមួយថ្ងៃ។ នាវាទី១នេះ នឹងចាកចេញត្រឡប់ទៅវិញ នៅវេលាម៉ោង ២១ និង០០នាទី ថ្ងៃខែឆ្នាំដដែល។

 

 

 


ជាមួយគ្នានេះ នៅវេលាម៉ោង ៨ និង៥០នាទី ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ថ្ងៃដដែលនេះ នាវាទេសចរណ៍អន្តរជាតិមួយគ្រឿងទៀត ដែលជានាវាទី២  ក៏បានចូលចតនៅកំពង់ផែស្វយ័តអន្តរជាតិខេត្តព្រះសីហនុ ដោយមានភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន ២៦៣នាក់ ស្រីចំនួន ១៤៣នាក់ និងមាននាវឹក ចំនួន៣៥០ នាក់ ស្រី ៩៩នាក់ មកទស្សនាប្រទេសកម្ពុជា រយៈពេលមួយថ្ងៃដូចគ្នា។ នាវាទី២នេះ ចាកចេញទៅវិញ នៅវេលាម៉ោង ២២ និង០០នាទី នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដដែលនេះ៕
 

 

 

 

អត្ថបទ៖ ហ៊ុយ ប៊ុនឡេង    រូបភាព៖ ឡេង ប៊ុននី

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025