ថ្ងៃអង្គារ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥

និយ័តករធានារ៉ាប់រង អំពាវនាវដល់ប្រតិបត្តិករអាជីវកម្មដឹកជញ្ជូនអ្នកដំណើរទាំងអស់ ត្រូវទិញធានារ៉ាប់រងជាកាតព្វកិច្ចរបស់ខ្លួន

១១ កុម្ភៈ ២០២៥ | សេដ្ឋកិច្ច

 

និយ័តករធានារ៉ាប់រងកម្ពុជា អំពាវនាវដល់ម្ចាស់យានយន្ត និងប្រតិបត្តិករអាជីវកម្ម ដឹកជញ្ជូនអ្នកដំណើរទាំងអស់នៅកម្ពុជា ត្រូវទិញធានារ៉ាប់រងជាកាតព្វកិច្ចរបស់ខ្លួន។  ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការធានារ៉ាប់រងជាកាតព្វកិច្ច ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានលើកឡើងថា និយ័តករធានារ៉ាប់រងកម្ពុជា ជំរុញឲ្យម្ចាស់យានយន្ត ប្រតិបត្តិករអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ និងម្ចាស់ការដ្ឋានសាងសង់ទាំងអស់នៅក្នុងប្រទេសកម្ពុជា ត្រូវទិញធានារ៉ាប់រងជាកាតព្វកិច្ចលើភារទទួលខុសត្រូវរបស់ខ្លួន ខណៈដែលយានយន្តមានកំណើនកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

 


ស្ថិតក្នុងឱកាសនោះ និយ័តករធានារ៉ាប់រងកម្ពុជា បានបន្តថា វិស័យធានារ៉ាប់រងកម្ពុជា បាននិងកំពុងដើរតួនាទីមួយយ៉ាងសំខាន់ក្នុងការរួមចំណែកគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ ជាពិសេសទ្រទ្រង់ដល់ប្រព័ន្ធសន្តិសុខសង្គមតាមរយៈការបង្កើនជាសំណាញ់សុវត្ថិភាព និងបង្កើនភាពធន់ផ្នែកហិរញ្ញវត្ថុ ប្រឈមនឹងហានិភ័យដែលត្រូវបានធានាជូនបណ្តាប្រជាពលរដ្ឋ ក្រុមគ្រួសារ និងម្ចាស់អាជីវកម្មនានា។ 

 


លើសពីនេះ ទីផ្សារធានារ៉ាប់រងកម្ពុជា គឺជាទីផ្សារមួយដែលកំពុងតែមានការវិវត្តន៍ឆ្ពោះទៅមុខយ៉ាងឆាប់រហ័ស គួរឲ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ ដែលគិតត្រឹមបច្ចុប្បន្នមានក្រុមហ៊ុនធានារ៉ាប់រងទាំងអស់ចំនួន ៤០ កំពុងតែធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងទំហំបុព្វលាភប្រមាណជាង ៣៧០លានដុល្លារអាមេរិក និងទ្រព្យសកម្មសរុបជាង ១,២ប៊ីលានដុល្លារអាមេរិក និងមានផលិតផលសំបូរបែបដូចជាធានារ៉ាប់រងអាយុជីវិត ធានារ៉ាប់រងសុខភាព ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល ធានារ៉ាប់រងទ្រព្យសម្បត្តិ ធានារ៉ាប់រងយានយន្ត ធានារ៉ាប់រងការដ្ឋាន រហូតដល់ធានារ៉ាប់រងខ្នាតតូច សំរាប់ប្រជាពលរដ្ឋដែលមានចំណូលទាប។

 


ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានកត់សម្គាល់ឃើញថា ការទិញធានារ៉ាប់រងជាកាតព្វកិច្ចពីសំណាក់ក្រុមហ៊ុន សហគ្រាស និងម្ចាស់អាជីវកម្មនៅកម្ពុជា ហាក់នៅមានកម្រិតនៅឡើយ បើទោះបីវិស័យនេះបានតួនាទីយ៉ាងសំខាន់ក្នុងការជួយធានា និងការពារហានិភ័យជូនពួកគេពេលជួបបញ្ហាអ្វីកើតឡើងដោយចៃដន្យក៏ដោយ ក៏ការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ចមានកម្រិតតិចតួច ក៏ដោយសារតែម្ចាស់យានយន្ត ម្ចាស់អាជីវកម្ម និងម្ចាស់ការដ្ឋានទាំងនោះ មិនទាន់យល់ដឹងអំពីកាពត្វកិច្ចនេះ ដោយសារការផ្សព្វផ្សាយនៅពុំទាន់ទូលំទូលាយ ខណៈក្រសួងស្ថាប័នដែលមានសមត្ថកិច្ចអនុវត្ដពុំទាន់ជ្រាបច្បាស់ពីកាតព្វកិច្ច នៃការអនុវត្តការធានារ៉ាប់រងនេះនៅឡើយ។

 


ជាមួយគ្នានេះ លោកជំទាវ តិមា វិច្ឆិកាល អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ការធានារ៉ាប់រងភារទទួលខុសត្រូវ ការដឹកជញ្ជូនអ្នកដំណើរដែលកំណត់ថា ប្រតិបត្តិករអាជីវកម្ម ដឹកជញ្ជូនអ្នកដំណើររួមទាំងភ្ញៀវទេសចរតាមមធ្យោបាយដឹកជញ្ជូននានា ដែលមានការធានារ៉ាប់រងភារទទួលខុសត្រូវចំពោះអ្នកដំណើរដែលជិះតាមមធ្យោបាយដឹកជញ្ជូនរបស់ខ្លួន ទោះបីជាមធ្យោបាយនោះ ចរាចរណ៍តាមផ្លូវគោក ផ្លូវទឹក ផ្លូវដែក ឬ ផ្លូវអាកាស ក៏ដោយ និងការធានារ៉ាប់រងភារទទួលខុសត្រូវលើការដ្ឋាន ដែលកំណត់ថា រូបវ័ន្តបុគ្គល ឬ នីតិបុគ្គល ទាំងឡាយដែលជាម្ចាស់ការដ្ឋានត្រូវមានភស្តុតាង បញ្ជាក់ថា ខ្លួនមានកិច្ចសន្យាធានារ៉ាប់រងលើភារទទួលខុសត្រូវការដ្ឋាន ដែលធានាសំណងជូនជនរងគ្រោះ ដែលរងផលប៉ះពាល់ទាំងរូបរាងកាយ និងទ្រព្យសម្បតិ្ត ដែលបង្កដោយសកម្មភាពរបស់ការដ្ឋាន។

 


គួររំលឹកបន្តិថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤ បុព្វលាភធានារ៉ាប់រងជាកាតព្វកិច្ចមានទំហំប្រមាណ ១១លានដុល្លារ ក្នុងនោះបុព្វលាភធានារ៉ាប់រងលើយានយន្តមានប្រមាណ ៤លានដុល្លារ ធានារ៉ាប់រងលើការដឹកជញ្ជូនអ្នកដំណើរប្រមាណ ១លានដុល្លារ និងធានារ៉ាប់លើការដ្ឋានមានប្រមាណ ៥លានដុល្លារ ហើយគិតមកទល់ពេលនេះ មានក្រុមហ៊ុនធានារ៉ាប់រងចំនួន៤០ កំពុងធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជា ជាមួយនឹងទំហំបុព្វលាភសរុបប្រមាណជាង ៣៧០លានដុល្លារអាមេរិក។
សូមជម្រាបថា បើយោងតាមទិន្នន័យបច្ចុប្បន្ន ចំនួនយានយន្តដែលបានចុះបញ្ជីប្រកបអាជីវកម្មដឹកជញ្ជូនទំនិញមានចំនួន ៨ម៉ឺន៣ពាន់គ្រឿង និងចំនួនយាយន្តដែលបានចុះបញ្ជីប្រកបអាជីវកម្មដឹកជញ្ជូនអ្នកដំណើរមានចំនួន ២ម៉ឺន៣ពាន់គ្រឿង៕

 

 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ អ៊ិន អាត 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025