ថ្ងៃអង្គារ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥
ស្រូវអង្ករ គឺជាអាហារដ៏សំខាន់ និងធំជាងគេក្នុងពិភពលោក ស្រូវអង្ករ គឺជាវិស័យដ៏សំខាន់មួយដែលរាជរដ្ឋាភិបាល បាននិងកំពុងជំរុញឱ្យមានការវិនិយោគបន្ថែម និងការពង្រីកទីផ្សារ ទៅកាន់ទីផ្សារអន្តរជាតិ ខណៈក្រសួងពាណិជ្ជកម្ម បានខិតខំស្វះស្វែងរកគ្រប់មធ្យោបាយ ក្នុងការជួយដល់វិស័យនេះ ឱ្យមានភាពប្រកួតប្រជែងកាន់តែប្រសើរឡើងសម្រាប់តម្រូវការក្នុងស្រុក ស្រូវអង្ករ កម្ពុជាក៏ជាផលិតផលនាំចេញឈានមុខរបស់កម្ពុជា ដែលមានការទទួលស្គាល់ពីបរទេស លើផ្នែកគុណភាព រសជាតិ ក្លិន ភាពទន់ និងចំណុចពិសេសៗ ផ្សេងទៀត។
លោក មុន្នី ឆវិន ជានាយកប្រតិបត្តិផ្នែកលក់អង្ករ នៅរោងម៉ាស៊ីនកិនកូនខ្មែរ នៅខេត្តបាត់ដំបង បានឲ្យក្រុមការងារសេដ្ឋកិច្ច ភីអិនអិន ដឹងថា ការដែលលោកចាប់អាជីវជាអ្នកលក់អង្ករនេះ លោកសម្លឹងឃើញថា លោកអាចជួយដល់កសិករខ្មែរឲ្យទទួលបាននូវចំណូលខ្ពស់ ខណៈស្រូវ គឺលោកទទួលទិញពីប្រជាកសិករខ្មែរទាំងអស់ ក្នុងន័យជួយជំរុញការលក់អង្ករឲ្យបានច្រើន និងជួយដល់ជីវភាពរបស់កសិករខ្មែរផងដែរ។ ក្រៅពីនេះ រោងម៉ាស៊ីនរបស់លោក មានលក់អង្ករចំនួន ៥ប្រភេទ ដែលជាអង្ករល្អជាងគេ នោះមានដូចជា អង្ករផ្កាម្លិះ(ស្រូវវស្សារបស់ខ្មែរ) លក់ចេញនៅលើទីផ្សារ ៤ពាន់៦រយរៀល ផ្កាខ្ញីលលេខ១ ៤ពាន់៦រយរៀល សែនក្រអូប នាងម៉ិញ ២ពាន់៦រយ ក្នុង១គីឡូ និងប្រភេទម្លិះ៣កំណាត់ ២ពាន់២រយ ក្នុង១គីឡូ។
លោក មុន្នី ឆវិន ជានាយកប្រតិបត្តិផ្នែកលក់អង្ករ បានបន្តថា ស្រូវ-អង្ករ គឺជាដំណាំដែលមានសក្ដានុពលទី១ សម្រាប់កម្ពុជា ទាំងការដាំដុះ ការកែច្នៃ និងនាំចេញ។ លោក ឆវិន ជាអ្នកខេត្តបាត់ដំបង ដោយអង្កររបស់លោកត្រូវបានចែកចាយ និងផ្គត់ផ្គង់ក្នុងស្រុកទូទាំង ២៥ ខេត្តក្រុង ក្នុងនោះ ខេត្តដែលទទួលទិញអង្ករច្រើនជាងគេ មានដូចជា ខេត្តកំពង់ធំ ខេត្តបាត់ដំបង ភ្នំពេញ ក្រចេះ មណ្ឌលគិរី កំពង់ឆ្នាំ និងឧត្តរមានជ័យ។ ជាងនេះទៅទៀត លោក ពិតជាចង់នាំចេញអង្កររបស់ខ្លួនទៅកាន់ទីផ្សារក្រៅប្រទេស ខណៈលោកក៏កំពុងតែត្រៀមរៀបចំឯកសារមួយចំនួន និងសុំកូតាពីរាជរដ្ឋាភិបាលក្នុងការនាំចេញ។
លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា ចង់ឱ្យមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ទុនបម្រុងសម្រាប់ខាងរោងម៉ាស៊ីនទិញស្រូវស្តុកទុក ពេលប្រមូលផល និងការរៀបចំមធ្យោបាយចំណាយផ្សេងៗ ដូចជា ថាមពលអគ្គិសនី ការដឹកជញ្ជូន កំពង់ផែ ឱ្យកាន់តែប្រសើរឡើង នឹងអាចធានាបាននូវនិរន្តភាពនៃការផលិត និងអាចប្រកួតប្រជែងជាមួយប្រទេសផ្សេងទៀតដែលផលិតស្រូវដូចកម្ពុជាផងដែរ។
ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB ) បានលើកឡើង នៅក្នុងសន្និសិទ្ធសារព័ត៌មាន ស្តីពីស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង ថា រាជរដ្ឋាភិបាលតាមរយៈធនាគារ ARDB បានទម្លាក់ថវិកា ៥លើករួចមកហើយ ដើម្បីអភិវឌ្ឍន៍វិស័យស្រូវអង្ករ និងរក្សាស្ថេរភាពថ្លៃ ដែលមានទំហំទឹកប្រាក់ប្រមាណជាង ២០០លានដុល្លារ ខណៈនៅថ្ងៃទី១៥ មករា ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលបានសម្រេចទម្លាក់ថវិកាប្រមាណ ៣០លានដុល្លារបន្ថែមទៀត ក្រៅពីនោះ គឺជាទុនសម្រាប់បង្វិលទិញស្រូវ និងកែច្នៃអង្ករលក់ ដើម្បីជួយដល់ការរក្សាលំនឹងថ្លៃស្រូវរបស់កសិករនាពេលនេះ។បើយោងតាមរបាយការណ៍របស់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញថា បច្ចុប្បន្នកម្ពុជា មានរោងម៉ាស៊ីនកិនស្រូវខ្នាតធំចំនួន ១៩មូលដ្ឋាន ជាមួយដើមទុនវិនិយោគជាង ៣៤២លានដុល្លារអាមេរិក និងម៉ាស៊ីនកិនស្រូវខ្នាតតូច និងមធ្យមចំនួន ២ម៉ឺន មូលដ្ឋាននៅទូទាំងប្រទេស ដែលមានទុនសរុបជាង ១១១ លានដុល្លារ។
លើសពីនេះ ការបន្តនិរន្តរភាពប្រតិបត្តិការ និងភាពធន់របស់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញទាំងអស់ គឺកើតចេញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល លើការបង្កើនភាពប្រកួតប្រជែងតាមរយៈយន្តការ លើកលែងពន្ធគ្រប់ប្រភេទ សម្រួលសេវាគ្រប់ប្រភេទសម្រាប់ការនាំចេញ និងប្រតិបត្តិការរបស់រោងម៉ាស៊ីនកិនស្រូវ ការអន្តរាគមន៍ហិរញ្ញវត្ថុតាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្ររបស់រាជរដ្ឋាភិបាល ការផ្តល់យកចិត្តទុកដាក់លើការដាំដុះ និងការពង្រឹងប្រព័ន្ធពូជសុទ្ធរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាមូលដ្ឋានសំខាន់សម្រាប់ធ្វើឱ្យដំណាំស្រូវ បានរីកចម្រើនកើនឡើងពីជាង ៨លានតោន កើនដល់ជាង ១២លានតោននៅឆ្នាំ២០២៣ ខណៈរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់នៅក្នុងវិស័យស្រូវអង្ករ តាមបណ្ដោយខ្សែច្រវាក់តម្លៃទាំងមូល ចាប់ពីការដាំដុះ ប្រមូលផលទៅដល់ការកែច្នៃ វេចខ្ចប់ ហើយរៀបចំលក់ ធ្វើពាណិជ្ជកម្មក្នុងស្រុក និងអន្តរជាតិ។
ទន្ទឹមនឹងនេះ ប្រទេសកម្ពុជា ជាប្រទេសដែលមានខឿនសេដ្ឋកិច្ច ពឹងផ្អែកមួយភាគធំលើវិស័យកសិកម្ម និងមានប្រជាពលរដ្ឋភាគច្រើនលើសលុបរស់នៅទីជនបទ និងប្រកបរបរកសិកម្មសម្រាប់ចិញ្ចឹមជីវិត កម្ពុជា មានសក្តានុពល ដែលអាចផលិតអង្ករសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកបានគ្រប់គ្រាន់ និងមានអតិរេករហូតឈានដល់ការនាំចេញ។សូមជម្រាបថា ពេញមួយឆ្នាំ ២០២៤ កម្ពុជាបាននាំចេញអង្ករចំនួន ៦៥ម៉ឺនតោន គិតជាទឹកប្រាក់បានចំនួន ៤៩១លានដុល្លារសហរដ្ឋអាម៉េរិក តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៧ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៦៨។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា៕
អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ អ៊ិន អាត