ថ្ងៃអង្គារ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥
សហគ្រិនខ្មែរ សម្រេចលទ្ធផលល្អប្រសើរសម្រាប់ឆ្នាំ ២០២៤ និងផ្តោតទិសដៅការងារឆ្នាំ ២០២៥ លើការពង្រីកសហគ្រិនភាពក្នុងទីផ្សារសកល។ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលលើកទី១៧ ដើម្បីបូកសរុបការងារ និងវាយតម្លៃសមិទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងឆ្នាំ ២០២៤ ព្រមទាំងពិភាក្សាអំពីទិសដៅយុទ្ធសាស្ត្រសម្រាប់ឆ្នាំ ២០២៥ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានលើកឡើងថា សហគ្រិនខ្មែ សម្រេចលទ្ធផលល្អប្រសើរសម្រាប់ឆ្នាំ ២០២៤ និងផ្តោតទិសដៅការងារឆ្នាំ២០២៥ លើការពង្រីកសហគ្រិនភាពក្នុងទីផ្សារសកល។
ស្ថិតក្នុងកិច្ចប្រជុំនោះ ឯកឧត្ដម ហែម វណ្ណឌី បានគូសបញ្ជាក់ថា លទ្ធផលក្នុងឆ្នាំ ២០២៤ បង្ហាញពីភាពរឹងមាំ និងកិច្ចខិតខំប្រឹងប្រែងរបស់សហគ្រិនខ្មែរ ដែលដើរតួយ៉ាងសំខាន់ក្នុងការជំរុញភាពរីកចម្រើនរបស់អាជីវកម្ម និងពង្រឹងឧត្តមភាពក្នុងប្រព័ន្ធអេកូឡូស៊ី របស់សហគ្រិនភាព។ ក្នុងនោះ សម្រាប់ឆ្នាំ ២០២៥ បេសកកម្មរបស់សហគ្រិនខ្មែរ នឹងបន្តផ្តោតលើការផ្តល់នូវធនធានចាំបាច់ ជំនាញ បច្ចេកទេស និងឱកាសផ្សេងៗសម្រាប់សហគ្រិនកម្ពុជា ដើម្បីឱ្យពួកគេអាចរីកចម្រើននៅក្នុងទីផ្សារសកល ខណៈនេះជាឆ្នាំដ៏សំខាន់សម្រាប់សហគ្រិនខ្មែរ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាមួយដៃគូជាតិ និងអន្តរជាតិ ដើម្បីកសាងមូលដ្ឋានដែលមានភាពប្រកួតប្រជែង សម្រាប់ការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា ប្រកបដោយចីរភាព ភាពធន់ និងបរិយាប័ន្ន។
ជាមួយគ្នានេះ ក្រុមប្រឹក្សាបរធនបាល បានបង្ហាញការបន្តគាំទ្រចក្ខុវិស័យរបស់សហគ្រិនខ្មែរ ក្នុងការរួមចំណែកកសាងប្រព័ន្ធនវានុវត្តន៍ ជំរុញកំណើនធុរកិច្ច និងលើកកម្ពស់ភាពជាដៃគូជាមួយដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធនៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា។ ជាពិសេសការពង្រីកសហគ្រិនភាពក្នុងទីផ្សារសកល សហគ្រិនខ្មែរបានគាំទ្រសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការដឹកនាំក្រុមហ៊ុន នាំចេញអង្ករចំនួន ១២ ចូលរួមតាំងពិព័រណ៍អន្តរជាតិ Salon International de l'Alimentation (SIAL) Paris នៅប្រទេសបារាំង។
នៅក្នុងឆ្នាំ ២០២៤ កម្មវិធីតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិ មានក្រុមហ៊ុនប្រមាណ ៧ពាន់៨រយ ក្រុមហ៊ុន មកពី ១៣០ ប្រទេស បានមកចូលរួមតាំងពិព័រណ៍ និងមានផលិតផលចំនួន ៤សែន ប្រភេទ ដែលរួមមានផលិតផល ចំណីអាហារ ភេសជ្ជៈ និងគ្រាប់ធុញ្ញជាតិ និងមានអ្នកចូលទស្សនាសរុបប្រមាណ ២៨ម៉ឺននាក់ មកពីប្រមាណ ២០០ ប្រទេស។
សូមជម្រាបថា គិតត្រឹមឆ្នាំ២០២៤ សហគ្រិនខ្មែរបានផ្តល់ជំនួយថវិកាគាំទ្រដល់សហគ្រិនចំនួន ៩០៧ នាក់ តាមរយៈកម្មវិធីកញ្ចប់ជំនួយសហគ្រិនខ្មែរ និងកម្មវិធីកៀរគរថវិកាសម្រាប់សហគ្រាសធុនតូច និងមធ្យម។
លើសពីនេះ សហគ្រិនខ្មែរក៏បានផ្តល់ជំនួយបច្ចេកទេស និងជំនួយហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យមជាច្រើននៅកម្ពុជា ដែលផ្តល់លទ្ធភាពឱ្យអ្នកទទួលផលទាំងនោះ ទាក់ទាញហិរញ្ញប្បទានខាងក្រៅបន្ថែម ដែលក្នុងនោះ រួមមានហិរញ្ញប្បទានវិនិយោគប្រមាណ ២៥លានដុល្លារអាមេរិក និងកម្ចីប្រមាណ ១២លានដុល្លារ ចាប់តាំងពីឆ្នាំ ២០២០ មក៕
អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ