ថ្ងៃអង្គារ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥

ជនរងគ្រោះចំនួន៦១នាក់ ត្រូវបានជួយសង្គ្រោះពីការឆបោកតាមទូរគមនាគមន៍នៅប្រទេសមីយ៉ាន់ម៉ា

០៧ កុម្ភៈ ២០២៥ | ព័ត៌មានអន្តរជាតិ

មន្ត្រីអាជ្ញាធរមីយ៉ាន់ម៉ាបាននិយាយថា កងកម្លាំងការពារព្រំដែនមីយ៉ាន់ម៉ាបានជួយសង្គ្រោះមនុស្សចំនួន៦១នាក់ពីការបោកបញ្ឆោតតាមរយៈការហៅទូរសព្ទឱ្យទៅបម្រើការងារនៅក្នុងទីក្រុងម្យ៉ាវ៉ាដឌី (Myawaddy) នៅប្រទេសមីយ៉ាន់ម៉ា។ មន្ត្រីអាជ្ញាធរមីយ៉ាន់ម៉ាបានបញ្ជាក់ថា ជនរងគ្រោះទាំងនេះរួមមានជនជាតិចិនចំនួន៣៩នាក់ ឥណ្ឌាចំនួន១៣នាក់ ឥណ្ឌូនេស៊ីចំនួន៥នាក់ កាហ្សាក់ស្ថានចំនួនម្នាក់ ម៉ាឡេស៊ីចំនួនម្នាក់ អេចូពីចំនួនម្នាក់ និងប៉ាគីស្ថានចំនួនម្នាក់។

 

 

មន្ត្រីមីយ៉ាន់ម៉ាបាននិយាយថា បន្ទាប់ពីបានជួយសង្គ្រោះហើយ ជនរងគ្រោះទាំងនេះត្រូវបានប្រគល់ទៅឱ្យមន្ត្រីអាជ្ញាធររបស់ថៃកាលពីថ្ងៃព្រហស្បតិ៍នៅច្រកស្ពានព្រំដែនថៃ-មីយ៉ាន់ម៉ាទីពីរនៅស្រុកមេសុត ខេត្តតាក់ ប្រទេសថៃ។ រដ្ឋមន្ត្រីការពារជាតិថៃលោក ភូមថាម វេឆាយ៉ាឆៃ (Phumtham Wechayachai) ក៏បានធ្វើដំណើរទៅទីនោះដើម្បីស្វាគមន៍ចំពោះជនរងគ្រោះទាំងនេះផងដែរ។

 

 

លោក ភូមថាម ក៏បាននិយាយដែរថា រដ្ឋាភិបាលថៃកំពុងវាយតម្លៃអំពីផលប៉ះពាល់នៃការសម្រេចចិត្តរបស់ខ្លួនក្នុងការផ្អាកការផ្គត់ផ្គង់អគ្គិសនីទៅកាន់តំបន់ចំនួនបីនៅក្នុងប្រទេសមីយ៉ាន់ម៉ាជាទីដែលបណ្តាញឧក្រិដ្ឋកម្មអនឡាញកំពុងធ្វើសកម្មភាពខ្លាំងនៅទីនោះដោយឆ្លងកាត់ព្រំដែនចេញពីខេត្តតាក់ ខេត្តកានឆាណាប៊ូរី និងខេត្តឈៀងរ៉ៃ៕

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025