ថ្ងៃអង្គារ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥
កំពូលភាពយន្តដាយណូស័រ “Jurassic World” ទើបតែបង្ហាញឈុតខ្លីដំបូងសម្រាប់វគ្គថ្មីមានចំណងជើងថា “Jurassic World Rebirth” ដែលរួមសម្ដែងដោយតួស្រី Avengers, Scarlett Johansson។
Franchise ភាពយន្តពិភពដាយណូស័រដ៏ល្បីល្បាញដែលរកចំណូលបានមិនក្រោមពាន់លានដុល្លារគ្រប់វគ្គ កំពុងត្រៀមចេញវគ្គទី៤ មានចំណងជើងថា “Jurassic World Rebirth” ជាវគ្គបន្តពីភាពយន្ត “Jurassic World Dominion” ដែលចេញកាលពីឆ្នាំ២០២២។
វគ្គថ្មីនេះនឹងបង្ហាញពីហេតុការណ៍កើតឡើងក្នុងរយៈពេល ៥ ឆ្នាំបន្ទាប់ពីវគ្គមុន ប៉ុន្តែសាច់រឿងនឹងមិនពាក់ព័ន្ធនឹងវគ្គមុនៗនោះឡើយ ខណៈតួសម្ដែងគឺសុទ្ធតែតួថ្មីទាំងអស់។
តួឯកសំខាន់ចំនួន ៣ រូបក្នុងវគ្គនេះរួមមាន តារាស្រីពីស៊េរីភាពយន្ត “Avengers” Scarlett Johansson (ស្កាឡេត ចូហាន់សុន) និងតារាប្រុសពីររូបទៀតគឺ Jonathan Bailey (ចូណាថាន បេលី) និង Mahershala Ali (ម៉ាហ៊ើស្ហាឡា អាលី) ដោយអ្នកទាំង ៣ ត្រូវចុះបំពេញបេសកកម្មសម្ងាត់ដើម្បីស្វែងរកហ្សែនពីដាយណូស័រធំបំផុតទាំងបីរបស់ពិភពលោក ដែលមានសារធាតុអាចជួយសង្គ្រោះជីវិតមនុស្សបាន ក្នុងទីដាច់ស្រយាល ។
នៅតាមផ្លូវពួកគេបានជួបនឹងគ្រួសារមួយដែលកំពុងធ្វើដំណើរផ្សងព្រេងលើទូក ប៉ុន្តែក្រោយមកទូករបស់ពួកគេក៏ត្រូវបានពួកដាយណូស័រក្នុងទឹកវាយប្រហារ ធ្វើឱ្យពួកគេត្រូវជាប់គាំងនៅលើកោះដាច់ស្រយាលនោះទាំងអស់គ្នា។
សាច់រឿងសម្រាប់ភាពយន្តថ្មីនេះគឺជាស្នាដៃនិពន្ធរបស់លោក David Koepp (ដេវីដ ខូប) ដែលជាអ្នកនិពន្ធភាពយន្ត “Jurassic Park” កាលពីឆ្នាំ១៩៩៣ និងភាពយន្ត “The Lost World: Jurassic Park” កាលពីឆ្នាំ១៩៩៧ ដូចគ្នា។
សម្រាប់ទីតាំងថត ឈុតភាគច្រើនក្នុងរឿងនេះត្រូវបានថតក្នុងប្រទេសថៃ ក្នុងខេត្ត Krabi (ក្រាក់ប៊ី) និងខេត្ត Phang Nga (ផាំងង៉ា)។“Jurassic World Rebirth” នឹងចាប់ផ្ដើមបញ្ចាំងតាមរោងភាពយន្តនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ៕
ប្រែសម្រួល៖ វ៉ាន់ថន