ថ្ងៃអង្គារ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥
តារារ៉េបអាមេរិក Kanye West ត្រូវបានគេរាយការណ៍ថាបានបាត់បង់កិច្ចសន្យាតម្លៃ ២០លានដុល្លារ បន្ទាប់ពីមានរឿងចម្រូងចម្រាសពាក់ព័ន្ធឈុតសិចស៊ីជ្រុលរបស់ភរិយាលោកពេលចូលរួមក្នុងកម្មវិធី Grammys កាលពីពេលថ្មីៗកន្លងទៅ។
ការបង្ហាញខ្លួនរបស់ Kanye West (ខេនយ៉េ វ៉េស) ជាមួយភរិយារបស់ខ្លួនគឺអ្នកច្នៃម៉ូដ Bianca Censori (ប៊ីយ៉ង់កា សេន ស រី) ក្នុងពិធីប្រគល់ពានរង្វាន់ Grammy កាលពីថ្ងៃទី២ ខែកុម្ភៈបានទទួលការរិះគន់ខ្លាំង ខណៈភរិយារបស់តារារ៉េបវ័យ ៤៧ ឆ្នាំរូបនេះបានស្លៀកឈុតដែលបង្ហាញរាងកាយស្ទើរននោលគោកលើកម្រាលព្រំកម្មវិធី។
បន្ទាប់ពីហេតុការណ៍នោះ Kanye West ត្រូវបានគេរាយការណ៍ថាបានបាត់បង់កិច្ចសន្យាសម្ដែងដែលមានតម្លៃ ២០ លានដុល្លារក្នុងប្រទេសជប៉ុន។ ប្រភពផ្ទៃក្នុងមួយបានប្រាប់កាសែតអង់គ្លេស Daily Mail ថាដើមឡើយ Kanye West គ្រោងនឹងធ្វើការសម្តែងចំនួនពីរនៅពហុកីឡដ្ឋាន Tokyo Dome ក្នុងខែឧសភា ប៉ុន្តែការបង្ហាញខ្លួនចុងក្រោយរបស់លោកជាមួយប្រពន្ធបានជំរុញឲ្យអ្នករៀបចំព្រឹត្តិការណ៍នៅក្នុងប្រទេសជប៉ុនមានការផ្លាស់ប្តូរចិត្ត។
ប្រភពព័ត៌មានបានបន្ថែមថា ប្រទេសជប៉ុនកំពុងជំរុញវប្បធម៌អំពីសិទ្ធិស្ត្រី ហើយចលនាប្រឆាំងនឹងទង្វើបៀតបៀនផ្លូវភេទនៅប្រទេសនេះពិតជាខ្លាំងក្លាណាស់។ ការដែលតារាចម្រៀងរូបនេះបញ្ជាឱ្យភរិយាដោះអាវនៅចំពោះមុខកាមេរ៉ាសារព័ត៌មានត្រូវបានគេមើលឃើញថាជាទង្វើបង្ខិតបង្ខំដែលប្រជាជនជប៉ុនមិនអាចទទួលយកបានទាំងស្រុង។
គួររំឭកថា Kanye West បានរៀបការជាមួយ Bianca Censori តាំងពីឆ្នាំ ២០២២។ មួយឆ្នាំចុងក្រោយលោកនឹងភរិយាបានចំណាយពេលភាគច្រើនក្នុងប្រទេសជប៉ុន ហើយលោកមិននឹកស្មានថាអ្នករៀបចំការប្រគំតន្ត្រីនឹងដកការគាំទ្រពីខ្លួននោះឡើយ ៕
ប្រែសម្រួល៖ វ៉ាន់ថន