ថ្ងៃអង្គារ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥

រឿងភាគ Netflix ថ្មីរបស់ IU និង Park Bo Gum ចាយទុនច្រើនជាង ៤០ លានដុល្លារ

០៥ កុម្ភៈ ២០២៥ | កម្សាន្ដ

 

រឿងភាគថ្មីសម្ដែងដោយកំពូលតារាកូរ៉េខាងត្បូងពីររូបគឺ IU និង Park Bo Gum ដែលត្រៀមចាក់ផ្សាយលើ Netflix ត្រូវបានគេទម្លាយថាចំណាយដើមទុនអស់ច្រើនជាង ៤១ លានដុល្លារ។

 

 

ផ្អែកតាមការផ្សាយរបស់សារព័ត៌មាន allkpop នៅថ្ងៃទី៥ ខែកុម្ភៈនេះបង្ហាញថាភាពយន្តភាគថ្មី 'When Life Gives You Tangerines' បានចំណាយដើមទុនផលិតខ្ពស់រហូតដល់ ៦០ ពាន់លានវ៉ុន ឬជាង ៤១ លានដុល្លារអាមេរិក ធ្វើឱ្យរឿងនេះកាន់តែក្លាយជាទីចាប់អារម្មណ៍ខ្លាំងក្នុងចំណោម K-drama fans ។

 

 

រឿងភាគថ្មីនេះមានសាច់រឿងនិយាយពី Oh Ae Soon (សម្តែងដោយ IU) ជាក្មេងស្រីតស៊ូ និងពោរពេញដោយសមត្ថភាព ជាមួយ Yang Gwan Sik (សម្តែងដោយ Park Bo Gum) ជាក្មេងប្រុសឧស្សាហ៍ព្យាយាម និងឆ្លាតវៃ ប៉ុន្តែឆោតល្ងង់ក្នុងរឿងស្នេហា ដោយអ្នកទាំងពីរធំឡើងនៅក្នុងភូមិមាត់សមុទ្រតូចមួយនៅលើកោះ Jeju។

 

 

សាច់រឿងនឹងបង្ហាញ​ពី​ជីវិត និង​ការ​រីកចម្រើន​របស់​តួអង្គឆ្លងកាត់​រយៈ​ពេល​បួន​រដូវកាល។ជារឿងភាគដំបូងដែលសម្ដែងដោយកំពូលតារាពីររូបប្រចាំប្រទេសកូរ៉េខាងត្បូង និងចំណាយដើមទុនខ្ពស់ទៀតនោះធ្វើឱ្យរឿងនេះត្រូវបានគេរង់ចាំទស្សនាច្រើនខ្លាំងសម្រាប់ដើមឆ្នាំ២០២៥។

 

 

មិនត្រឹមតែមាន IU និង Park Bo Gum ជាតួឯក ប៉ុន្តែភាពយន្តភាគ 'When Life Gives You Tangerines' ក៏មានការចូលរួមសម្ដែងពី​តារា​កូរ៉េ​ល្បីៗជាច្រើនទៀត​ដូច​ជា Na Moon Hee, Oh Jung Se និង Jo Jae Yun ជាដើម ខណៈអ្នកនិពន្ធនិងដឹកនាំក៏សុទ្ធតែជាអ្នកល្បីៗដូចគ្នា ដោយរឿងនេះនិពន្ធដោយអ្នកនិពន្ធស្រី Im Sang Chun ដែលធ្លាប់និពន្ធរឿងភាគល្បីៗដូចជា 'When the Camellia Blooms' និង 'Fight for My Way' និងដឹកនាំដោយលោក Kim Won Seok (គីម វ៉ុន សក) ដែលធ្លាប់ដឹកនាំរឿង 'Misaeng' 'Signal' និង 'My Mister'។មានសរុប ១៦ ភាគ 'When Life Gives You Tangerines' នឹងត្រូវចាក់ផ្សាយចំនួន ៤ ភាគក្នុងមួយសប្តាហ៍ ចាប់ពីថ្ងៃទី ៧ ខែមីនាខាងមុខនេះនៅលើ Netflix ៕

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025