ថ្ងៃសុក្រ ទី០៤ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០៤ ខែកក្កដា ឆ្នាំ២០២៥
អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា ការនាំចេញស្រូវអង្ករ ពេញ១ឆ្នាំ ២០២៤ មានការកើនឡើងប្រមាណ ១០% កើន (១លានតោនស្រូវ) បើធៀបទៅនឹង ៣ឆ្នាំមុន។ប្រទេសកម្ពុជា ជាប្រទេសដែលមានខឿនសេដ្ឋកិច្ច ពឹងផ្អែកមួយភាគធំលើវិស័យកសិកម្ម និងមានប្រជាពលរដ្ឋភាគច្រើនលើសលុបរស់នៅទីជនបទ និងប្រកបរបរកសិកម្មសម្រាប់ចិញ្ចឹមជីវិត កម្ពុជា មានសក្តានុពល ដែលអាចផលិតអង្ករសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកបានគ្រប់គ្រាន់ និងមានអតិរេករហូតឈានដល់ការនាំចេញ។
លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់ក្រុមការងារ សេដ្ឋកិច្ចភីអិនអិន ឲ្យបានដឹងថា ពេញ១ឆ្នាំ២០២៤ កម្ពុជា រកចំណូលបានជិត ៥០០លានដុល្លារ ពីការនាំចេញអង្ករជិត ៦៥ម៉ឺនតោន ស្មើរនឹងជាង ២លានតោនស្រូវ មានន័យថា ១៦លានតោនស្រូវត្រូវបានផ្គត់ផ្គង់ចូលទីផ្សារក្នុងស្រុក និងប្រមាណ ៧លានតោនជាង ត្រូវបាននាំចេញទាំងស្រូវ និងអង្ករ ក្នុងនោះ ទីផ្សារធំក្នុងការនាំចេញអង្កររបស់កម្ពុជា មានដូចជា ទីផ្សារនៅក្នុងសហគមន៍អឺរ៉ុបទាំង ២៦ ឥណ្ឌូនេស៊ី ហ្វីលីពិន និងទីម័រខាងកើត។
មន្ត្រីជាន់ខ្ពស់រូបនេះ បានលើកឡើងថា គិតមកដល់បច្ចុប្បន្នអង្ករកម្ពុជា ទទួលបានពានរង្វាន់ជាអង្ករល្អដាច់គេលើពិភពលោកក្នុងឆ្នាំ ២០២៤ ហើយរដ្ឋាភិបាលកម្ពុជា បានកំពុងគិតគូរក្នុងការពង្រឹង និងរៀបចំបន្សុទ្ធពូជស្រូវអង្ករ បន្ថែមទៀត ដើម្បីលើកកម្ពស់វិស័យស្រូវអង្ករកាន់តែមានសក្តានុពល ក៏ដូចជាការពង្រីកទីផ្សារនាំចេញ ខណៈនេះ គឺជាលើកទី ៦ហើយ ដែលអង្ករខ្មែរទទួលបានពានរង្វាន់ ជាអង្ករល្អដាច់គេលើពិភពលោក ដោយសារផ្អែកទៅលើក្លិន រសជាតិ ភាពទន់ និងសោភ័ណភាព នៃការកិនកែច្នៃស្រូវចេញទៅជាអង្ករ ក្នុងរយៈពេល ៤ទៅ១០ឆ្នាំចុងក្រោយនេះ អង្ករកម្ពុជា បានកសាងកេរ្តិ៍ឈ្មោះគ្រប់ទីកន្លែង ហើយក៏កំពុងរីកចម្រើន ក្នុងការនាំចេញទៅលក់លើទីផ្សារអន្តរជាតិ។
បើតាមការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់រូបនេះ បានគូសបញ្ជាក់ថា ផែនការនាំចេញអង្កររបស់កម្ពុជា នៅឆ្នាំនេះអាចសម្រេចបាន ឬមិនបាន វាអាស្រ័យលើសភាពការណ៍ពិភពលោក ជាក់ស្ដែង បញ្ហាជម្លោះនៅតំបន់មជ្ឈិមបូព៌ា ជាពិសេសភាពតានតឹងនៅសមុទ្រក្រហម បានធ្វើឱ្យការដឹកជញ្ជូនអង្កររបស់កម្ពុជា ទៅកាន់ប្រទេសនៅតំបន់អឺរ៉ុប ដែលធ្លាប់ប្រើរយៈពេលជាង ២០ថ្ងៃ បានអូសបន្លាយពេលរហូតដល់ជាង ៥០ថ្ងៃ ដែលនេះអាចជាបញ្ហាប្រឈមមួយសម្រាប់ការនាំចេញរបស់កម្ពុជា បន្ថែមពីលើលនេះ គោលនយោបាយសំខាន់ៗរបស់រដ្ឋាភិបាលកម្ពុជា សំដៅជំរុញផលិតកម្មស្រូវអង្កររបស់កម្ពុជា ដើម្បីបង្កើនភាពប្រកួតប្រជែង ក៏ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងភ័ស្តុភារកម្ម ដើម្បីសម្រួលដល់ការដឹកជញ្ជូន និងកាត់បន្ថយការចំណាយ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកដំណាំស្រូវ គឺជាដំណាំយុទ្ធសាស្ត្រយូរអង្វែងរបស់កម្ពុជា ក្នុងនោះ វិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា រាជរដ្ឋាភិបាលនៅតែផ្ដល់អាទិភាពលើដំណាំស្រូវ និងបានដាក់ចេញនូវគោលនយោបាយចាំបាច់ ជាបន្តបន្ទាប់ ដើម្បីគាំទ្រដំណាំស្រូវ និងធានាបាននូវភាពប្រកួតប្រជែងរបស់វិស័យស្រូវអង្ករកម្ពុជា តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ការសម្រួលការដឹកជញ្ជូន និងការកាត់បន្ថយថ្លៃដើមផលិតកម្ម ក៏ដូចជា ជំរុញភាពម្ចាស់ការលើខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា ចង់ឱ្យមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ទុនបម្រុងសម្រាប់ខាងរោងម៉ាស៊ីនទិញស្រូវស្តុកទុក ពេលប្រមូលផល និងការរៀបចំមធ្យោបាយចំណាយផ្សេងៗ ដូចជា ថាមពលអគ្គិសនី ការដឹកជញ្ជូន កំពង់ផែ ឱ្យកាន់តែប្រសើរឡើង នឹងអាចធានាបាននូវនិរន្តភាពនៃការផលិត និងអាចប្រកួតប្រជែងជាមួយប្រទេសផ្សេងទៀតដែលផលិតស្រូវដូចកម្ពុជាផងដែរ។
ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB ) បានលើកឡើង នៅក្នុងសន្និសិទ្ធសារព័ត៌មាន ស្តីពីស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង ថា រាជរដ្ឋាភិបាលតាមរយៈធនាគារ ARDB បានទម្លាក់ថវិកា ៥លើករួចមកហើយ ដើម្បីអភិវឌ្ឍន៍វិស័យស្រូវអង្ករ និងរក្សាស្ថេរភាពថ្លៃ ដែលមានទំហំទឹកប្រាក់ប្រមាណជាង ២០០លានដុល្លារ ខណៈនៅថ្ងៃទី១៥ មករា ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលបានសម្រេចទម្លាក់ថវិកាប្រមាណ ៣០លានដុល្លារបន្ថែមទៀត ក្រៅពីនោះ គឺជាទុនសម្រាប់បង្វិលទិញស្រូវ និងកែច្នៃអង្ករលក់ ដើម្បីជួយដល់ការរក្សាលំនឹងថ្លៃស្រូវរបស់កសិករនាពេលនេះ។
សូមជម្រាបថា ក្រៅពីជំរុញការនាំចេញអង្ករទៅក្រៅប្រទេស រាជរដ្ឋាភិបាលកម្ពុជា តែងតែងលើកទឹកចិត្តដល់អ្នកវិនិយោគនៅបណ្តាប្រទេសនានា ដូចជា ឥណ្ឌូនេស៊ី ហ្វីលីពីន ទីម័រឡេស្តេ ជាដើម មកវិនិយោគទុននៅកម្ពុជា ក្នុងផលិតកម្មស្រូវ តាមរយៈបង្កើតម៉ាស៊ីនកិនកែច្នៃអង្ករ ស្របតាមស្តង់ដារសម្រាប់ធ្វើការនាំចេញទៅទីផ្សារអន្តរជាតិ៕
អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ+អ៊ិន អាត