ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥
តារាសម្ដែងល្បីអាមេរិក Cameron Diaz និង Jamie Foxx បានបង្ហាញមុខរួមគ្នាក្នុងកម្មវិធីសម្ពោធភាពយន្តថ្មីរបស់ពួកគេលើ Netflix មានចំណងជើងថា 'Back in Action'។
បន្ទាប់ពីអវត្តមានយូរឆ្នាំពីវិស័យភាពយន្ត កំពូលតារាសម្តែងស្រីអាមេរិក Cameron Diaz (ខេមើរ៉ុន ដៀស) ក៏បានវិលត្រលប់មកវិញលើកម្រាលព្រំក្រហមនៅទីក្រុងប៊ែកឡាំង កាលពីថ្ងៃទី១៥ ខែមករា ដើម្បីសម្ពោធខ្សែភាពយន្ត 'Back in Action' ដែលជាភាពយន្តដំបូងរបស់ខ្លួនក្នុងរយៈពេល ១១ឆ្នាំ។
ក្នុងភាពយន្តបែបកំប្លែងនិងបាញ់ប្រហារនេះដែរ Cameron Diaz ត្រូវចាប់ដៃគូជាមួយតារាប្រុស Jamie Foxx ដោយអ្នកទាំងពីរដើរតួជាភ្នាក់ងារស៊ើបអង្កេត CIA ដែលចូលនិវត្តន៍ដើម្បីចាប់ផ្តើមគ្រួសារ ប៉ុន្តែស្រាប់តែមានបញ្ហាកើតឡើងបង្ខំឱ្យពួកគេត្រូវវិលត្រលប់ទៅជីវិតដែលពោរពេញដោយគ្រោះថ្នាក់វិញម្ដងទៀត។
ថ្លែងប្រាប់សារព័ត៌មានរ៉យទ័រ ក្នុងថ្ងៃសម្ពោធបញ្ចាំងរឿងនេះ តារាសម្ដែង Cameron Diaz បានឱ្យដឹងថា ហេតុផលមួយដែលជំរុញឱ្យខ្លួនត្រលប់មកសម្ដែងវិញគឺដោយសារទំនាក់ទំនងជិតស្និទ្ធជាមួយតារាសម្ដែង Jamie Foxx។ អ្នកស្រីក៏បានកោតសរសើរតួឯកប្រុសរូបនេះចំពោះទេពកោសល្យមិនអាចប្រៀបផ្ទឹមបានរបស់លោក និងការសហការគ្នាប្រកបដោយវិជ្ជាជីវៈ។
បច្ចុប្បន្នមានវ័យ ៥២ឆ្នាំ តារាសម្ដែង Cameron Diaz ត្រូវបានគេស្គាល់ថាជានិមិត្តរូបក្នុងភាពយន្តបែបកំប្លែងនិងមនោសញ្ចេតនា ចាប់ពីអំឡុងទសវត្សរ៍ ១៩៩០ ដល់ទសវត្សរ៍ឆ្នាំ ២០០០។ នៅឆ្នាំ២០១៣ អ្នកស្រីបានក្លាយជាតារាសម្ដែងស្រីហូលីវូដមានតម្លៃខ្លួនខ្ពស់ជាងគេ ខណៈភាពយន្តទាំងអស់របស់អ្នកស្រីអាចរកចំណូលបានជាង ៣ ពាន់លានដុល្លារ។
សម្រាប់ភាពយន្តចុងក្រោយរបស់អ្នកស្រីរឿង 'Back in Action' ដែលដឹកនាំដោយលោក Seth Gordon (ស៊េត ហ្កដឹន) នឹងចាក់ផ្សាយនៅលើ Netflix ចាប់ពីថ្ងៃទី ១៧ ខែមករា ៕
ប្រែសម្រួល៖ វ៉ាន់ថន