ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥
ប្រទេស El Salvador (អែលសាល់វ៉ាឌ័រ) នៅថ្ងៃច័ន្ទ(៣កុម្ភៈ) បានផ្តល់ពន្ធនាគារក្នុងប្រទេសរបស់ខ្លួន ដាក់ក្រុមឧក្រិដ្ឋជនគ្រោះថ្នាក់ ពីគ្រប់ទីកន្លែងនៅក្នុងពិភពលោក ដែលនិរទេសចេញពីសហរដ្ឋអាមេរិក។ នេះបើតាមការឱ្យដឹងពីលោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិកនិយាយក្រោយកិច្ចពិភាក្សាយ៉ាងយូរជាមួយលោកNayib Bukeleប្រធានាធិបតីប្រទេសអាមេរិកកណ្តាលមួយនេះ។
«គ្រប់...ជនចំណាកស្រុកអាមេរិកខុសច្បាប់ ដែលជាឧក្រិដ្ឋជនគ្រោះថ្នាក់មិនថា ក្រុមMS-13 ក្រុមTren de Aragua ឬមិនថាជាក្រុមឧក្រិដ្ឋជនមួយណាក៏ដោយ , លោក(ប្រធានាធិបតីBukele) បានផ្តល់ពន្ធនាគារប្រទេសរបស់លោកដាក់ឧក្រិដ្ឋជនទាំងអស់នោះ ដូច្នេះ យើងអាចបញ្ជូនពួកគេទៅប្រទេសអែលសាល់វ៉ាឌ័រ ហើយដាក់ពួកគេក្នុងពន្ធនាគារប្រទេសអែលសាល់វ៉ាឌ័រ »។ លោករដ្ឋមន្ត្រីការបរទេសអាមេរិកRubio និយាយសំដៅទៅលើសមាជិកក្រុមឧក្រិដ្ឋជន។
រដ្ឋមន្ត្រីការបរទេសអាមេរិក បន្ថែមថា លោកBukele ក៏បានស្នើទទួលយកឧក្រិដ្ឋជនគ្រោះថ្នាក់ដែលជាជនជាតិអាមេរិក ឬអ្នករស់នៅស្របច្បាប់ផងដែរ។ ទោះជា មិនច្បាស់ឡើយ ថាតើ អាមេរិកនឹងទទួលយកសំណើរនេះឬយ៉ាងណា។
ប្រធានាធិបតី ប្រទេស El Salvador (អែលសាល់វ៉ាឌ័រ) បានចាប់ផ្តើមការបង្ក្រាបសន្តិសុខនៅក្នុងប្រទេសរបស់លោកចាប់ខ្លួនមនុស្សច្រើនជាង៨០,០០០នាក់ និងបានធ្វើឱ្យករណីមនុស្សឃាតនៅក្នុងប្រទេសធ្លាក់ចុះយ៉ាងខ្លាំង។
ប៉ុន្តែអង្គការសិទ្ធិមនុស្ស បានលើកឡើងថា ប្រជាជនស្លូតត្រង់ត្រូវចាប់ខ្លួននៅក្នុងគោលនយោបាយនេះរួមមាន មនុស្សជាច្រើនស្លាប់អំឡុងពេលឃុំខ្លួននៅប៉ុស្តិប៉ូលីស។
ប្រែសម្រួល៖ណាវ័ន្ត