ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥

អគ្គលេខាធិការអង្គការ ណាតូ អំពាវនាវឱ្យសមាជិកខ្លួនបង្កើនការចំណាយលើវិស័យការពារថែមទៀត

០៤ កុម្ភៈ ២០២៥ | ព័ត៌មានអន្តរជាតិ

 


លោក រូត បានបា្រប់នាយករដ្ឋមន្ត្រីអង់គ្លេសលោក គៀ ស្តាម័រ (Keir Starmer) ក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិកកាលពីថ្ងៃចន្ទថា នៅក្នុងពិភពលោកដែលកំពុងមានគ្រោះថ្នាក់កាន់តែខ្លាំងនេះ ការចំណាយ២%លើវិស័យការពាររបស់សមាជិកអង្គការណាតូនឹងមិនគ្រប់គ្រាន់ដើម្បីរក្សាសុវត្ថិភាពរបស់ពួកគេឡើយ ដូច្នេះហើយពួកគេត្រូវការវិនិយោគបន្ថែមទៀត។ លោក រូត បាននិយាយថា រដ្ឋសមាជិកណាតូចាំបាច់ត្រូវបង្កើនការចំណាយដល់៥%នៃផលិតផលក្នុងស្រុកសរុបរបស់ពួកគេទៅលើវិស័យការពារថែមទៀត និងមានសព្វាវុធកាន់តែទំនើបដើម្បីឆ្លើយតបនឹងការគំរាមកំហែងណាមួយចំពេលប្រទេសរុស្ស៊ីបានបង្កើនយុទ្ធនាការប្រកបដោយអស្ថិរភាពនៅក្នុងប្រទេសសម្ពន្ធមិត្តនេះ។

 

 

លោក រូត បាននិយាយថា ពួកគេបានរកឃើញកប៉ាល់ចារកម្មរបស់រុស្ស៊ីនៅក្នុងដែនទឹកអង់គ្លេស ហើយអង់គ្លេសបានបញ្ជាក់យ៉ាងច្បាស់ទៅកាន់ទីក្រុងមូស្គូថា ទង្វើអសីលបែបនេះគឺមិនអាចទទួលយកបាននោះទេ។ លោក ស្តាម័រ  បាននិយាយថា ចក្រភពអង់គ្លេសបានប្ដេជ្ញាចិត្តចំពោះ អង្គការ ណាតូ ខ្លាំងជាងពេលណាៗទាំងអស់ ហើយប្រទេសនេះក៏ត្រូវការអង្គការយោធាមួយនេះខ្លាំងជាងពេលណាៗទាំងអស់ផងដែរ។

 

 

ទោះយ៉ាងណាលោក រូត បានសង្កត់ធ្ងន់ថា មិនថាវិស័យការពាររបស់អឺរ៉ុប ឬអង្គការណាតូខ្លាំងប៉ុនណានោះទេ ប៉ុន្តែបើគ្មានការចូលរួមពីសហរដ្ឋអាម៉េរិកទេ អង្គការយោធានេះនឹងមិនអាចប្រព្រឹត្តទៅដោយរលូនបានឡើយ៕

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025