ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥

លោក ត្រាំ បានពន្យារពេលការយកពន្ធលើប្រទេសកាណាដា និងម៉ិកស៊ិកសម្រាប់រយៈពេលមួយខែ

០៤ កុម្ភៈ ២០២៥ | ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានផ្អាកការគំរាមយកពន្ធដ៏ច្រើនលើប្រទេសម៉ិកស៊ិក និងកាណាដាកាលពីថ្ងៃចន្ទដោយលោកបានយល់ព្រមផ្អាករយៈពេល៣០ថ្ងៃជាថ្នូរនឹងការធ្វើសម្បទានលើព្រំដែន និងការអនុវត្តឧក្រិដ្ឋកម្មជាមួយនឹងប្រទេសជិតខាងទាំងពីរនេះ។

 

 

ការពន្យារពេលយកពន្ធនេះបានធ្វើឡើងក្រោយពីលោក ត្រាំ បាននិយាយថា ប្រទេសម៉ិកស៊ិកបានយល់ព្រមកាលពីថ្ងៃចន្ទក្នុងការពង្រឹងព្រំដែនភាគខាងជើងរបស់ខ្លួនជាមួយនឹងសមាជិកឆ្មាំជាតិអាម៉េរិកចំនួន១ម៉ឺននាក់ដើម្បីទប់ស្កាត់រំហូរគ្រឿងញៀនខុសច្បាប់ចូលទៅក្នុងទឹកដីអាម៉េរិក ហើយប្រទេសម៉ិកស៊ិកក៏បានប្ដេជ្ញាចិត្តជាមួយនឹងអាម៉េរិកក្នុងការទប់ស្កាត់ការជួញដូរសព្វាវុធកម្រិតទំនើបៗទៅកាន់ប្រទេសម៉ិកស៊ិកផងដែរ។

 

 

ពាក់ព័ន្ធនឹងការអនុវត្តពន្ធលើប្រទេសចិនវិញ លោក ត្រាំ បាននិយាយថា លោកនឹងរក្សាទុកវាឱ្យនៅដដែល ខណៈដែលចិននឹងប្រឈមនឹងពន្ធគយ១០% ដែលនឹងចាប់ផ្តើមអនុវត្តជាផ្លូវការចាប់ពីម៉ោង១២ថ្ងៃនៅថ្ងៃអង្គារនេះហើយ។ អ្នកនាំពាក្យសេតវិមានបាននិយាយថា លោក ត្រាំ ទំនងជានឹងជួបពិភាក្សាជាមួយនឹងប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅចុងសប្តាហ៍នេះ។

 

 

លោក ត្រាំ បានព្រមានថា លោកអាចនឹងបង្កើនពន្ធគយលើប្រទេសចិនបន្ថែមទៀតដោយលោកនិយាយថា អាម៉េរិកសង្ឃឹមថា ប្រទេសចិននឹងបញ្ឈប់ការបញ្ជូនថ្នាំញៀនហ្វេនតានីលទៅកាន់សហរដ្ឋអាម៉េរិកបើមិនដូច្នេះទេពួកគេនឹងត្រូវប្រឈមនឹងពន្ធគយបន្ថែមទៀតជាមិនខានឡើយ៕

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025