ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥
រញ្ជួយដីកម្លាំងខ្លាំង៨,៨រ៉ិចទ័រ នៅជិតឆ្នេរKamchatka ដែលស្ថិតនៅភាគខាងកើតបំផុតរបស់ប្រទេសរុស្ស៊ី នៅថ្ងៃពុធ(៣០កក្កដា) នាំឱ្យមានការព្រមានពីរលកយក្សស៊ូណាមិ នៅកោះហាវ៉ៃ និងតំបន់ឆ្នេរភាគខាងលិចរបស់សហរដ្ឋអាមេរិកទាំងមូល រហូតទៅដល់តំបន់ដែនកោះរបស់ប្រទេសបារាំងFrench Polynesia និងប្រទេសស៊ីលី។
កម្លាំងរញ្ជួយដី បានបង្កការខូចខាតអាគារ និងរបួសមនុស្សជាច្រើននាក់នៅតំបន់ជនបទរបស់ប្រទេសរុស្ស៊ី, ស្របពេលដែលតំបន់មួយភាគធំរបស់ ប្រទេសជប៉ុនដែលធ្លាប់រងគ្រោះរញ្ជួយដីនិងស៊ូណាមិកម្លាំង៩រ៉ិចទ័រ នៅឆ្នាំ២០១១ ត្រូវជម្លៀស។
នៅត្រឹមពេលល្ងាច, ប្រទេសជប៉ុន, កោះហាវ៉ៃ និងប្រទេសរុស្ស៊ី បានបន្ថយកម្រិតព្រមានពីរលកយក្សស៊ូណាមិ ប៉ុន្តែអាជ្ញាធរ នៅកោះFrench Polynesia បានព្រមាន ប្រជាជនរស់នៅតំបន់ជនបទជាច្រើនរបស់ដែនកោះ Marquesas ឱ្យទៅកាន់តំបន់ទីទួលខ្ពស់ ហើយប្រាប់ថា រលកមានកំពស់ដល់ទៅ២,៥ម៉ែត្រ។
នៅកោះហាវ៉ៃ រលកមានកំពស់ដល់ទៅ១,៧ម៉ែត្រ ខណៈនៅជប៉ុនរលកធំបំផុតមានកំពស់ដល់ទៅ១,៣ម៉ែត្រ។
ជើងហោះហើរ ចេញពីអាកាសយានដ្ឋាននៅទីក្រុងHonolulu កោះហាវ៉ៃ បានចាប់ផ្តើមឡើងវិញ នៅពេលល្ងាច។
នៅរដ្ឋកាលីហ្វញ៉ា នៃសហរដ្ឋអាមេរិក រលកមានកំពស់ជិតកន្លះម៉ែត្រ ហើយរលកតូចៗ បានទៅដល់ប្រទេសកាណាដា។
តំបន់Kamchatka និងតំបន់ភាគខាងកើតបំផុតរបស់ប្រទេសរុស្ស៊ី ស្ថិតនៅក្នុងភូមិសាស្ត្រ ដែលងាយរងគ្រោះរញ្ជួយដី និងភ្នំភ្លើង។
ប្រែសម្រួល៖ណាវ័ន្ត