ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥
លោក ប្រធានាធិបតីអាមេរិក Donald Trump នៅថ្ងៃច័ន្ទ(៣កុម្ភៈ) បាននិយាយថា លោក ចង់ឱ្យប្រទេសអ៊ុយក្រែនផ្គត់ផ្គង់រ៉ែដីកម្ររបស់ខ្លួន ឱ្យទៅសហរដ្ឋអាមេរិក ហើយថា លោក មិនរីករាយនិងស្ថានភាពក្នុងព្រែកជីកប៉ាណាម៉ា។
លោកTrumpបានចាត់ទុករ៉ែដីកម្ររបស់ប្រទេសអ៊ុយក្រែនជាសំណងសម្រាប់ការផ្តល់ហិរញ្ញវត្ថុពីសំណាក់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននៅក្នុងសង្គ្រាមអ៊ុយក្រែនប្រឆាំងរុស្ស៊ី។ លោកTrump និយាយថា អ៊ុយក្រែន មានឆន្ទះនិងសង្កត់ធ្ងន់ថា អ៊ុយក្រែន ចង់បានជំនួយជិត៣០០ពាន់លានដុល្លារអាមេរិក។
ប្រធានាធិបតីអាមេរិករូបនេះ ក៏បានលើកឡើងពីស្ថានភាពជាមួយប្រទេសប៉ាណាម៉ា ផងដែរថា ប្រទេសប៉ាណាម៉ាបានឯកភាពជាមួយសហរដ្ឋអាមេរិកលើកិច្ចការមួយចំនួន ក្រោយលោកគំរាមកំហែងច្រើនឡើងទៅលើការយកព្រែកជីកប៉ាណាម៉ាដែលជាផ្លូវទឹកពាណិជ្ជកម្មដ៏សំខាន់មកគ្រប់គ្រងវិញ ដោយសារកង្វល់ជុំវិញឥទ្ធិពលរបស់ប្រទេសចិន។
លោក Trump បានលើកឡើងថា លោកគ្រោងនឹងនិយាយថជាមួយមន្ត្រីប្រទេសប៉ាណាម៉ានៅថ្ងៃសុក្រ(៧កុម្ភៈ)។
បន្ថែមលើនេះ លោក Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ ដែលបញ្ជាឱ្យបង្កើតមូលនិធិវិនិយោគរបស់រដ្ឋនៅត្រឹមឆ្នាំក្រោយ ដែលអាចទិញក្រុមហ៊ុនTikTokបាន។ ទោះជាលោកTrumpបានផ្តល់ដំណឹងលម្អិតមួយចំនួនក៏ដោយ ក៏ប៉ុន្តែនៅតែមិនច្បាស់ថាតើមូលនិធិនឹងត្រូវចាត់ចែងយ៉ាងណា។
លោកប្រធានាធិបតីអាមេរិក Donald Trump ក៏បាននិយាយពីលោកមហសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk ថា លោកMusk ធ្វើតែកិច្ចការណាដែលទទួលបានការអនុម័ត្តពីរដ្ឋាភិបាលអាមេរិកតែប៉ុណ្ណោះ។ ប្រធានាធិបតីអាមេរិកបន្ថែមថា លោក Musk មិនទទួលបានការអនុញាតិនៅចាត់ចែងកិច្ចការនៅក្នុងវិស័យមានផលប្រយោជន៍ពាក់ព័ន្ធ។
លោកMusk ទទួលយកការបញ្ជាពីប្រធានាធិបតីអាមេរិក លោក Trump កែសម្រួលបន្ថយមុខងារ ការទទួលខុសត្រូវរបស់រដ្ឋាភិបាលអាមេរិក។
ប្រែសម្រួល៖ណាវ័ន្ត