ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA របស់កូរ៉េខាងជើងបាននិយាយថា ប្រទេសកូរ៉េខាងជើងនៅថ្ងៃចន្ទនេះបានរិះគន់រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក ម៉ាកូ រូប៊ីអូ ចំពោះការហៅប្រទេសនេះថាជា «រដ្ឋទុច្ចរិត» នៅក្នុងបទសម្ភាសតាមប្រព័ន្ធផ្សព្វផ្សាយមួយ។ កូរ៉េខាងជើងបាននិយាយថា ពាក្យសម្ដីរបស់លោក រូប៊ីអូ នេះមិនបានផ្ដល់ជាប្រយោជន៍ដល់សហរដ្ឋអាម៉េរិកនោះទេ។
ក្រសួងការបរទេសកូរ៉េខាងជើងបាននិយាយថា ប្រទេសនេះនឹងឆ្លើយតបវិញយ៉ាងខ្លាំងក្លាចំពោះការបង្កហេតុរបស់សហរដ្ឋអាម៉េរិកនេះ។ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបាននិយាយថា នេះគឺជាការរិះគន់លើកដំបូងរបស់កូរ៉េខាងជើងចំពោះរដ្ឋបាលលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិកចាប់តាំងពីលោក ត្រាំ បានត្រឡប់ទៅគ្រប់គ្រងសេតវិមានវិញកាលពីថ្ងៃទី២០ ខែមករា។
ប្រព័ន្ធផ្សព្វផ្សាយ KCNA រាយការណ៍ថា ក្រសួងការបរទេសកូរ៉េខាងជើងក៏បានថ្កោលទោសផែនការខែលការពារកាំជ្រួចមីស៊ីលថ្មីរបស់សហរដ្ឋអាម៉េរិកផងដែរដោយក្រសួងនេះបាននិយាយថា វាចាំបាច់សម្រាប់កូរ៉េខាងជើងក្នុងការពង្រឹងអំណាចយោធារបស់ខ្លួន។ លោក ត្រាំ កាលពីសប្តាហ៍មុនបានចុះហត្ថលេខាលើបទបញ្ជាមួយដែលបានកំណត់ដំណើរការមួយដើម្បីបង្កើតកម្មវិធី «អាម៉េរីខេនអៃរ៉ុនដូម (American Iron Dome)» ជាខែលការពារមីស៊ីលជំនាន់ថ្មីមួយរបស់អាម៉េរិក ដែលមានមុខងារប្រឆាំងនឹងមីស៊ីលផ្លោង មីស៊ីលលឿនជាងសំឡេង មីស៊ីលបញ្ជា និងទម្រង់នៃការវាយប្រហារពីលើអាកាសផ្សេងទៀតផងដែរ៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន