ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥
សិល្បករល្បីៗជាច្រើនបានបង្ហាញការគាំទ្រចំពោះសហគមន៍អ្នកស្រលាញ់ភេទដូចគ្នាឬ LGBTQ+ នៅក្នុងវេទិការពានរង្វាន់តន្ត្រីដ៏ធំប្រចាំឆ្នាំ Grammy Awards 2025។
ពិធីប្រគល់រង្វាន់ដ៏មានកិត្យានុភាពបំផុតក្នុងវិស័យតន្ត្រីគឺ Grammy Awards 2025 បានប្រារព្ធឡើងយ៉ាងអធិកអធម កាលពីពេលថ្មីៗនៅ ទីក្រុង Los Angeles។ក្រៅពីជាវេទិកាដែលសិល្បករលំដាប់ពិភពលោកជួបជុំគ្នាដើម្បីទទួលពានរង្វាន់ហើយ ចំណុចគួរឱ្យចាប់អារម្មណ៍មួយទៀតនៅក្នុងព្រឹត្តិការណ៍នេះគឺសុន្ទរកថានៅលើឆាក និងការផ្ដល់សម្ភាសរបស់សិល្បករជាច្រើនបានបង្ហាញការគាំទ្រចំពោះសហគមន៍អ្នកស្រលាញ់ភេទដូចគ្នាឬ LGBTQ+។
ជាក់ស្ដែងអ្នកដំបូងគេគឺ Lady Gaga។ បន្ទាប់ពីបានឈ្នះពានរង្វាន់ Best Pop Duo សម្រាប់បទ Die With A Smile, Lady Gaga និង Bruno Mars បានអរគុណគ្នាទៅវិញទៅមក ប៉ុន្តែមុនពេលចុះពីឆាក Lady Gaga បាននិយាយថា៖ “មនុស្សកែភេទមិនមែនមនុស្សដែលត្រូវមើលរំលងទេ តែមនុស្សទាំងនេះសមនឹងទទួលបានការស្រឡាញ់ មនុស្សទាំងនេះសមនឹងទទួលបានការទទួលស្គាល់ ហើយតន្ត្រីគឺជាសេចក្តីស្រឡាញ់” ដែលធ្វើឲ្យមហាជន និងអ្នកសិល្បៈក្នុងពិធីនោះក្រោកឈរអបអរជាខ្លាំង។
សិល្បករម្នាក់ទៀតគឺតារាចម្រៀងម្ចាស់បទ “Girl on fire” Alicia Keys (អាលីស្យៀ ឃី) ដែលបន្ទាប់ពីទទួលយកពានរង្វាន់ Global Impact Award នាងបានអរគុណអ្នកដែលជំរុញចិត្តនាងក្នុងការបង្កើតតន្ត្រី ព្រមទាំងបានសម្ដែងការគាំទ្រចំពោះភេទទី៣ សិទ្ធិស្មើភាព និងការមិនរើសអើងដោយនិយាយថា៖ “នេះមិនមែនជាពេលដែលត្រូវបំបិទមាត់របស់មនុស្សគ្រប់គ្នានោះទេ យើងត្រូវការមនុស្សភេទខុសៗគ្នា មកពីកន្លែងខុសៗគ្នា ធ្វើការងារខុសៗគ្នា ភាពចម្រុះគឺជាអំណោយ មិនមែនជាការគំរាមកំហែងនោះទេ”។
សំឡេងសំខាន់មួយទៀតគឺពីតារាចម្រៀងម្ចាស់ពានសិល្បករថ្មី Chappell Roan (ឆាផេល រ៉ូន) ដែលបានផ្តល់បទសម្ភាសន៍ដល់ប្រព័ន្ធផ្សព្វផ្សាយបន្ទាប់ពីដើរលើកម្រាលព្រំ Grammy ឆ្នាំ ២០២៥ ដោយនាងបានបង្ហាញពីគំនិតលើភាពចម្រុះភេទ និងនិន្នាការបច្ចុប្បន្ននៅក្នុងសង្គមដោយនិយាយថា ស្ថានភាពពេលនេះពិតជាអាក្រក់ខ្លាំង ប៉ុន្តែមិនថាមានរឿងអ្វីកើតឡើង អ្នកកែភេទគឺនៅតែមានវត្តមានជារៀងរហូត គ្មានអ្នកណាអាចដណ្ដើមក្ដីសុខពីពួកគេនោះទេ ហើយនាងមកដល់ចំណុចនេះក៏ដោយសារការគាំទ្រពីពួកគេដែរ ៕
ប្រែសម្រួល៖ វ៉ាន់ថន