ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥

ប្រទេសឈីលីរៀបចំពិធីដង្ហែរូបអាយ៉ងកម្ពស់៧ម៉ែត្រតំណាងឲ្យកុមារជនភៀសខ្លួនពីប្រទេសដទៃ

០៣ កុម្ភៈ ២០២៥ | កម្សាន្ដ

ប្រទេសឈីលីរៀបចំពិធីសម្ដែងបែបប្រពៃណីជូនទស្សនិកជនទស្សនកម្សាន្តដោយមានបង្ហាញរូបអាយ៉ងកម្ពស់៧ម៉ែត្រជាតំណាងឲ្យកុមារាឈ្មោះម៉ូ (Mo) ពាក់អាវរងាពណ៌ក្រហម។

 


កាលពីថ្ងៃទី១៥ ខែមករា គេឃើញថារូបអាយ៉ងដ៏ធំ១បានធ្វើដំណើរនៅលើដងវិថីនៃទីក្រុងសាន់ធីអាហ្គោ (Santiago) ដើម្បីឲ្យមហាជនបានដឹងថាតើឆាកជីវិតរស់នៅជាជនភៀសខ្លួនអណ្ដែតត្រសែតនៅលើទឹកដីប្រទេសដទៃវាពិបាកយ៉ាងណា?

 

 

រូបអាយ៉ងកម្ពស់៧ម៉ែត្រនេះជារបស់ក្រុមហ៊ុនសម្ដែងសិល្បៈឈ្មោះឡោមមើស.ដឺប៊ូ (l’Homme Debout) ហើយរូបនេះនឹងយកទៅចូលរួមនៅក្នុងមហោស្រពសិល្បៈដែលមានឈ្មោះថា «មហោស្រពសម្រាប់ទស្សនិកជនមួយពាន់នាក់»។

 

 

រូបអាយ៉ងឈ្មោះម៉ូតំណាងឲ្យកុមារាម្នាក់ដែលបានរត់ភៀសខ្លួនដោយសារសង្គ្រាម និងចាប់ផ្ដើមធ្វើដំណើរត្រាច់ចរ លើកខ្សែបូពណ៌ក្រហមនៅពេលគាត់ធ្វើដំណើរទៅដល់ទីកន្លែងណាមួយ។ ពិធីសម្ដែងទស្សនីយភាពនេះឆ្លុះបញ្ចាំងឲ្យឃើញនូវការចាកចោលលំនៅដ្ឋានទាំងបង្ខំចិត្ត អមដោយសេចក្ដីសង្ឃឹមសម្រាប់ជីវិតថ្មី។

 

 

រូបអាយ៉ងនេះចាប់ផ្ដើមធ្វើដំណើរកាលពីថ្ងៃពុធចេញពីឃុំឈ្មោះម៉ៃភូ (Maipu) ហើយនឹងបន្តធ្វើដំណើរនៅក្នុងឃុំចំនួនបីទៀតនៃទីក្រុងសាន់ធីអាហ្គោ (Santiago) រហូតដល់ថ្ងៃទី២៥ ខែមករា។

 

 

ពិធីនេះរៀបចំឡើងជូនប្រិយមិត្តទស្សនាកម្សាន្តដោយឥតគិតថ្លៃ។ ប្រិយមិត្តខ្លះប្រាប់ថាការបង្ហាញទស្សនីយភាពនេះដើម្បីជាសារដាស់តឿនពួកយើងនូវសេចក្ដីសង្ឃឹម, ការយកចិត្តទុកដាក់ចំពោះកុមារដែលរត់ភៀសខ្លួនទៅប្រទេសដទៃ និងដែលកំពុងរស់នៅជួបការលំបាក៕

 

 

ប្រែសម្រួល៖ អន សំអាង
 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025