ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥
នៅពេលបុណ្យចូលឆ្នាំចិនកាន់តែខិតចូលមកដល់ ជនជាតិចិនចាប់ផ្ដើមសម្រុកធ្វើដំណើរទៅលេងស្រុកកំណើត។ បើគេក្រឡេកទៅមើលព្រំដែនឡាវ និងចិន អាជ្ញាធរបានរៀបចំពិធីពិសេសមួយដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំចិននៅលើរថភ្លើងតែម្ដង។
រថភ្លើងម៉ាកឌី៨៧ (D87) បានធ្វើដំណើរទៅដល់ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីថ្ងៃអង្គារដើម្បីជាការចាប់ផ្ដើមពិធីអបអរសាទរទំនាក់ទំនងវប្បធម៌ចិន និងឡាវតាមរថភ្លើង។
នេះជាការធ្វើដំណើរតាមរថភ្លើងដំបូងបំផុតឆ្លងកាត់ព្រំដែនប្រទេសទាំង២នៅអំឡុងពេលចូលឆ្នាំចិន។ គ្រាន់តែទៅដល់ប្រទេសឡាវភ្លាម ភ្ញៀវចិនត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅ។ រថភ្លើង១ខ្សែនេះបានចាកចេញដំណើរពីទីក្រុងគុនមីង (Kunming) ខេត្តយុនណានឆ្លងចូលទៅប្រទេសឡាវ។ នៅគុនមីង គេបានរៀបចំពិធីដ៏អ៊ិកអធិក អមដោយពិធីជប់លៀង។
នៅក្នុងពិធីនោះ គេឃើញតារាចម្រៀងល្បីៗរបស់ចិន និងឡាវឡើងសម្ដែងនៅលើទូរថភ្លើងចំនួនជាង៥០ឈុត។ បទចម្រៀង និងរបាំប្រពៃណីនៃអ្នកស្រុកស៊ីសួងបាណា (Xishuangbanna) ខេត្តយុនណានច្រៀង និងសម្ដែងរួមគ្នាយ៉ាងស៊ីសង្វាក់ជាមួយរបាំប្រពៃណីរបស់ឡាវ។
អ្នកដំណើរអាចទស្សនាកម្សាន្តកម្មវិធីសម្ដែងទាំងនេះ ហើយនឹកឃើញទៅដល់ប្រវត្តិរឿងរ៉ាវចាស់ៗនៃទំនាក់ទំនងរវាងប្រទេសចិន និងឡាវ។ នៅលើរថភ្លើង គេឃើញអ្នកដំណើរមានឱកាសពិសាទឹកតែភូអឺ (Pu’er) និងកាហ្វេពីខេត្តយុនណាន។ ពួកគេក៏រីករាយជាមួយនឹងការតុបតែងរំយោលផ្កាដែលគេចងនៅតាមបង្អួចរថភ្លើងផងដែរ។ បែបនេះបង្កើតបានជាបរិយាកាសនៃពិធីបុណ្យចូលឆ្នាំចិនពិតៗ៕
ប្រែសម្រួល៖ អន សំអាង