ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥

អាជ្ញាធរ បញ្ជាក់ថា ការបាក់ច្រាំងទន្លេ នៅជ្រោយចង្វារ បណ្តាលមកពីកត្តាធម្មជាតិសុទ្ធសាធ

០៥ កុម្ភៈ ២០២៥ | ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌជ្រោយចង្វារ បានប្រកាសថា ថ្មីៗនេះ មានករណីបាក់ស្រុតច្រាំងតន្លេមេគង្គ ចំនួន ៣ទីតាំង។ ក្នុងនោះ ២ទីតាំង ស្ថិតក្នុងសង្កាត់ព្រែកលៀប និង១ទីតាំងទៀត ស្ថិតក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

 

 

មូលហេតុពិតនៃការបាក់ច្រាំងនេះ ត្រូវបានរដ្ឋបាលខណ្ឌជ្រោយចង្វារ បញ្ជាក់ថា បណ្តាលមកពីកត្តាធម្មជាតិសុទ្ធសាធ មិនមានពាក់ព័ន្ធនឹងការបូមខ្សាច់នោះទេ ព្រោះថា រយៈពេលជាង ១០ឆ្នាំនេះ ក្រសួងរ៉ែ និងថាមពល មិនដែលអនុញ្ញាតផ្តល់អាជ្ញាប័ណ្ណបូមខ្សាច់ នៅក្នុងភូមិសាស្ត្រខណ្ឌជ្រោយចង្វារឡើយ។

 


ក្នុងលិខិតដដែល រដ្ឋបាលខណ្ឌជ្រោយចង្វារ ក៏បានសម្តែងនូវការសោកស្តាយ និងខកចិត្តយ៉ាងខ្លាំង ចំពោះវិទ្យុអាស៊ីសេរី ដែលបានផ្សាយប្រឌិតថា ការបាក់ស្រុតច្រាំងទន្លេនេះ បណ្តាលមកពីការបូមខ្សាច់។ ការនិយាយខុសពីការពិត ដោយគ្មានមូលដ្ឋានច្បាស់លាស់នេះ ធ្វើឱ្យសាធារណជន យល់ច្រឡំ ដែលទង្វើនេះ ប្រាសចាកពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ច ក្នុងការបំពេញនូវតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់។

 


ចំណែកអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក៏បានប្រកាសថា កាលពីព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យទីតាំងបាក់ច្រាំងទន្លេ ស្ថិតក្នុងភូមិសាស្ត្រ ចំនួន ៣ រួមមាន៖ ទី១ ចំណុចផ្សារក្រមួន ក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ទី២ ខាងមុខវត្តបាក់ខែង និងទី៣ ខាងមុខអនុវិទ្យាល័យចំបក់មាស ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

 


តាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃដដែលនេះ ទូរស័ព្ទរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ត្រូវបានហៅចូល ដែលអ្នកហៅចូល បានបញ្ជាក់ថា ជាវិទ្យុអាស៊ីសេរី។

 

 

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ មិនបានឆ្លើយឆ្លងជាមួយអ្នកហៅទូរសព្ទចូលនោះទេ ព្រោះអាស៊ីសេរី មិនបានចុះបញ្ជី ជាអង្គភាពសារព័ត៌មាននៅកម្ពុជាឡើយ ហើយវិទ្យុមួយនេះ តែងតែផ្សព្វផ្សាយល្មើសនឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងបង្កាច់បង្ខូចខុសពីការពិត។សូមរម្លឹកថា កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ប្រជាពលរដ្ឋ ដែលរស់នៅជាប់កន្លែងបាក់ច្រាំងទន្លេ នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានរើជញ្ជូនឥវ៉ាន់ ចេញពីផ្ទះរបស់ខ្លួន ដើម្បីការពារសុវត្ថិភាព បន្ទាប់ពីមានករណីបាក់ច្រាំងប្រមាណ ៣០ម៉ែត្រ នៅចំណុចផ្សារក្រមួន។

 

 

ទីតាំង ដែលបាក់ស្រុតច្រាំងទន្លេនេះ គឺជាបន្ទប់ជួល ដែលធ្លាប់បាក់ម្តងរួចហើយ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥។ រហូតដល់ថ្ងៃទី១ ខែកុម្ភៈ បន្ទប់ជួល ដែលនៅសេសសល់នេះ ក៏បានបន្តបាក់ ចូលទន្លេម្តងទៀត។ ប្រជាពលរដ្ឋ ដែលរស់នៅកន្លែងបាក់ស្រុតច្រាំងទន្លេ បានឱ្យដឹងថា ក្នុងពេលពិនិត្យកន្លែងបាក់ច្រាំងទន្លេ កាលពីថ្ងៃទី២ ខែកុម្ភៈ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យមន្ត្រីជំនាញរុះរើសំណង់ ដែលខូចខាត និងចាក់ដីលុប ដើម្បីទប់ស្កាត់ការបាក់ច្រាំងទាំងនោះ៕
 

 

 

 

អត្ថបទ៖ លី ម៉េងហួរ    រូបភាព៖ ហ៊ុន សុជាតា

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025