ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥

ក្រសួងអប់រំ សម្រេចបន្តរៀបចំការប្រឡងសិស្សពូកែទូទាំងប្រទេស សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ឡើងវិញ

០៤ កុម្ភៈ ២០២៥ | ព័ត៌មានជាតិ

 


រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ហង់ជួន ណារ៉ុន បានចុះហត្ថលេខា លើសេចក្តីជូនដំណឹង ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ដោយប្រកាស សម្រេចរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ឡើងវិញ។

 


ក្នុងលិខិត ឯកឧត្តមរដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានលើកឡើងថា ក្រសួងនឹងបន្តអនុវត្តការប្រឡងទូទាំងប្រទេស សម្រាប់សិស្សពូកែ ក្នុងឆ្នាំសិក្សាខាងមុខ  តាមទម្រង់ដដែល ដែលបានបង្កើតឡើង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ ក្នុងន័យនេះ ដើម្បីធានាបាននូវភាពច្បាស់លាស់ និងការរៀបចំប្រកបដោយប្រសិទ្ធភាព ក្រសួងអប់រំ យុវជន និងកីឡា ក៏នឹងចេញសេចក្តីណែនាំបច្ចេកទេស សម្រាប់ការប្រឡងផងដែរ ក្នុងគោលបំណង ជួយដល់គ្រប់ភាគីពាក់ព័ន្ធ ក្នុងវិស័យអប់រំ។

 


ចំពោះការសម្រេចឲ្យមានការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសឡើងវិញ ពេលនេះ ត្រូវបានអ្នកនាំពាក្យក្រសួងអប់រំ លោកជំទាវ ឃួន វិច្ឆិកា បញ្ជាក់ថា ធ្វើឡើង បន្ទាប់ពីមានសំណូមពរជាច្រើនពីលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ទើបក្រសួងអប់រំយុវជន និងកីឡា រៀបចំឱ្យមានការប្រឡងនេះ នៅឆ្នាំ២០២៤-២០២៥ បន្តទៅទៀត។

 

 

ដោយឡែក ទាក់ទងនឹងកាលបរិច្ឆេទនៃការប្រឡង និងដំណើរការនៃការប្រឡង ជាដើម ក្រសួងអប់រំយុវជន និងកីឡា នឹងរៀបចំជាឯកសារណែនាំបច្ចេកទេសមួយ ដើម្បីជូនដំណឹងទៅដល់ប្អូនសិស្សានុសិស្ស ក៏ដូចជាលោកគ្រូអ្នកគ្រូ នាពេលអនាគត។

 


សូមរម្លឹកថា កាលពីសប្តាហ៍មុន ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសផ្អាកការប្រឡងជ្រើសរើសសិស្សពូកែថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ដោយយោងតាមភាពចាំបាច់របស់ក្រសួង។

 

 

ឧត្តមរដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានលើកទឹកចិត្តឱ្យមន្ទីរអប់រំយុវជន និងកីឡារាជធានីខេត្ត ម្ចាស់ការក្នុងការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែ ប្រចាំរាជធានីខេត្ត លើមុខវិជ្ជា អក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ទៅតាមពេលវេលាសមស្របណាមួយ តាមមុខវិជ្ជា តាមកម្រិតថ្នាក់ និងផ្តល់រង្វាន់ដល់ជ័យលាភីសិស្សពូកែ ប្រចាំរាជធានីខេត្ត ទៅតាមលទ្ធភាព និងស្ថានភាពជាក់ស្តែង នៃរាជធានី ខេត្តនីមួយៗ៕ 


 

 

 

អត្ថបទ និងរូបភាព៖ PNN      

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025