ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២៥

កម្ពុជា ដាក់ឲ្យដំណើរការប្រព័ន្ធជីថល សម្រាប់លក់ និងត្រួតពិនិត្យសំបុត្រ ចូលទស្សនាតំបន់អង្គរ 

៣១ មករា ២០២៥ | ព័ត៌មានជាតិ


នៅថ្ងៃទី៣០ ខែមករានេះ រាជរដ្ឋាភិបាល បានប្រកាសដាក់ឲ្យអនុវត្តនូវថ្នាលឌីជីថល សម្រាប់ការលក់ និងការគ្រប់គ្រងការលក់សំបុត្រ ចូលទស្សនារមណីយដ្ឋានអង្គរ និងរមណីយដ្ឋានទេសចរណ៍ពាក់ព័ន្ធផ្សេងទៀត ក្រោមសមត្ថកិច្ចរបស់គ្រឹះស្ថានអង្គរ។ ថ្នាលឌីជីថលនេះ អនុញ្ញាតឲ្យគ្រឹះស្ថានអង្គរ អាចកែសម្រួលនីតិវិធីនៃការត្រួតពិនិត្យសំបុត្រ ដោយប្រើឧបករណ៍ទំនើបមកជំនួសវិញ និងលុបបំបាត់ទីតាំងត្រួតពិនិត្យសំបុត្រ ដែលជាន់គ្នា ដើម្បីសម្រួល និងកាត់បន្ថយផលរំខានដល់ភ្ញៀវទេសចរអន្តរជាតិ។

 


ពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវប្រព័ន្ធលក់សំបុត្រ និងការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ឬអាចនិយាយបានម្យ៉ាងទៀតថា ជាការដាក់ឲ្យអនុវត្តនូវថ្នាលឌីជីថល សម្រាប់ការលក់ និង ការគ្រប់គ្រងការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ និង រមណីយដ្ឋានទេសចរណ៍ពាក់ព័ន្ធផ្សេងទៀតក្រោមសមត្ថកិច្ចរបស់គ្រឹះស្ថានអង្គរ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចនាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥។ 

 


ថ្លែងនៅក្នុងពិធីប្រកាសនេះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានបញ្ជាក់ថា ការដាក់ឱ្យអនុវត្តនូវ ថ្នាលឌីជីថលនេះ គឺជាសមិទ្ធផលថ្មីមួយទៀត របស់រាជរដ្ឋាភិបាល ក្នុងកិច្ចប្រឹងប្រែងធ្វើឱ្យប្រសើរឡើង នូវការផ្តល់សេវាជូនដល់អ្នកទេសចរអន្តរជាតិ, ការជំរុញការទាក់ទាញទេសចរអន្តរជាតិ និង ការលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ ។

 


ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានបន្តថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យទេសចរណ៍ជាមាសបៃតង និង ជាសសរស្តម្ភមួយដ៏សំខាន់ ដែលជួយដល់ការជំរុញកំណើនសេដ្ឋកិច្ច, បង្កើតឱកាសការងារ និង លើកស្ទួយវប្បធម៌ជាតិ ។ ទេសចរណ៍ ជាវិស័យមួយដែលមានការរីកចម្រើនយ៉ាងរហ័ស តាមរយៈការចាប់យកនូវបច្ចេកវិទ្យាថ្មី ជាពិសេស បច្ចេកវិទ្យាឌីជីថល ដែលរួមចំណែកយ៉ាងសំខាន់ ក្នុងការគ្រប់គ្រង និង ការស្តារឡើងវិញនៃឧស្សាហកម្មទេសចរណ៍ ។ 

 


ជាមួយគ្នានេះ ឯកឧត្តមសន្តិបណ្ឌិត ក៏បានជំរុញឲ្យគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងផ្នែករដ្ឋ និងឯកជន ត្រូវរួមគ្នាការពារកិត្តិនាមរបស់កម្ពុជា តាមសមត្ថកិច្ច វិស័យជំនាញ និងវិជ្ជាជីវៈរៀងៗខ្លួនដើម្បីធានាបាននិរន្តរភាព និងភាពទាក់ទាញនៃវិស័យទេសចរណ៍ ក៏ដូចជាបរិយាកាសធុរកិច្ច និងវិនិយោគទាំងមូលរបស់កម្ពុជា។ ជាពិសេសត្រូវបង្កើននវានុវត្តន៍ ភាពច្នៃប្រឌិត និងខិតខំប្រើប្រាស់បច្ចេកវិទ្យាក្នុងការផ្តល់សេវាសាធារណៈ និងសេវាពីវិស័យឯកជន ដើម្បីផ្តល់ភាពងាយស្រួលទំនុកចិត្ត និងតម្លាភាពដល់ភ្ញៀវទេសចរ និងសាធារណជន។

 


គួរបញ្ជាក់ថា កាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ២០១៦ រាជរដ្ឋាភិបាល បានបង្កើតគ្រឹះស្ថានអង្គរ ដែលជាគ្រឹះស្ថានសាធារណៈរដ្ឋបាល សម្រាប់ធ្វើការគ្រប់គ្រងការប្រមូល និង ការបង់ចំណូលពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដោយមានក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាអាណាព្យាបាលហិរញ្ញវត្ថុ និង ក្រសួងទេសចរណ៍ ជាអាណាព្យាបាលបច្ចេកទេស ។

 


ផ្អែកតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ក្នុងឆ្នាំ២០២៤, សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានលក់ជូនភ្ញៀវទេសចរអន្តរជាតិចំនួនប្រមាណ១លាននាក់, មានកំណើន ២៨,៣%, ធៀបនឹងឆ្នាំ២០២៣។ ក្នុងនោះទទួលបានចំណូលសរុប ចំនួនប្រមាណ ៤៨ លានដុល្លារអាម៉េរិក។ ការលក់សំបុត្រនៅប្រាសាទកោះកែរ បានចំណូលចំនួនជាង៣០ម៉ឺនដុល្លារអាម៉េរិក និងចំណូលពីការលក់សំបុត្រទូក ចូលទស្សនាតំបន់បឹងទន្លេសាបនៅចុងឃ្លៀស បានទទួលចំណូលសរុបជាង១លាន ដុល្លារអាម៉េរិក។ ជារួមសម្រាប់ឆ្នាំ ២០២៤, គ្រឹះស្ថានអង្គរប្រមូលចំណូលសរុបបាន ចំនួនជិត ៥០លានដុល្លារអាម៉េរិក ដែលក្នុងនោះចំណូលឧបត្ថម្ភមូលនិធិគន្ធបុប្ផាកម្ពុជា មានចំនួនប្រមាណ ២លានដុល្លារអាម៉េរិក៕

 

 

អត្ថបទ៖ សន រដ្ឋា ,រូបភាព៖ ក្រុមការងារនាយករដ្ឋមន្ត្រី 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025