ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២៥
កាលពីថ្ងៃទី២៧ ខែមករា រដ្ឋមន្ត្រីក្រសួងអប់រំ បានប្រកាសប្រាប់មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត អំពីផ្អាកការប្រឡងសិស្សពូកែថ្នាក់ជាតិ ២០២៤-២០២៥។ ប៉ុន្តែក្រសួង បើកសិទ្ធិឱ្យរាជធានីខេត្ត រៀបចំប្រឡងដោយខ្លួនឯង។ មន្ត្រីនាំពាក្យក្រសួងអប់រំ បានលើកហេតុផលមួយចំនួនមកពន្យល់ គឺដោយសារតែក្រសួងអប់រំ កំពុងតែផ្តោតការយកចិត្តទុកដាក់ទៅលើការងារអាទិភាពមួយចំនួន ក្នុងការលើកកម្ពស់ និងគាំទ្រសាលារៀន ឱ្យក្លាយជាសាលាគំរូ។
ការសម្រេចផ្អាកការប្រឡងសិស្សពូកែថ្នាក់ជាតិក្នុងឆ្នាំសិក្សា ២០២៤-២០២៥ នេះ ដ្បិតក្រសួងអប់រំកំពុងតែផ្តោតការយកចិត្តទុកដាក់ទៅលើការងារអាទិភាពមួយចំនួន ក្នុងការលើកកម្ពស់ និងគាំទ្រសាលារៀនឱ្យក្លាយជាសាលាគំរូ សំដៅលើកកម្ពស់គុណភាពអប់រំ និងអនុវត្តជាបន្តបន្ទាប់នូវកម្មវិធីក្រៅម៉ោងសិក្សា ដើម្បីឱ្យសិស្សានុសិស្សមានវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា ស្របតាមតម្រូវការ នៃសតវត្សរ៍ទី២១។ នេះគឺជាការពន្យល់របស់លោកជំទាវ ឃួន វិច្ឆិកា មន្ត្រីនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ពាក់ព័ន្ធទៅការផ្អាកការប្រឡងសិស្សពូកែថ្នាក់ជាតិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ។
គួររំឭកជូនថា កាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៥ ម្សិលម្ងៃនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានជម្រាបជូនទៅប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ស្តីពីការផ្អាកការប្រឡងសិស្សពូកែថ្នាក់ជាតិ ដោយយោងតាមភាពចាំបាច់របស់ក្រសួង។
ទោះជាផ្អាកការប្រឡងសិស្សពូកែថ្នាក់ជាតិយ៉ាងនេះក៏ដោយ ក៏ឯកឧត្តមរដ្ឋមន្រ្តី ហង់ជួន ណារ៉ុន បានលើកទឹកចិត្តឱ្យ រាជធានី ខេត្ត ម្ចាស់ការក្នុងការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានី ខេត្ត លើមុខវិជ្ជា អក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ទៅតាមពេលវេលាសមស្របណាមួយ តាមមុខវិជ្ជា តាមកម្រិតថ្នាក់ និង ផ្តល់រង្វាន់ដល់ជ័យលាភីសិស្សពូកែប្រចាំរាជធានី ខេត្ត ទៅតាមលទ្ធភាព និងស្ថានភាពជាក់ស្តែង នៃរាជធានី ខេត្តនីមួយៗ។
តាមរយៈការជូនដំណឹងស្ដីពីការផ្អាកការប្រឡងសិស្សពូកែថ្នាក់ជាតិនេះ បណ្ដាលឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនចេញប្រតិកម្ម និងស្នើឱ្យក្រសួងពន្យល់អំពីមូលហេតុឱ្យបានច្បាស់លាស់ជុំវិញការសម្រេចផ្អាកការប្រឡងសិស្សពូកែទូទាំងប្រទេសនេះ។
ទីទៃពីការបកស្រាយដូចខាងលើនោះទៅ លោកជំទាវ ឃួន វិច្ឆិកា ក៏បានពន្យល់បន្ថែមផងដែរអំពីមូលហេតុសំខាន់មួយទៀតនោះគឺក្រសួងអប់រំ មានបំណងជំរុញអនុវត្តភាពជាម្ចាស់ការរបស់រាជធានីខេត្ត ក៏ដូចជាផ្តល់ឱកាសឱ្យរាជធានីខេត្ត អាចរៀបចំការប្រកួតប្រជែងស្របតាមបរិបទ និងធនធានរបស់ខ្លួន ។
ម្យ៉ាងទៀតសោតលោកជំទាវ ឃួន វិច្ឆិកា ពន្យល់ថា កន្លងមក ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប ពុំមែនគ្រាន់តែជាការវាស់ស្ទង់សមត្ថភាពរបស់សិស្សប៉ុណ្ណោះទេ វាក៏បានក្លាយជាឱកាសសម្រាប់សិស្សទូទាំងប្រទេស បង្ហាញនូវសមត្ថភាព និងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីទទួលបាននិទ្ទេសនានា ជាពិសេសនិទ្ទេស A ព្រមទាំងមានការទទួលស្គាល់ពីគ្រប់មជ្ឈដ្ឋានរួចមកហើយ ហើយក៏ជាឱកាសសម្រាប់សិស្សទទួលបានការទទួលស្គាល់ និងឱកាសក្នុងការទទួលបានអាហារូបករណ៍នានារួចទៅហើយផងដែរ។
គួររំឭកជូនផងដែរថា កាលពីឆ្នាំទៅម៉ិញ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការប្រឡងសិស្សពូកែទូទាំងប្រទេសរយៈពេល ៥ ថ្ងៃ ចាប់ពីពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែឧសភា ដោយមានសិស្សានុសិស្សចូលរួមចំនួន ២៤០ នាក់ ហើយត្រូវបានជ្រើសរើសជាជ័យលាភីសរុប ៣០ នាក់ ដោយក្នុងនោះថ្នាក់ទី ៩ ចំនួន ១៥ នាក់ និងថ្នាក់ទី ១២ ចំនួន ១៥ នាក់៕
អត្ថបទ៖ ខឿន សាឃាង រូបភាព៖ ឯកសារ