ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥
តារាសម្ដែង Timothee Chalamet បានទាក់ទាញការចាប់អារម្មណ៍ជាថ្មីក្នុងពេលចូលរួមពិធីសម្ពោធភាពយន្តថ្មីរបស់ខ្លួននៅអង់គ្លេស ដោយបានជិះកង់មកជួបអ្នកគាំទ្រជាច្រើន។
តារាសម្តែងប្រុស Timothee Chalamet (ធីម៉ូធី ស្ហេលើម៉េ) បានផ្លាស់ប្តូរពីទម្លាប់ជិះរថយន្តទំនើបមកកាន់កម្រាលព្រំ មកជាការជិះកង់អគ្គិសនីវិញសម្រាប់ការបង្ហាញខ្លួនក្នុងពិធីសម្ពោធបញ្ចាំងភាពយន្តរឿង "A Complete Unknown" នៅទីក្រុងឡុងដ៍កាលពីថ្ងៃទី១៤ ខែមករា ។"A Complete Unknown" គឺជាភាពយន្តដែលរៀបរាប់ពីខ្សែជីវិតរបស់តារាចម្រៀង Bob Dylan (បប់ ឌីលេន) ដែលកើតឡើងនៅចន្លោះឆ្នាំ ១៩៦១ និង ១៩៦៥។
ភាពយន្តមនោសញ្ចេតនាមួយនេះមានការចូលរួមសម្ដែងដោយតារាកូនកាត់បារាំងអាមេរិក Timothee សម្ដែងជាតួតារាចម្រៀង Bob Dylan នៅពេលដែលតារារូបនេះបានផ្លាស់ទៅរស់នៅទីក្រុងញូវយ៉កក្នុងវ័យ ១៩ ឆ្នាំ ហើយបានរកឃើញភាពល្បីល្បាញនៅទីនោះ រហូតដល់ការសម្តែងដ៏ល្បីល្បាញនិងមានរឿងចម្រូងចម្រាសរបស់លោកក្នុងកម្មវិធី Newport Folk Festival ក្នុងឆ្នាំ១៩៦៥។
អ្នកដឹកនាំរឿងនេះគឺលោក James Mangold (ជេមស៍ មេនហ្គោល) បានឱ្យដឹងថា Timothee Chalamet គឺជាជម្រើសតែមួយគត់ដែលលោកចង់បានសម្រាប់មកសម្ដែងតួអង្គនេះ ដោយសារតែសមត្ថភាពសម្ដែងគ្មានដែនកំណត់ រូបរាងសម្រស់ទាក់ទាញបែបយុវវ័យប៉ុន្តែអ្វីដែលភ្ញាក់ផ្អើលសម្រាប់លោកគឺនៅពេលដែលដឹងថារូបគេក៏មានសមត្ថភាពច្រៀងបានល្អមិនគួរឱ្យជឿដែរ។
ភាពយន្តនេះមានការចូលរួមសម្ដែងដោយតារាល្បីផ្សេងទៀតរួមមានតារាស្រី Elle Fanning (អ៊េល ហ្វេននីង) ដែលដើរតួជាគូស្នេហ៍របស់ Bob Dylan, តារាសម្ដែង Edward Norton (អេតវើដ ន័រថុន) និងតារាសម្ដែង Monica Barbaro (ម៉ូនីកា បាបារ៉ូ) ជាដើម។បន្ទាប់ពីចេញបញ្ចាំងនៅអាមេរិក កាលពីថ្ងៃទី២៥ ខែធ្នូ ភាពយន្តនេះនឹងចេញសម្ដែងនៅប្រទេសផ្សេងៗចាប់ពីថ្ងៃទី១៧ ខែមករា ៕
ប្រែសម្រួល៖ វ៉ាន់ថន