ថ្ងៃអង្គារ៍ ទី១៤ ខែមករា ឆ្នាំ២០២៥

ស្នាដៃថ្មីទាំង១៨ផ្ទាំងដ៏ទាក់ទាញរបស់វិចិត្រករសហសម័យល្បីឈ្មោះ លាង ស៊ីកន បង្ហាញពីទិដ្ឋភាពចម្រុះ « ដីមាស » តាមរយៈពិព័រណ៌ទោលនៅសារមន្ទីរជាតិ ! 

១៣ មករា ២០២៥ | កម្សាន្ដ

 

នេះជាលើកដំបូងហើយដែលស្នាដៃវិចិត្រករសហសម័យ លាង ស៊ីកន ទាំង១៨ផ្ទាំងបង្ហាញពីទិដ្ឋភាពចម្រុះនៃដែនដីសុវណ្ណភួមិតាមរយៈការតាំងពិព័រណ៌ទោលដ៏ធំប្រចាំឆ្នាំនៅក្នុងសារមន្ទីរជាតិ សម្រាប់ភ្ញៀវជាតិនិងអន្តរជាតិចូលរួមទស្សនាទទួលបាននូវបទពិសោធថ្មី ។ 

 

 

ធ្លាប់បង្ហាញស្នាដៃធំៗទាំងក្នុងនិងក្រៅប្រទេសរាប់មិនអស់ នេះជាលើកដំបូងសម្រាប់វិចិត្រករសហសម័យ លាង ស៊ីកន បានយកស្នាដៃទាំង១៨ផ្ទាំងរបស់ខ្លួនដែលបានខំប្រឹងធ្វើទាំងយប់ទាំងថ្ងៃដាក់តាំងពិព័រណ៌ក្នុងសារមន្ទីរជាតិដើម្បីបង្ហាញភ្ញៀវជាតិនិងអន្តរជាតិចូលរួមទស្សនា ។ ស្នាដៃថ្មីនេះគឺបានបង្ហាញពីទិដ្ឋភាពចម្រុះនៃដែនដីសុវណ្ណភូមិដែលហៅថា « ដីមាស » ។ 

 

 

ពិព័រណ៌នេះបានបើកដំណើរការកាលពីថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២៥នៅសារមន្ទីរជាតិ ក្រោមវត្តមានភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងសិល្បករសិល្បការិនីជើងចាស់ជាច្រើនរូប បើតាមគម្រោងការដាក់តាំងពិព័រណ៌ស្នាដៃថ្មីរបស់លោក លាង ស៊ីកន មានរយៈពេល២ខែពេញ ។

 

 

 ជាមួយក្តីរំភើបនិងមោទនភាពវិចិត្រករសហសម័យ លាង ស៊ីកន បានបង្ហាញពីអត្ថន័យខ្លះៗនៃការកកើតនៃគំនូរទាំង១៨ផ្ទាំង ដែលលោកបានចំណាយពេលវេលាធ្វើនិងគូសអស់រយៈពេល៨ខែទំរាំរួចរាល់ជាស្ថាពរ ។ « ដីមាស » គឺចង់បង្ហាញពីភាពអស្ចារ្យ រំភើប ភ័យតក់ស្លុត ការស្រេកឃ្លាន ការឈឺចាប់ បាត់បង់ កកើត ជោគជ័យ សង្គ្រាម នៃផែនដី ។ 

 

 

បន្ទាប់ពីការតាំងបង្ហាញពិព័រណ៌ទោលរបស់ខ្លូនចប់ លោក លាង ស៊ីកន មិនមានគម្រោងយកគំនូរស្តីពី « ដីមាស » របស់ខ្លួនដាក់លក់ឬក្នុងរូបភាពណានោះទេ ពីព្រោះលោកចង់ដាក់តាំងបង្ហាញជាស្នាដៃនេះឱ្យកូនចៅបានយល់នឹងបានដឹងក្នុងនាមជាវិចិត្រករសហម័យ ។  

 

 

« ដីមាស » ដែលវិចិត្រករសហសម័យ លាង ស៊ីកន បានគូសនេះ គឺចង់បង្ហាញពីមាតុភូមិកំណើត មានស្នាមដាន និងព្រលឹងវីរបុព្វបុរស ក្នុងនោះក៏មានការបង្ហាញនូវ ភូមិស្រុក វាលស្រែ ចំការ ទន្លេ បឹង ភ្នំ ខ្ពង់រាប ព្រៃឈើ កោះ ដែនសមុទ្រ ទ្រព្យសម្បត្តិលើដី ក្រោមដី និងក្នុងទឹក អ្វីទាំងអស់នេះ ជាធាតុផ្សំនៃដីមាសរបស់ខ្មែរ និងបន្តគ្រប់ជំនាន់ផ្តល់ឱ្យជីវិតរស់នៅរបស់សភាវៈនានា។

 


គួររំលឹកផងដែរថា លោក លាង ស៊ីកន មានស្រុកកំណើតនៅខេត្ត ព្រៃវែង លោកបានបញ្ចប់ការសិក្សានៅឆ្នាំ ២០០២ ពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ រាជធានីភ្នំពេញ។ ក្នុងចំណោមសមាជិកសំខាន់ៗនៃវិស័យសិល្បៈសហសម័យ កម្ពុជា ដែលកំពុងរីកចម្រើន លោក លាង ស៊ីកន បានធំឡើងក្នុងអំឡុងការងើបឡើងនៃរបបខ្មែរក្រហមដ៏ឃោរឃៅនៅ ដើមទសវត្សរ៍ឆ្នាំ ១៩៧០ នៅពេលចាប់ផ្តើមនៃការទម្លាក់គ្រាប់បែករបស់អាមេរិក លើឥណ្ឌូចិន ។

 

 

 ការឈានជើងចូលក្នុងវិថីសិល្បៈរបស់លោកមានប្រវត្តិជូរចត់ខ្លាំង សូម្បីតែគំនូរដែលលោកបានគូនាពេលកន្លងមកកបានដាក់ដំណើរផ្ទាល់ខ្លួនចូលផងដែរ  ។ កន្លងមកលោកទទួលបានពានរង្វាន់ជាច្រើននៅក្រៅប្រទេស ជាក់ស្តែងជារៀងរាល់ឆ្នាំលោកតែងតែចូលរួមក្នុងការតាំងពិព័រណ៌ធំៗជាច្រើននៅប្រទេសធំៗ ៕ 

 

 

អត្ថបទ ៖ ម៉ា រីសា  រូបភាព ៖  ឃាង ទូច 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025