ថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥

IVE ត្រៀមត្រលប់មកឆាកតន្ត្រីវិញក្នុងខែកុម្ភៈ ក្រោយពន្យារពេលមួយរយៈ

១៣ មករា ២០២៥ | កម្សាន្ដ

 

ក្រុមចម្រៀងនារីខេប៉ុប IVE នឹងធ្វើការវិលត្រលប់មកឆាកតន្ត្រីវិញក្នុងខែកុម្ភៈ បន្ទាប់ពីត្រូវពន្យារពេលមួយរយៈដើម្បីកាន់ទុក្ខដល់អ្នកស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះ។

 


IVE (អាយហ្វ៍) ក្រុមចម្រៀងស្រីកំពុងពេញនិយមក្នុងចំណោមអ្នកគាំទ្រ K-pop វ័យក្មេងនឹងធ្វើការវិលត្រលប់មកឆាកតន្ត្រីវិញជាមួយអាល់ប៊ុម EP ទី៣ មានចំណងជើងថា "IVE EMPATHY" នៅថ្ងៃទី ៣ ខែកុម្ភៈ ខណៈបទចម្រៀង Pre release មួយបទចំណងជើងថា "REBEL HEART” នឹងត្រូវចេញមុនគេនៅថ្ងៃទី១៣ ខែមករានេះ។

 


ផ្អែកតាមការប្រកាសរបស់ផលិតកម្ម Starship Entertainment ការចេញផ្សាយអាល់ប៊ុមថ្មីនេះកើតឡើងរយៈពេល ៩ ខែបន្ទាប់ពីអាល់ប៊ុម EP ទីពីររបស់ពួកគេមានចំណងជើងថា "IVE SWITCH " បានចេញកាលពីខែមេសា ឆ្នាំ ២០២៤ ។

 


ដំបូងឡើយ បទចម្រៀង Pre release មានចំណងជើងថា "REBEL HEART” ត្រូវបានគ្រោងចេញនៅសប្ដាហ៍ទីមួយនៃខែមករា ប៉ុន្តែក៏ត្រូវបានពន្យារពេលដើម្បីកាន់ទុក្ខដល់អ្នកស្លាប់ចំនួន ១៧៩ នាក់ក្នុងហេតុការណ៍ធ្លាក់យន្តហោះ Jeju Air កាលពីថ្ងៃទី ២៩ ខែធ្នូ។

 


ក្នុងនាមជាក្រុម K-pop ឈានមុខក្នុងជំនាន់ទី ៤ IVE ជារឿយៗបានបង្ហាញឥទ្ធិពលរបស់ខ្លួនតាមរយៈការជាប់ចំណាត់ថ្នាក់កំពូលៗលើតារាងតន្ត្រីក្នុងស្រុក និងអន្តរជាតិ ក៏ដូចជានៅលើបណ្ដាញ YouTube, TikTok និងតាមរយៈការប្រគំតន្ត្រី និងមហោស្រពតន្ត្រីផ្សេងៗជាច្រើន។

 


នៅខែតុលា ឆ្នាំ ២០២៣ ការប្រគំតន្ត្រីទេសចរណ៍ពិភពលោកលើកដំបូងរបស់ IVE មានឈ្មោះថា "Show What I Have" បានរៀបចំការសម្ដែងចំនួន ៣៧ ឆាក នៅ ១៩ ប្រទេសទាំងអាស៊ី អាមេរិក និងអឺរ៉ុប ទាក់ទាញអ្នកចូលរួមទស្សនាជាង ៤២ ម៉ឺននាក់ ខណៈសំបុត្រចូលទស្សនានៅទីតាំងសំខាន់ៗដូចជានៅ KSPO Dome ក្នុងទីក្រុងសេអ៊ូល និង Tokyo Dome នៅប្រទេសជប៉ុន សុទ្ធតែលក់ដាច់អស់យ៉ាងរហ័ស។


លើសពីនេះ នៅក្នុងខែសីហា ឆ្នាំ ២០២៤ សមាជិកទាំង៦ របស់ IVE បានផ្តល់នូវការសម្តែងដ៏លេចធ្លោនៅក្នុងមហោស្រពតន្ត្រីល្បីៗពិភពលោកដូចជា Lollapalooza Chicago នៅសហរដ្ឋអាមេរិក និងមហោស្រពតន្ត្រីធំបំផុតរបស់ប្រទេសជប៉ុន Summer Sonic ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025